អន្តរជាតិ

កងកម្លាំងអ៊ីរ៉ង់បានបាញ់ផ្តាច់ជីវិតបុរសម្នាក់ ដែលបានធ្វើការអបអរភាពបរាជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ឺរ៉ង់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២

BY
Pheakdey
December 2, 2022

អ៊ីរ៉ង់៖ កងកម្លាំងរបស់អាជ្ញាធរអ៊ីរ៉ង់បានបាញ់សម្លាប់ពលរដ្ឋម្នាក់ ដែលបានចេញមកធ្វើការអបអរភាពបរាជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ដែលលេងចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ នៅក្នុងប្រទេសកាតា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Thaiger បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះថា Mehran Samak ភេទប្រុស អាយុ ២៧ឆ្នាំ ហើយរូបគាត់គឺជាពលរដ្ឋអ៊ីរ៉ង់ម្នាក់នៅក្នុងចំណោមពលរដ្ឋជាច្រើននាក់ផ្សេងទៀតដែលបាននាំគ្នាធ្វើសកម្មភាពអបអរសាទរខាងលើនេះ។

លោក Mehran Samak

ប្រភពខាងលើបានបន្តថា តាមការពិតករណីបាញ់សម្លាប់ពលរដ្ឋយ៉ាងអាណោចអាធ័មនេះមិនមែនព្រោះតែហេតុផលគាំទ្រឬមិនគាំទ្រកីឡាជាតិតែមួយមុខនោះទេ តែករណីនេះមានការជាប់ព័ន្ធទៅនឹងចលនាប្រឆាំងតវ៉ាជាមួយរដ្ឋាភិបាល ដែលជាវិបត្តិសង្គមធំមួយនិងបានអូសបន្លាយអស់រយៈពេលជាយូរមកហើយនៅក្នុងប្រទេសអ៊ីរ៉ង់។ គួរបញ្ជាក់ជូនថា ពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១៩ មកម្លេះ ដើម្បីទាមទារដំណោះស្រាយជុំវិញវិបត្តិប្រេងឥន្ទនៈ​ឡើងថ្លៃ បញ្ហាសង្គម និងនយោបាយមួយចំនួនផងដែរ។

គិតចាប់តាំងពីឆ្នាំ ២០១៩មកគឺមានពលរដ្ឋអ៊ឺរ៉ង់ប្រមាណជា ១ ៥០០នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងការតវ៉ា ហើយកំហឹងរបស់ពលរដ្ឋបានកើនឡើងកាន់តែខ្លាំងក្រោយពេលអាជ្ញាធរបានបាញ់សម្លាប់ស្រ្តីអាយុ ២២ឆ្នាំម្នាក់កាលពីអំឡុងខែសីហាកន្លងទៅ ខណៈបើគិតត្រឹមតែរយៈពេលថ្មីៗនេះគឺមានពលរដ្ឋអ៊ីរ៉ង់ចំនួន ៤៤៨នាក់ត្រូវបានរាយការណ៍ថាស្លាប់នៅក្នុងការតវ៉ា។ ចំពោះករណីស្លាប់របស់លោក Mehran Samak នៅពេលនេះក៏មិនខុសពីក្រុមបាតុករមុនដែរ ពោលគឺរូបគាត់ជាអ្នកប្រឆាំងនឹងរដ្ឋាភិបាល ហើយរូបគាត់បានឆ្លៀតយកឱកាសដែលក្រុមជម្រើសជាតិបាល់ទាត់លេងចាញ់ដើម្បីធ្វើជាប្រធានបទសម្រាប់ផ្ចាញ់ផ្ចាលនិងសម្តែងនូវគំនិតប្រឆាំងជាមួយរដ្ឋាភិបាល៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: