អន្តរជាតិ

WHO៖ គិតត្រឹមពេលនេះគឺ ៩០%នៃពលរដ្ឋសរុបជុំវិញពិភពលោកបានស៊ាំជាមួយនឹងកូវីដ-១៩ ខណៈមេរោគបានចម្លងទៅកាន់មនុស្សជិត ៦៥០លាននាក់ និងផ្តាច់យកជីវិតមនុស្សជាង ៦,៦លាននាក់

BY
Pheakdey
December 3, 2022

ស្វីស៖ អង្គការសុខភាពពិភពលោកនៅថ្ងៃសុក្រ ទី២ ​ខែវិច្ឆិកានេះបានធ្វើការព្យាករណ៍ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ៩០%ហើយ នៃចំនួនពលរដ្ឋសរុបនៅជុំវិញពិភពលោកបានស៊ាំទៅនឹងមេរោគនៃជំងឺកូវីដ-១៩។ បើតាមលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយក​អង្គការ​សុខភាព​ពិភពលោកបានពន្យល់ថា ភាពស៊ាំនេះបានកើតឡើងតាមរយៈហេតុផលសំខាន់ៗមួយចំនួនដូចជា ពលរដ្ឋបានទៅចាក់វ៉ាក់សាំងគ្រប់គ្រាន់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាល ខណៈពលរដ្ឋខ្លះទទួលបានភាពស៊ាំជាមួយមេរោគក្រោយពេលបានឆ្លងមេរោគ។

គ្គនាយក​អង្គការ​សុខភាព​ពិភពលោករូបនេះបានបន្តថា បើទោះជាពលរដ្ឋភាគច្រើននៅក្នុងសហគមន៍ទទួលបានភាពស៊ាំទៅនឹងមេរោគក៏ពិតមែន តែមិនមែនមានន័យថាពួកគេលែងឆ្លងមេរោគនៃជំងឺកូវីដ-១៩នោះទេ ពោលគឺពួកគេនៅតែអាចឆ្លងមេរោគបានដដែល។ យ៉ាងណាក្តី ភាពស៊ាំទៅនឹងមេរោគនឹងជួយការពារពួកគេមិនឲ្យមានអាការៈធ្ងន់ធ្ងរ ឬឈានដល់ស្លាប់បាត់បង់ជីវិតនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺកូវីដ-១៩បានចម្លងទៅកាន់មនុស្សជិត ៦៥០លាននាក់ និងបានសម្លាប់មនុស្សអស់ជាង ៦,៦លាននាក់នៅជុំវិញពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានតួលេខអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនជាងគេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: