អន្តរជាតិ

SpaceX, Netflix, Boeing និងក្រុមហ៊ុនធំៗជាង ៥០ផ្សេងទៀតនឹងចូលរួមបេសកកម្មធុរកិច្ចដ៏ធំមួយរបស់អាមេរិកនៅក្នុងប្រទេសវៀតណាមនៅសប្តាហ៍ក្រោយនេះ

BY
Pheakdey
March 17, 2023

វៀតណាម៖ ក្រុមហ៊ុន SpaceX, ក្រុមហ៊ុន Netflix ក្រុមហ៊ុន Boeing នឹងចូលរួមក្នុងបេសកកម្មធុរកិច្ចដ៏ធំមួយរបស់អាមេរិក ដែលនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសវៀតណាមនៅសប្តាហ៍ក្រោយនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា បេសកកម្មធុរកិច្ចខាងលើនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-Asean Business Council) ខណៈបេសកកម្មនេះត្រូវបានគេមើលឃើញថា​ គឺជាបេសកកម្មដ៏ធំបំផុតមិនធ្លាប់មាននោះទេនាពេលកន្លងមក។

ប្រភពខាងលើបានបន្តថា ក្រៅតែពីមានការចូលរួមពីសំណាក់ក្រុមហ៊ុនល្បីៗខាងលើនេះហើយក៏នៅមានក្រុមហ៊ុនធំៗលំដាប់ពិភពលោកជាង ៥០ផ្សេងទៀត ដែលនឹងត្រូវបង្ហាញវត្តមាននៅក្នុងបេសកកម្មដ៏កម្រនេះផងដែរ។ បើតាមលោក Vu Tu Thanh ដែលជាអ្នកតំណាងឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានប្រចាំនៅក្នុងប្រទេសវៀតណាមបានបញ្ជាក់ថា​ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺដើម្បីបង្កើតឱកាសឲ្យក្រុមហ៊ុនធំៗទាំងអស់នោះបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការវិនិយោគនិងពង្រីកការលក់របស់ពួកគេមកកាន់ទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ជូនថា ក្រោយពេលដែលអាមេរិកនិងចិនហាក់មានភាពតានតឹងជាមួយគ្នាកាន់តែខ្លាំងក្នុងរឿងនយោបាយនិងពាណិជ្ជកម្ម ហើយបូករួមជាមួយនឹងភាពមិនអំណោយផលក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រទេសចិនដែលបង្កឡើងដោយវិបត្តិនៃជំងឺកូវីដ-១៩ទៀតនោះ គេបានមើលឃើញថា  ក្រុមហ៊ុនធំៗជាច្រើនបានប្តូរទិញដៅអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមជាបន្តបន្ទាប់ តួយ៉ាងដូចជាក្រុមហ៊ុន Apple ជាដើមគឺបានសម្រេចបង្កើតរោងចក្រដំឡើងផលិតផលរបស់ខ្លួនយ៉ាងច្រើននៅលើទឹកដីវៀតណាមតាំងពីឆ្នាំមុនម្លេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: