អន្តរជាតិ

បុរសម្នាក់ត្រូវជនខិលខូចប្រើបច្ចេកវិទ្យា AI បន្លំធ្វើមិត្តភក្តិមកបោកយកប្រាក់ជាង ៦០ម៉ឺនដុល្លារ

BY
Pheakdey
May 25, 2023

ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានជនខិលខូចប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) មកបោកប្រាស់យកប្រាក់អស់ជាង ៦០ម៉ឺនដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភានេះ។ បុរសជាជនរងគ្រោះត្រូវបានគេរស្គាល់ថា មានឈ្មោះ Guo រស់នៅក្នុងទីក្រុង Fuzhou ភាគខាងត្បូងនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុលោក Guo បានទទួលការហៅទូរស័ព្ទជាវីដេអូពីមិត្តភក្តិស្និតស្នាលរបស់គាត់ម្នាក់ ដែលតេមកនិយាយរៀបរាប់ពីបញ្ហាបន្ទាប់ដែលរូបគាត់កំពុងជួបប្រទះ និងចាំបាច់ត្រូវការខ្ចីលុយពីលោក Guo ចំនួន ៤,៣ លានយន់ (៦០៨ ២១២​ដុល្លារ)។

ដោយបានមើលឃើញមុខមាត់ និងសំឡេងពិតជាមិត្តភក្តិស្និតស្នាលរបស់ខ្លួន លោក Guo ក៏បានផ្ញើលុយគ្រប់ចំនួនទៅកាន់ជនខិលខូច តែលោកបានកត់សម្គាល់រឿងចម្លែកមួយថា ក្នុងពេលសន្ទនានោះមិត្តភក្តិរបស់គាត់មិនបានប្រើប្រាស់ពាក្យមួយចំនួនដែលពួកគាត់តែងតែនិយាយដាក់គ្នានោះទេ។ ដោយមានមន្ទិលក្នុងចិត្ត លោក Guo ក៏បានហៅទូរស័ព្ទត្រលប់ទៅកាន់មិត្តភក្តិវិញទើបដឹកការពិតថា មិត្តភក្តិរបស់លោកមិនបានទទួលលុយ​នោះទេ ខណៈអ្នកទទួលបានលុយគឺជាជនខិលខូចដែលបានប្រើប្រាស់បច្ចេកវិទ្យា AI ប្តូរមុខមាត់ និងសំឡេងជាមិត្តភក្តិរបស់លោក Guo តែប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរចិនកំពុងបើកការស៊ើបអង្គេតចំពោះករណីថ្មីមួយនេះយ៉ាងយកចិត្តទុកដាក់ ហើយគេជឿថាជនខិលខូចនោះទំនងជាមនុស្សនៅក្បែរខ្លួនលោក Guo ទើបគេដឹងច្បាស់ថា លោក Guo មានលុយអាចខ្ចីបានច្រើនប៉ុណ្ណា និងដឹងច្បាស់ថាអ្នកណាជាមិត្តល្អរ​បស់គាត់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: