អន្តរជាតិ

ការសិក្សា៖ វៀតណាមប្រឈមនឹងការបាត់បង់ផលដំណាំជិត ៣ពាន់លានដុល្លារក្នុងមួយឆ្នាំដោយសារទឹកប្រៃបន្តហូរចូលក្នុងតំបន់ដីសណ្តមេគង្គកាន់តែច្រើន

BY
Pheakdey
March 17, 2024

វៀតណាម៖ ការសិក្សាមួយបានបង្ហាញថា ប្រទេសវៀតណាមប្រឈមនឹងការបាត់បង់ផលដំណាំដែលមានតម្លៃជាទឹកប្រាក់ចំនួន ៧០ទី្រលានដុង (ជាង ២,៨៣ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដោយសារតែទឹកប្រៃកាន់តែច្រើនបានហូរចូលទៅក្នុងផ្ទៃដីសម្រាប់បង្កបង្កើនផលកសិកម្មរបស់ប្រជាកសិករ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែមីនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រធនធានទឹក (Water Resources Science Institute) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវៀតណាម។

ប្រភពខាងលើបានបន្តថា តំបន់ដែលជាទីកន្លែងរងគ្រោះពីបញ្ហាធម្មជាតិខាងលើនេះគឺ តំបន់ដីសណ្តមេគង្គ (Mekong Delta Region) ឬ វៀតណាមតែងហៅតំបន់នេះថា “ចានបាយវៀតណាម” ដ្បិតតំបន់ដ៏មានសក្តានុពលមួយនេះ គឺជាប្រភពផ្តល់ចំណីអាហារនិងផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវៀតណាមរាប់លាននាក់។ នៅក្នុងការសិក្សាខាងលើនេះបានពន្យល់ថា តាមធម្មតាគឺនៅរដូវប្រាំងតែងតែមានទឹកប្រៃហូរចូលទៅក្នុងតំបន់ដីសណ្តមេគង្គរបស់វៀតណាម ហើយដោយសារបញ្ហាប្រែប្រួលអាកាសធាតុ ភាពរាំងស្ងួត និងការកើនឡើងនៃកម្រិតទឹកសមុទ្រគឺវានឹងជំរុញឱ្យមានទឹកប្រៃកាន់តែច្រើនឡើងៗបន្តហូរចូលទៅក្នុងតំបន់មួយនេះ ខណៈបរិមាណទឹកប្រៃដ៏ច្រើននេះនឹងធ្វើឱ្យប៉ះពាល់ដល់ដំណាំកសិកម្មជាច្រើនមុខយ៉ាងខ្លាំងបំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: