អន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងមួយគ្រាប់ស្វាគមន៍ប្រមុខការទូតអាមេរិកធ្វើដំណើរមកចូលរួមកិច្ចប្រជុំនៅកូរ៉េខាងត្បូង

BY
Pheakdey
March 18, 2024

កូរ៉េខាងជើង៖ ទីភ្នាក់ងារយោធារបស់ទីក្រុងសេអ៊ូលបានរាយការណ៍ថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១៨ ខែមីនានេះប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលចំនួន ១គ្រាប់ទៅកាន់តំបន់សមុទ្រភាគខាងកើត ខណៈតំបន់សមុទ្រមួយនេះជាទូទៅត្រូវបានគេហៅថា “តំបន់សមុទ្រជប៉ុន”។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់នៅព្រឹកនេះគឺជាប្រភេទមីស៊ីលផ្លោង (Ballistic Missile) ខណៈគេមិនបានដឹងច្បាស់អំពីអនុភាពរបស់វានៅពេលផ្ទុះឡើយ។

ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលលោក Antony Blinken រដ្ឋលេខាធិការនិងជាប្រមុខការទូតរបស់សហរដ្ឋអាមេរិកបានអញ្ជើញទៅដល់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយមានឈ្មោះថា​ “កិច្ចប្រជុំប្រជាធិបតេយ្យ” ខណៈដែលកិច្ចប្រជុំមួយនេះនឹងត្រូវរៀបចំឡើងក្នុងរយៈពេលជាច្រើនថ្ងៃនៅក្នុងសប្តាហ៍នេះ។ គួររម្លឹកជូនថា វាមិនមែនជារឿងចម្លែកឡើយដែលកូរ៉េខាងជើងតែងបង្ហាញការមិនសប្បាយចិត្តចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនិងកូរ៉េខាងត្បូង ហើយជាទូទៅកូរ៉េខាងជើងបានបង្ហាញអារម្មណ៍មិនពេញនោះតាមរយៈការបាញ់មីស៊ីលដើម្បីទុកជាការគំរាម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: