អន្តរជាតិ

ថៃចាប់ផ្តើមប្រើប្រាស់ AI សម្រាប់ជួយក្រុមពលរដ្ឋមានវិបត្តិផ្លូវចិត្ត

BY
Pheakdey
March 19, 2024

ថៃ៖ ប្រទេសថៃបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI (Artificial Intelligence) ដើម្បីជួយក្រុមពលរដ្ឋដែលមានជំងឺធ្លាក់ទឹកចិត្ត និងក្រុមពលរដ្ឋដែលគំនិតចង់ធ្វើអត្តឃាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ជំនួយដែលបញ្ញាសិប្បនិម្មិតអាចជួយក្រុមពលរដ្ឋកំពុងមានវិបត្តិផ្លូវចិត្តទាំងអស់នេះគឺជាការផ្តល់ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត ឆាប់រហ័ស គ្រប់ពេលវេលា និងដោយមិនគិតថ្លៃ។

ប្រភពខាងលើបានបន្តថា សេវាកម្មផ្តល់ជំនួយផ្នែកប្រឹក្សាយោបល់ខាងលើនេះត្រូវបានគេហៅថា “AI DMIND” ដែលក្រុមពលរដ្ឋថៃគ្រប់រូបអាចតេទៅបានតាមរយៈគណនី Line របស់ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO)។ បច្ចេកវិទ្យាដ៏ទំនើបនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងក្រុមអ្នកជំនាញផ្នែកវិស្វកម្មនៃសាកលវិទ្យាល័យជូឡាឡុងកនសហការណ៍ជាមួយនាយកដ្ឋានសុខភាព​ផ្លូវចិត្តរបស់ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO)។ គួរបញ្ជាក់ជូនថា តួលេខអ្នកមានវិបត្តិផ្លូវចិត្តក្នុងប្រទេសថៃបានកើនឡើងគួរឱ្យកត់សម្គាល់នៅចន្លោះពីឆ្នាំ២០១៥​មកដល់ឆ្នាំ២០២១ ខណៈបើគិតនៅក្នុងឆ្នាំកន្លងទៅតួលេខអ្នកមានវិបត្តិផ្លូវចិត្តនេះមានចំនួន ១,៥លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

 

 

Share This Post: