អន្តរជាតិ

តុលាការសម្រេចចោទប្រកាន់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតនៅប្រទេសចិន Evergrande ពីបទក្លែងបន្លំតួលេខប្រាក់ចំណូលចំនួន ៧៨ពាន់លានដុល្លារ

BY
Pheakdey
March 19, 2024

ចិន៖ តុលាការបានសម្រេចចោទប្រកាន់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតនៅក្នុងប្រទេសចិនគឺក្រុមហ៊ុន Evergrande និងស្ថាបនិករបស់ក្រុមហ៊ុនមួយនេះគឺលោកមហាសេដ្ឋី Hui Ka Yan ពីបទបានបំប៉ោងប្រាក់ចំណូលរបស់ក្រុមហ៊ុនចំនួន ៧៨ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី១៩ ខែមីនា។ ការបំប៉ោងតួលេខប្រាក់ចំណូលនេះ គឺត្រូវបានធ្វើឡើងកាលពីអំឡុងឆ្នាំ២០១៩ និង២០២០ ដើម្បីរក្សាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនឱ្យនៅខ្ពស់ក្នុងទីផ្សារ និងបង្កើនទំនុកចិត្តក្នុងចំណោមអតិថិជនដើម្បីឱ្យពួកគេនៅតែបន្តបង់ប្រាក់ជូនក្រុមហ៊ុនចំពោះអចលនផ្សេងៗដែលពួកគេបានទិញកន្លងមកក្នុងលក្ខខណ្ឌបង់រំលស់។

លោកមហាសេដ្ឋី Hui Ka Yan

បើតាមគណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) បានអះអាងថា ការក្លែងបន្លំតួលេខប្រាក់ចំណូលរបស់ក្រុមហ៊ុន Evergrande បានធ្វើឱក្រុមអ្នកវិនិយោគនិងអតិថិជនត្រូវខាតបង់ប្រាក់អស់យ៉ាងច្រើន ហើយករណីនេះត្រូវបានចាត់ទុកថា ជាករណីឆបោកទ្រង់ទ្រាយធំបំផុតមួយផងដែរ។ ប្រភពខាងលើនេះបានបន្តថា ចំពោះករណីឆបោកប្រាក់ក្នុងទំហំដ៏ច្រើននេះតុលាការចិនបានសម្រេចធ្វើការពិន័យក្រុមហ៊ុន Evergrande ជាប្រាក់ចំនួន ៥៨៣,៥ លានដុល្លារ ខណៈលោក Hui Ka Yan ក៏ត្រូវពិន័យជាប្រាក់ចំនួន​ ៦,៥លានដុល្លារផងដែរ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Evergrande បានប្រកាសក្ស័យធនកាលពីពេលថ្មីៗនេះ ក្រោយក្រុមហ៊ុនគ្មានលទ្ធភាពអាចបន្តការសាងសងផ្ទះនិងអគារជាច្រើនគម្រោងជូនពលរដ្ឋតាមកិច្ចសន្យាបាន ខណៈក្រុមហ៊ុនមួយនេះត្រូវបានគេប៉ាន់ប្រមាណថាបានជំពាក់បំណុលសរុបប្រមាណជា ៣០០ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: