អន្តរជាតិ

ប្រធានាធិបតីវៀតណាមលោក Vo Van Thuong សម្រេចលាលែងពីតំណែងក្រោយចូលកាន់ការងារបាន ១ឆ្នាំ

BY
Pheakdey
March 20, 2024

វៀតណាម៖ នៅក្នុងថ្ងៃពុធ ទី២០ ខែមីនានេះបក្សកុម្មុយនិស្តវៀតណាមបានយល់ព្រមទទួលយកសំណើសុំលាលែងពីតំណែងជាប្រធានាធិបតីរបស់លោក Vo Van Thuong ខណៈរូបគាត់ទើបបានចូលកាន់តំណែងកំពូលមួយនេះបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា ដំណឹងនៃការលាលែងពីតំណែងកំពូលនេះបានកំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសវៀតណាមនិងនៅតាមបណ្តាលប្រទេសមួយចំនួននៅលើពិភពលោក ដ្បិតវាជាករណីដ៏កម្រមួយដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសវៀតណាមទាំងមូលផងដែរ។

ប្រភពខាងលើបានបន្តថា ការដាក់ពាក្យលាលែងពីតំណែងជាប្រធានាធិបតីនេះត្រូវបានធ្វើឡើងក្នុងរយៈពីរបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីប៉ូលិសវៀតណាមបានប្រកាសថានឹងធ្វើការចាប់ខ្លួនជនល្មើសជាច្រើននាក់ដែលបានប្រព្រឹត្តិអំពើពុករលួយនៅក្នុងខេត្ត Quang Ngai កាលពីមួយទស្សវត្សមុន ខណៈអំឡុងពេលនោះលោក Vo Van Thuong បានកាន់តំណែងជាប្រធានបក្សគណបក្សប្រចាំខេត្តនៅភាគកណ្តាលនៃប្រទេសវៀតណមមួយនេះ។ គិតត្រឹមពេលនេះអាជ្ញាធរវៀតណាមមិនបានបញ្ជាក់ពីមូលហេតុនៃការលែងពីតំណែងរបស់លោក Vo Van Thuong ឡើយ ដោយអាជ្ញាធរវៀតណាមបានបញ្ជាក់ត្រឹមថា ចំណុចខ្វះខាតរបស់លោក Vo Van Thuong បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់មតិសាធារណៈ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គណបក្ស និងរួមទាំងរូបលោកផ្ទាល់ផងដែរ។

យ៉ាងណាក្តី សម្រាប់អ្នកតាមដានស្ថានភាពនយោបាយនៅវៀតណាមបានលើកឡើងថា ការលាលែងពីតំណែងរបស់លោក Vo Van Thuong គឺទំនងជាមានការពាក់ព័ន្ធជាមួយនឹងការបង្រ្កាបបទល្មើសពុករលួយខាងលើនេះផងដែរ។ ភ្លាមៗក្រោយមានដំណឹងលាលែងពីតំណែងជាប្រធានាធិបតីរបស់លោក Vo Van Thuong ទីផ្សារភាគហ៊ុននៅក្នុងទីក្រុងហូជីមិញដែលជាផ្សារហ៊ុនដ៏សំខាន់របស់វៀតណាមបានធ្លាក់ចុះចំនួន ៣%។  សូមបញ្ជាក់ជូនថា វៀតណាមកំពុងបើកយុទ្ធនាការបង្ក្រាបករណីពុករលួយទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាក់ស្តែងកាលពីពេលថ្មីនេះៗតុលាការវៀតណាមបានបើកសោវនាការកាត់ក្តីមហាសេដ្ឋីវៀតណាមជាច្រើនរូបជុំករណីបន្លំនិងឆបោកប្រាក់រាប់ពាន់លានដុល្លារ។

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: