អន្តរជាតិ

លោកនាយករដ្ឋមន្ត្រីថៃបង្ហាញវត្តមានជាមួយក្របីភឿកមួយក្បាលតម្លៃ ៥០០,០០០ដុល្លារនៅវិមានរដ្ឋាភិបាល ដែលវាជាផ្នែកមួយនៃការជំរុញ “ថាមពលទន់”

BY
Pheakdey
March 20, 2024

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានថតរូបជាមួយសត្វក្របីភឿកមួយក្បាលដោយផ្ទាល់ ដែលសត្វក្របីមួយក្បាលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២០ ខែមីនានេះបានបញ្ជាក់ថា សត្វក្របីមួយក្បាលនេះមានឈ្មោះថា Ko Muang Phet ហើយកាលពីពេលថ្មីៗនេះក្របីដែលស្ថិតនៅក្នុងពូជសត្វដ៏កម្រមួយនេះត្រូវបានគេលក់ក្នុងតម្លៃរហូតដល់ ៥០០,០០០ដុល្លារឯណោះ។

គិតត្រឹមពេលនេះសត្វក្របីឈ្មោះ Ko Muang Phet មានអាយុ ៤ឆ្នាំ មានកម្ពស់ ១,៨ ម៉ែត្រ និងមានទម្ងន់ ១,៤ តោន ពោលគឺធំជាងសត្វក្របីធម្មតាចំនួន ៣ដង។ គួរបញ្ជាក់ជូនថា  Ko Muang Phet ជាសត្វក្របីរបស់ប្រជាកសិករនៅក្នុងខេត្ត Phetchaburi ភាគខាងលិចប្រទេសថៃ ហើយដោយសារតែភាពខុសប្លែកពីសត្វក្របីធម្មតានិងមានលក្ខណៈដាច់ដោយឡែករបស់វា ក្របី Ko Muang Phet ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃរហូតដល់មានការទិញសំបុត្រចូលទៅមើលនិងថតរូបជាមួយវាទៀតផងកាលពីសប្តាហ៍មុន។ ប្រភពខាងលើបានបញ្ជាក់ថា ការបង្ហាញវត្តមានរបស់លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin​ ជាមួយនិងសត្វក្របី Ko Muang Phet នេះគឺត្រូវបានធ្វើឡើងនៅក្នុងវិមានរដ្ឋាភិបាលថៃតែម្តង ហើយវាក៏ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយប្រើប្រាស់ “ថាមពលទន់” ដើម្បីបង្កើតសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃផងដែរ ពោលគឺជាគោលនយោបាយប្រើប្រាស់សិល្បៈ វប្បធម៌ កីឡា តន្ត្រី ភាពយន្ត អាហារ ឬសំលៀកបំពាក់ដើម្បីបង្កើតឱ្យមានប្រាក់ចំណូលសម្រាប់ជាតិ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: