អន្តរជាតិ

អ្នកជំនាញផ្នែកសុខភាពថៃព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងររបស់បារីអេឡិចត្រូនិចគំរូថ្មីដែលរចនាឡើងដោយមានរូបរាងស្អាតៗសម្រាប់ទាក់ទាញក្មេងសិស្សសាលា

BY
Pheakdey
March 23, 2024

ថៃ៖ ក្រុមអ្នកជំនាញផ្នែកសុខភាពថៃបាននាំគ្នាព្រមានអំពីគ្រោះថ្នាក់នៃបារីអេឡិចត្រូនិចថ្មីមួយប្រភេទដែលត្រូវបានរចនាឡើងក្នុងគោលបំណងទាក់ទាញអតិថិជនជាក្មេងៗសិស្សសាលា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ បារីអេឡិចត្រូនិចប្រភេទថ្មីនេះត្រូវបានគេរចនាឡើងដោយមានរូបរាងជាច្រើនប្រភេទ ដូចជាតុក្កតា របស់ក្មេងលេង សម្ភារៈសិក្សា ឬអាហារ ខណៈពណ៌របស់វាវិញមានលក្ខណៈស្រស់ស្អាតនិងទាក់ភ្នែកយ៉ាងខ្លាំងសម្រាប់ក្រុមយុវជនដែលកូនសិស្សនៅតាមថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ និងនៅតាមសាកលវិទ្យាល័យជាដើម។

បើតាមលោក Srirach Lapyai អ្នកគ្រប់គ្រងគម្រោងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងគ្រប់គ្រងចំណេះដឹងថ្នាំជក់ (TRC) បានប្រាប់ឱ្យដឹងថា បារីអេឡិចត្រូនិចគំរូថ្មីនេះគឺជាបារីអេឡិចត្រូនិចជំនាន់ទី ៥ ដែលមានផ្ទុកទៅដោយសារធាតុនីកូទីនចំនួន ៥% ហើយក្នុងបារីមួយដើមអ្នកជក់អាចហឺតយកផ្សែងបារីបានរហូតដល់ ១៥,០០០ដងឯណោះ។ លោកបានបន្តថា បារីអេឡិចត្រូនិចអាចបង្កឱ្យមានគ្រោះយ៉ាងខ្លាំងសម្រាប់អ្នកជក់វាជាប្រចាំដ្បិតវាមានជាតិពុលខ្លាំងជាងបារីធម្មតាជាច្រើនដង ហើយក្នុងករណីដែលបារីប្រកបដោយគ្រោះថ្នាក់នេះត្រូវបានរចនាឡើងសម្រាប់ទាក់ទាញអតិថិជនវ័យក្មេងទៀតនោះគឺនឹងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះក្រុមយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ។ សូមបញ្ជាក់ជូនថា បារីអាឡិចត្រូនិចគំរូថ្មីខាងលើនេះត្រូវបានគេដាក់លក់តាមបណ្តាញសង្គមផ្សេងៗដូចជា Facebook, TikTok និង Instagram ជាដើម ពោលគឺមិនមែនជាការដាក់លក់ដោយបើកចំហឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: