អន្តរជាតិ

បុរសជនជាតិឥណ្ឌា ២នាក់បងប្អូនបែកគំនិតកែច្នៃរថយន្តមួយគ្រឿងឱ្យក្លាយជាយន្តហោះ

BY
Pheakdey
March 23, 2024

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌា ២នាក់បងប្អូនត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយពួកគេបែកគំនិតកែច្នៃរថយន្តមួយគ្រឿងទៅជាយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ បុរសទាំង ២នាក់បងប្អូនដែលមានគំនិតច្នៃប្រឌិដ្ឋដ៏ចម្លែកនេះមានឈ្មោះថា Ishwardin Prajapati និង Parmeshwardin Prajapati បច្ចុប្បន្នកំពុងរស់នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា កំពូលអ្នកឌីហ្សាញទាំង ២រូ​បនេះបានចំណាយប្រាក់អស់ចំ​នួន ២៥០,០០០រូពី (២,៩៩០ដុល្លារ) និងរយៈពេលប្រមាណជា ៣សប្តាហ៍ក្នុងការកែច្នៃរថយន្ត Suzuki ស៊េរីចាស់មួយគ្រឿងឱ្យក្លាយទៅជាយន្តហោះតាមរយៈការដាក់បន្ថែមកន្ទុយយន្តហោះ និងចោះដំបូលរថយន្តសម្រាប់ដាក់ស្លាបយន្តហោះ។ បុរសទាំង ២នាក់បងប្អូននេះបានប្រាប់ឱ្យដឹងថា គោលបំណងនៃការកែច្នៃរថយន្តឱ្យមានភាពទាក់ទាញនេះ គឺដើម្បីដាក់ជួលឱ្យកូនកំលោះកូនក្រមុំយកទៅប្រើប្រាស់នៅក្នុងថ្ងៃរៀបការ ដោយតាមគម្រោងគឺពួកគាត់នឹងដាក់ជួលរថយន្តនេះក្នុងតម្លៃ ៥,០០០រូពី (៥៩,៨១ដុល្លារ)ក្នុងមួយថ្ងៃ តែជាអកុសលរថយន្ត-យន្តហោះមិនទាន់ទាំងបានកែច្នៃរួចស្រួលបួលផងប៉ូលិសក៏បានចុះទៅហាមឃាត់រថយន្តចម្លែកនេះដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់ និងអ្នកដំណើរផ្សេងទៀត ខណៈបុរសទាំង ២នាក់បងប្អូននេះក៏ត្រូវរងនូវការពិន័យជាប្រាក់ចំនួន ២,០០០រូពី (២៣,៩៣ដុល្លារ) ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: