អន្តរជាតិ

អ្នកដុតសំរាមនៅកូរ៉េខាងត្បូងម្នាក់ រើសបានលុយជាង​ ២ម៉ឺនដុល្លារនៅគំនរសំរាមតែគាត់មិនយកទុកខ្លួនឯងទេហើយសុខចិត្តទៅរាយការណ៍ជូនប៉ូលិសដើម្បីស្វែងរកម្ចាស់ដើមវិញ

BY
Pheakdey
March 25, 2024

កូរ៉េខាងត្បូង៖ បុរសជាអ្នកដុតសំរាមម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្រោយរូបគាត់យកប្រាក់ចំនួន ២៩លានវ៉ុន (២១,៦៦១ ដុល្លារអាមេរិក) ដែលគាត់រើសបាននៅក្បែរគំនរសំរាមទៅប្រគល់ជូនម្ចាស់គេវិញ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៥ ខែមីនានេះបានឲ្យដឹងថា បុរសដែលមានទឹកចិត្តស្មោះត្រង់គួរឲ្យគោរពរូបនេះមានឈ្មោះថា Park Jae-geun ខណៈរូបគាត់បានធ្វើការងារក្នុងវិស័យមួយនេះអស់រយៈពេល ៣០ឆ្នាំមកហើយ។

ប្រភពខាងលើបន្តថា កាលពីថ្ងៃទី​ ១ខែកុម្ភៈ កន្លងទៅក្នុងពេលកំពុងប្រមូលសំរាមដើម្បីដុតកម្ទេចចោលនោះ លោក Park Jae-geun បានប្រទះឃើញថង់ប្រាក់មួយថង់ដោយនៅក្នុងនោះមានសុទ្ធតែលុយក្រដាស ៥០,០០០វ៉ុននិងបង្កាន់ដៃបង់ប្រាក់មួយសន្លឹក ហើយគាត់ក៏បានរើសយកលុយទាំងអស់នេះមកទុកសិន ក្រែងមានម្ចាស់មករកវិញ។ បន្ទាប់ពីរក្សាទុកលុយអស់ជាង ១ខែដោយគ្មានអ្នកមករក នៅក្នុងថ្ងៃទី២០ខែ មីនានេះ គាត់ក៏បានទៅដល់ប៉ុស្តិ៍ប៉ូលិសប្រចាំទីក្រុង​ Incheon ដើម្បីរាយការណ៍អំពីករណីនេះ និងដើម្បីស្វែងរកម្ចាស់លុយផងដែរ។ ដោយផ្អែកលើបង្កាន់ដៃបង់ប្រាក់ប៉ូលិសក៏បានបើកការស្រាវជ្រាវ និងទីបំផុតក៏អាចរកឃើញម្ចាស់លុយពិតប្រាកដមែន ខណៈលោក Park Jae-geun បានទទួលលិខិតថ្លែងអំណរគុណមួយសន្លឹកពីអាជ្ញាធរក្រុង Incheon៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: