អន្តរជាតិ

ចិនបើកទំនប់វារីអគ្គិសនីថ្មីនៅលើទន្លេមេគង្គ បើទោះជាគម្រោងនេះអាចធ្វើឱ្យបាត់បង់ធនធានត្រីយ៉ាងច្រើននៅក្នុងទន្លេទាំងមូល

BY
Pheakdey
March 26, 2024

ចិន៖ អាជ្ញាធរចិនបានបើកទំនប់វារីអគ្គិសនីថ្មីមួយនៅលើទន្លេមេគង្គ (តាមភាសាចិនបានហៅទន្លេមេគង្គថា ឡានឆាង) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែមីនានេះ។ ទំបន់វារីអគ្គិសនីថ្មីនេះត្រូវបានគេមើលឃើញថាគឺជាទំនប់វារីអគ្គិសនីទី១២ របស់ចិន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ២០ពាន់លានយន់ (ជាង ២,៧ពាន់លានដុល្លារ)។

យោងតាមរូបភាពដែលគេថតបានដោយប្រព័ន្ធផ្កាយរណបបានបង្ហាញថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២៤មក អាជ្ញាធរចិនបានពន្លឿនការសាងសង់ទំនប់វារីអគ្គិសនីខាងលើនេះយ៉ាងលឿនបំផុតដើម្បីឱ្យវារួចរាល់តាមផែនការដែលបានកំណត់ទុក ខណៈគម្រោងសាងសង់បានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ២០១៩ម្លេះ។ ប្រភពខាងលើបានបន្តថា ការបើកទំនប់វារីអគ្គិសនីទី១២នៅលើទឹកដីនៃប្រទេសចិននៅពេលនេះត្រូវបានធ្វើឡើងស្របពេលមានការសិក្សាជាច្រើនបានបង្ហាញថា ទំនប់វារីអគ្គិសនីនេះអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះនៅក្នុងទឹកទន្លេមេគង្គនិងធ្វើឱ្យបាត់បង់ធនធានត្រីយ៉ាងច្រើន ដែលជាប្រភពអាហារយ៉ាង​សំខាន់សម្រាប់ពលរដ្ឋរាប់លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍។ សូមបញ្ជាក់ជូនថា ទន្លេមេគង្គមាន​ប្រវែង​ប្រហែល ៤,​២០០គីឡូម៉ែត្រ ដែល​ហូរ​កាត់​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ហើយ​ហូរ​ចាក់​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕

អត្ថបទ៖ ភក្តី

ប្រភព៖   The Strait Time

Share This Post: