អន្តរជាតិ

អ្នកជំនាញអះអាងថា ការសាងសង់ស្ពាន The Francis Scott Key Bridge ឡើងវិញអាចនឹងត្រូវការរយៈពេលចន្លោះពី៣ទៅ៥ឆ្នាំ

BY
Pheakdey
March 27, 2024

អាមេរិក៖ អ្នកជំនាញម្នាក់បានអះអាងថា អាជ្ញាធរអាមេរិកអាចនឹងត្រូវការពេលវេលាចន្លោះពី ៣ទៅ៥ឆ្នាំ ដើម្បីសាងសង់ស្ពាន The Francis Scott Key Bridge ឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ​នៅល្ងាចថ្ងៃពុធ ទី២៧ ខែមីនានេះ។ អ្នកជំនាញដែលបានធ្វើការវិភាគខាងលើនេះគឺលោក Jean-Paul Rodrigue ដែលជាសាស្រ្តចារ្យជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មដែនសមុទ្រនៅសាកលវិទ្យាល័យ Texas A&M។

លោកសាស្រ្តចារ្យរូបនេះបានបន្តថា ហេតុផលដែលតម្រូវឱ្យគេត្រូវការពេលវេលាយូរក្នុងការសាងសង់ស្ពានឡើងវិញនោះក៏ព្រោះតែភាពខូចខាតរបស់ស្ពានមានទំហំធំ ខណៈតួស្ពានទាំងមូលក៏មានអាយុកាលយូរឆ្នាំមកហើយដែរ ដែលទាមទាឱ្យមានការសាងសង់គ្រឹះសំខាន់ៗជាច្រើនបន្ថែមទៀតដើម្បីធ្វើឱ្យស្ពានមានភាពរឹងមាំនិងអាចប្រើប្រាស់បានក្នុងរយៈយូរឆ្នាំបន្ថែមទៀត។ គួរបញ្ជាក់ជូនថា ស្ពាន The Francis Scott Key Bridge ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៧៧ ដោយស្ពានមួយខ្សែនេះត្រូវបានគេប្រើប្រាស់សម្រាប់ជាផ្លូវឆ្លងកាន់ទន្លេ Patapsco មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Baltimore នៃរដ្ឋ Maryland។ សូមបញ្ជាក់ជូនផងដែរថា ហេតុការណ៍អកុសលដែលមាននាវាដឹកទំនិញមួយគ្រឿងបើកទៅបុកស្ពានខាងលើនេះបានបណ្តាលឱ្យមានមនុស្សចំនួន ៦នាក់ស្លាប់បាត់បង់ជីវិត ខណៈក្រុមអ្នកជួយសង្គ្រោះទើបរកឃើញសាកសពជនរងគ្រោះចំនួន ២នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖   Channel News Asia

 

 

Share This Post: