អន្តរជាតិ

ជនរងគ្រោះក្នុងហេតុការណ៍បាក់ស្ពាននៅអាមេរិកចំនួន ២នាក់បន្ថែមទៀតត្រូវបានរកឃើញ ខណៈ ២នាក់ចុងក្រោយកំពុងស្ថិតក្នុងការតាមស្វែងរក

BY
Pheakdey
March 28, 2024

អាមេរិក៖ សាកសពជនរងគ្រោះក្នុងហេតុការណ៍បាក់ស្ពាននៅអាមេរិកចំនួន ២នាក់បន្ថែមទៀតត្រូវបានក្រុមអ្នកមុជទឹករកឃើញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះ។ ដូច្នេះគិតត្រឹមពេលនេះគេបានរកឃើញសាកសពជនរងគ្រោះចំនួន ៤នាក់ហើយ ក្នុងចំណោមជនរងគ្រោះសរុបចំនួន ៦នាក់ ខណៈក្រុមជនរងគ្រោះទាំងអស់សុទ្ធតែជាកម្មករសំណង់ដែលកំពុងបំពេញការងារជួសជុលមួយចំនួនជើងស្ពានក្នុងអំឡុងពេលកើតហេតុនោះ។

គួរបញ្ជាក់ជូនថា ស្ពាន The Francis Scott Key Bridge ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៧៧ ដោយស្ពានមួយខ្សែនេះត្រូវបានគេប្រើប្រាស់សម្រាប់ជាផ្លូវឆ្លងកាន់ទន្លេ Patapsco មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Baltimore នៃរដ្ឋ Maryland ហើយបន្ទាប់ពីស្ពានដ៏សំខាន់មួយខ្សែនេះបានបាក់គឺវាបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរាប់លាននាក់ និងសកម្មភាពអាជីវកម្មជាច្រើនកន្លែងផងដែរ។ ដើម្បីទទួលបានស្ពានមួយខ្សែនេះមកវិញ អ្នកជំនាញអាមេរិកម្នាក់គឺលោកសាស្ត្រាចារ្យ Jean-Paul Rodrigue ដែលជាអ្នកជំនាញផ្នែកពាណិជ្ជកម្មដែនសមុទ្រនៅសាកលវិទ្យាល័យ Texas A&M បានព្យាករណ៍ថា គេអាចនឹងត្រូវរយៈពេលចន្លោះពី ៣ទៅ៥ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: