អន្តរជាតិ

ជប៉ុនជូនដំណឹងអំពីការមកដល់នូវ “រដូវផ្កាសាគូរ៉ារីក” ដែលជារដូវកាលពិសេសមួយមានមនុស្សរាប់លាននាក់កំពុងរង់ចាំ

BY
Pheakdey
March 29, 2024

ជប៉ុន៖ អាជ្ញាធរជប៉ុននៅក្នុងថ្ងៃសុក្រ ទី២៩ ខែមីនានេះបានជូនដំណឹងអំពីការមកដល់នូវ “រដូវផ្កាសាគូរ៉ារីក” ដែលជារដូវកាលដ៏ពិសេសមួយសម្រាប់ប្រជាពលរដ្ឋជប៉ុនក៏ដូចជាពលរដ្ឋមួយចំនួននៅជុំវិញពិភពលោកផងដែរ​ នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ “រដូវផ្កាសាគូរ៉ារីក”  ឬតាមភាសាអង់គ្លេសបានហៅផ្កាដ៏កម្រមួយប្រភេទនេះថា “Cherry Blossom” នៅក្នុងឆ្នាំ២០២៤ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី ២៩​នេះតទៅហើយ ខណៈរយៈពេលដែលផ្ការីកពេញស្អាតនោះគឺមានប្រមាណជា ១សប្តាហ៍ប៉ុណ្ណោះ។

បើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា “រដូវផ្កាសាគូរ៉ារីក” នៅក្នុងឆ្នាំនេះបានឈានចូលមកដល់ដោយយឺតជាងកាលពីឆ្នាំ២០២៣ ចំនួន ១៥ថ្ងៃ និងយឺតជាងតាមធម្មតាចំនួន ៥ថ្ងៃ ហើយបញ្ហានេះបានកើតឡើងដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ។ សូមបញ្ជាក់ជូនថា “សាគូរ៉ា” គឺជាផ្កាដំណាងឱ្យប្រទេសជប៉ុន ខណៈពលរដ្ឋជប៉ុនមានវប្បធម៌នាំគ្នាទៅគយគន់ផ្កាសាគូរ៉ារីកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ នាពេលបច្ចុប្បន្ននេះការទៅគយគន់ផ្កាសាគូរ៉ារីកក៏បានក្លាយជាផ្នែកមួយនៃការធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសជប៉ុនពីសំណាក់ក្រុមអ្នកទេសចរអន្តរជាតិជាច្រើននៅជុំវិញពិភពលោកផងដែរ ជាពិសេសនោះគឺការធ្វើដំណើរកម្សាន្តបែបគូស្នេហ៍ ដ្បិតតាមជំនឿគឺផ្កាសាគូរ៉ាតំណាងឱ្យភាពល្អជាច្រើនដូចជា សុភមង្គល ភាពបរិសុទ្ធ ភាពកក់ក្តៅ សេចក្តីសុខ សេចក្តីថ្លៃថ្នូរ និងភាពស្រស់ថ្លាជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: