អន្តរជាតិ

កូរ៉េខាងត្បូងសម្ពោធប្រើប្រាស់រថភ្លើងពិសេសមួយដោយរំពឹងថាវាអាចជួយជម្រុញអត្រាកំណើតនៅក្នុងប្រទេសបានទៀតផង

BY
Pheakdey
March 29, 2024

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនចេញពីទីក្រុងសេអ៊ូលទៅកាន់តំបន់សំខាន់ៗជាច្រើននៅជុំវិញទីក្រុង ខណៈរដ្ឋាភិបាលបានដាក់ការរំពឹងថាសេវាកម្មរថភ្លើងល្បឿនលឿនមួយនេះនឹងផ្តល់ត្រលប់មកវិញនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់​ប្រជាពលរដ្ឋទូទៅនិងរួមទាំងជួយជម្រុញអត្រាកំណើតនៅក្នុងប្រទេសបានទៀតផង។ បើតាមលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានថ្លែងថា ផ្លូវរថភ្លើងខាងលើនេះគឺជាផ្លូវរថភ្លើងក្រោមដីដ៏លឿនបំផុតមួយនៅលើពិភពលោក ដែលអាចធ្វើដំណើរបានជាមធ្យមក្នុងលឿនរហូតដល់ ១៨០គីឡូម៉ែត្រនៅក្នុងមួយម៉ោង។

លោកប្រធានាធិបតីវ័យ ៦៣ឆ្នាំរូបនេះបានបន្តថា បើធ្វើការប្រៀបធៀបរយៈពេលនៃការធ្វើដំណើរចេញពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុង Dongtan នាពេលបច្ចុប្បន្ននេះគឺគេត្រូវការពេលចំនួន ៨០នាទី តែគេនឹងត្រូវការពេលត្រឹមតែ ១៩នាទីប៉ុណ្ណោះតាមរយៈការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនខាងលើនេះ។ តាមរយៈការកាត់បន្ថយម៉ោងធ្វើដំណើរដ៏ច្រើននេះ លោកប្រធានាធិបតី Yoon Suk-yeol បានរំពឹងថា វានឹងជួយផ្លាស់ប្តូរផ្នត់គំនិតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងសេអ៊ូលបានជាច្រើននាក់ផងដែរ ពោលគឺពួកគេអាចពិចារណាទៅទិញផ្ទះនិងបង្កើតគ្រួសារនៅតំបន់ជាយៗទីក្រុងសេអ៊ូលបានយ៉ាងរីករាយ និងអាចត្រលប់មកធ្វើការងារនៅក្នុងទីក្រុងបានវិញយ៉ាងងាយស្រួល ខណៈនាពេលបច្ចុប្បន្ននេះពលរដ្ឋនៅក្នុងទីក្រុងសេអ៊ូលជាច្រើនហាក់មិនសូវខ្វាយខ្វល់នឹងរឿងរៀបការនិងបង្កើតគ្រួសារឡើយ ដ្បិតពួកគេរវល់តែផ្តោតលើការងារខ្លាំងពេក។ កត្តានេះហើយទើបរដ្ឋាភិបាលកូរ៉េខាងត្បូងបានរំពឹងថា រថភ្លើងល្បឿនលឿនខាងលើនេះអាចជាផ្នែកមួយជួយជំរុញអត្រាកំណើតបាន ខណៈការបន្តធ្លាក់ចុះអត្រាកំណើតក៏ជាបញ្ហាដ៏ចម្បងមួយសម្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: