អន្តរជាតិ

ផ្លូវ Highway មួយខ្សែនៅសហរដ្ឋអាមេរិកបានបាក់និងបណ្តាលឱ្យអ្នកដំណើរ ២,០០០នាក់ត្រូវជាប់គាំងមិនអាចទៅណារួចពេញមួយយប់

BY
Pheakdey
April 1, 2024

អាមេរិក៖ ផ្លូវ Highway មួយខ្សែនៅសហរដ្ឋអាមេរិកបានបាក់ និងបានបណ្តាលឱ្យអ្នកដំណើរប្រ​មាណជា​២,០០០នាក់ត្រូវជាប់គាំងមិនអាចធ្វើដំណើរទៅណាបានពេញមួយយប់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១ ខែមេសា។ ផ្លូវដ៏សំខាន់មួយខ្សែនេះមានឈ្មោះថា Highway 1 ស្ថិតនៅតំបន់ Big Sur ​នៃរដ្ឋ California ភាគខាងលិចនៃសហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា​ មូលហេតុ​ដែលធ្វើឱ្យផ្លូវមួយខ្សែនេះត្រូវបាក់គឺដោយសារតែតំបន់ខាងលើនេះបានរងនូវឥទ្ធិពលព្យុះភ្លៀងយ៉ាងខ្លាំងជាច្រើនថ្ងៃជាប់គ្នា ខណៈអ្នកដំណើរដែលបានជាប់គាំងពេញមួយយប់មិនអាចទៅណារួចនោះគឺភាគច្រើនជាក្រុមអ្នកទេសចរ ដែលបាននាំគ្នាទៅកម្សាន្តនៅតំបន់ខាងលើនេះនៅពេលព្រឹកនិងត្រូវធ្វើដំណើរត្រលប់មកផ្ទះនៅពេលល្ងាច។ យ៉ាងណាក្តី ហេតុការណ៍ខាងលើនេះមិនបានបង្កឱ្យអ្នកដំណើរណាម្នាក់បានរងរបួសឬមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: