អន្តរជាតិ

អាមេរិករកឃើញករណីអ្នកឆ្លងជំងឺផ្តាសាយបក្សីដោយចម្លងចេញពីសត្វគោទៅកាន់មនុស្ស

BY
Pheakdey
April 2, 2024

អាមេរិក៖ អាជ្ញាធរសុខាភិបាលប្រចាំរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សី H5N1 ក្នុងលក្ខខណ្ឌដ៏កម្រ​មួយ ពោលគឺជាការចម្លងមេរោគចេញពីសត្វគោទៅកាន់មនុស្ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Stat News។  ករណីឆ្លងដ៏កម្រនេះត្រូវបានរកឃើញនៅក្នុងខ្លួនបុរសជាអ្នកមើលថែសត្វគោនៅក្នុងកសិដ្ឋានមួយកន្លែង ដែលតាមរយៈការងាររបស់គាត់គឺគាត់ត្រូវប៉ះពាល់ជាមួយសត្វគោយ៉ាងជិតស្និតជារៀងរាល់ថ្ងៃ ។

ប្រភពខាងលើបានបន្តថា ករណីខាងលើនេះគឺជាករណីឆ្លងជំងឺផ្តាសាយដ៏កម្រទី ២ហើយនៅអាមេរិក ពោលគឺជាករណីចម្លងមេរោគនៃជំងឺផ្តាសាយបក្សីចេញពីប្រភេទសត្វដែលមិនមែនជាបក្សីទៅកាន់មនុស្ស។ យ៉ាងណាក្តី សម្រាប់បុរសដែលបានឆ្លងជំងឺផ្តាសាយបក្សីខាងលើនេះហាក់មិនមានអាការៈអ្វីធ្ងន់ធ្ងរខុសពីអ្នកជំងឺផ្តាសាយបក្សីទូទៅឡើយ តែគិតត្រឹមពេលនេះក្រុមគ្រូពេទ្យកំពុងតាមដានស្ថានភាពសុខភាពគាត់យ៉ាងយកចិត្តទុកដាក់បំផុត ខណៈរូបគាត់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺផ្តាសាយបក្សីកាលពីថ្ងៃចន្ទ ទី១ ខែមេសាម្សិលមិញនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Stat News

Share This Post: