អន្តរជាតិ

ស្រ្តីអាមេរិកម្នាក់ប្រកាសផ្តល់រង្វាន់ជាទីគាប់ចិត្តចំពោះអតិថិជនរូបណាដែលបានទិញនំពីហាងរបស់គាត់យកទៅញាំហើយបានប្រទះឃើញចិញ្ចៀនរៀបការតម្លៃ ៤,០០០ដុល្លាររបស់គាត់នៅក្នុងនំនោះ

BY
Pheakdey
April 12, 2024

អាមេរិក៖ ស្រ្តីជាម្ចាស់ហាងលក់ប្រភេទនំដុតមួយកន្លែងបានប្រកាសស្វែងរកចិញ្ចៀនពេជ្យដ៏តម្លៃរបស់គាត់ដោយគាត់បានបញ្ជាក់ថា ចិញ្ចៀនដែលបានបាត់នោះគឺបានកប់នៅក្នុងនំដែលអតិថិជនរបស់គាត់បានទិញចេញពីហាងរួចទៅហើយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសានេះបានបញ្ជាក់ថា ស្រ្តីជាម្ចាស់ចិញ្ចៀនមានឈ្មោះថា Dawn Monroe ជាម្ចាស់ហាងលក់នំយីហោ Sis Sweets Cookies & Cafe ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

បើតាមលោកស្រី Dawn Monroe បានឱ្យដឹងថា ចិញ្ចៀនពេជ្រដែលបានបាត់នោះគឺតម្លៃប្រមាណជា ៤,០០០ដុល្លារនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ តែសម្រាប់រូបគាត់វិញគឺចិញ្ចៀនពេជ្រមួយវង់នេះមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ដ្បិតវាជាចិញ្ចៀនរៀបការដែលប្តីរបស់គាត់មានទិញជូនគាត់តាំងពី ៤០ឆ្នាំមុនម្លេះ។ លោកស្រីបានបន្តថា ក្រោយពេលដែលរូបគាត់បានដឹងខ្លួនថាចិញ្ចៀនបានបាត់ចេញពីដៃ គាត់បានព្យាយាមរកចិញ្ចៀនគ្រប់ទីកន្លែងក្នុងផ្ទះបាយ ក្នុងហាង និងក្នុងផ្ទះតែរកមិនឃើញទាល់តែសោះ ទើបគាត់ជឿជាក់ថាចិញ្ចៀននោះប្រាកដជាបានរបូតចេញពីដៃរបស់គាត់នៅអំឡុងពេលដែលគាត់កំពុងកូរម្សៅនំ ខណៈម្សៅនំទាំងនោះត្រូវបានចម្អិនជានំនិងលក់អស់បាត់ទៅហើយ។ នៅក្នុងសេចក្តីប្រកាសស្វែងរកចិញ្ចៀនដែលលោកស្រី Dawn Monroe បានបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមបានបញ្ជាក់ថា​ ប្រសិនបើអតិថិជនរូបណាបានប្រទះឃើញចិញ្ចៀនរបស់គាត់នៅក្នុងនំហើយយកមកជូនគាត់វិញគឺគាត់នឹងជូនរង្វាន់ជាទីគាប់ចិត្តនិងផ្តល់ជូននំសម្រាប់ញាំដោយមិនគិតថ្លៃយ៉ាងច្រើនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: