អន្តរជាតិ

ក្រុមហ៊ុនផ្សារទំនើបមួយរបស់ចិនអនុញ្ញាតឱ្យបុគ្គលិកទទួលបាន “ច្បាប់ឈប់សម្រាកពេលខូចចិត្ត​” ឬ “Sad Leave” ចំនួន ១០ថ្ងៃក្នុងមួយឆ្នាំ

BY
Pheakdey
April 12, 2024

ចិន៖ ក្រុមហ៊ុនផ្សារទំនើបដ៏ធំមួយនៅក្នុងប្រទេសចិនបានសម្រេចផ្តល់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំដ៏ពិសេសមួយសម្រាប់បុគ្គលិកខ្លួន គឺ “ច្បាប់ឈប់សម្រាកពេលខូចចិត្ត”​ ឬជាភាសាអង់គ្លេសហៅថា “Sad Leave” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១២ ខែមេសានេះ។ ក្រុមហ៊ុនដែលបានអនុញ្ញាតឱ្យមានច្បាប់ឈប់សម្រាកដ៏ពិសេសនេះគឺក្រុមហ៊ុនផ្សារទំនើប Fat Dong Lai ដែលក្រុមហ៊ុនមួយនេះមានចង្វាក់ផលិតកម្មខាងផ្នែកបើកហាងលក់ទំនិញជាច្រើនរួមទាំងហាងស៊ុប Hotpot យីហោ Haidilao ផងដែរ។

ប្រភពខាងលើបានបន្តថា ច្បាប់ឈប់សម្រាក “Sad Leave” ខាងលើនេះនឹងផ្តល់ជូនក្នុងរយៈពេលចំនួន ១០ថ្ងៃនៅក្នុងមួយឆ្នាំ ដោយត្រូវបូកបន្ថែមជាមួយនឹងច្បាប់ឈប់សម្រាកផ្សេងៗដែលមានស្រាប់យោងទៅតាមច្បាប់ការងារនៅក្នុងប្រទេសចិន។ បើតាមលោក Yu Dong Lai ដែលជាអគ្គនាយកក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកតែងតែគិតគូពីសុខភាពផ្លូវចិត្តរបស់ក្រុមបុគ្គលិកជានិច្ច ជាក់ស្តែងក្រុមបុគ្គលិកម្នាក់ៗក៏មានសិទ្ធទទួលបានប្រាក់សំណងផ្នែកជំងឺចិត្តដែលបង្កឡើងពីកន្លែងធ្វើការងារផងដែរ ដូចជាការទទួលបាននូវការប្រមាថឬការគំរាមគំហែងពីអតិថិជនជាដើម ដោយប្រាក់សំណងនេះមានចំនួនរហូតដល់ ៥,០០០យន់ (៦៩០ ដុល្លារអាមេរិក)​​។ អគ្គនាយករូបនេះបា​នបន្តថា ច្បាប់ការងារនៅក្នុងក្រុមហ៊ុនរបស់លោកបានកំណត់ឱ្យបុគ្គលិកម្នាក់ៗធ្វើការងារត្រឹមតែ ៧ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ​ និង ៥ថ្ងៃក្នុងមួយសប្តាហ៍ ហើយក្រោយពីបន្ថែមច្បាប់ឈប់សម្រាក “Sad Leave” នេះទៀតគឺបុគ្គលិកនៅក្នុងក្រុមហ៊ុនអាចមានសិទ្ធដាក់ច្បាប់ឈប់សម្រាកសរុបរហូតដល់ជាង ៤០ថ្ងៃឯណោះនៅក្នុងមួយឆ្នាំដោយបន្ថែមពីលើថ្ងៃបិទហាងក្នុងឱ្យកាសបុណ្យចូលឆ្នាំចិនចំនួន ៥ថ្ងៃទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: