អន្តរជាតិ

ចំនួនអ្នកប្រើប្រាស់ Telegram បានកើនឡើងដល់ខ្ទង់ជាង ៩០០លានគណនីយ៉ាងឆាប់រហ័សបំផុត

BY
Pheakdey
April 18, 2024

តួលេខអ្នកប្រើប្រាស់កម្មវិធី Telegram បានឈានដល់ចំនួនជាង​ ៩០០លានគណនីហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ។ ជាងនេះទៅទៀតគេរំពឹងថា តួលេខអ្នកប្រើប្រាស់នេះអាចនឹងហក់ឡើងដល់ខ្ទង់ ១ពាន់លានគណនីទៀងផងនៅក្នុងរយៈពេលប្រមាណជា​១ឆ្នាំទៀត។

បើតាមលោក Pavel Durov ជនជាតិរុស្ស៊ីនិងជាស្ថាបនិក Telegram បានឱ្យដឹងថា​ ការប្រើប្រាស់កម្មវិធី Telegram បានសាយភាយយ៉ាងលឿនលើសពីការរំពឹងទុក ពោលគឺវាបៀបបានដូចជាល្បឿននៃភ្លើងឆេះព្រៃយ៉ាងឆាប់រហ័សមួយអីចឹងដែរ។ លោកបានបន្តថា ជាមធ្យមមានអ្នកចូលទៅប្រើប្រាស់កម្មវិធី Telegram ប្រមាណជា​ ២,៥លាននាក់ជារៀងរាល់ថ្ងៃដែលវាជាតួលេខដ៏ខ្ពស់មួយ ប្រសិនបើធ្វើការប្រៀបធៀបជាមួយនឹងកម្មវិធីបណ្តាញសង្គមល្បីៗមួយចំនួន។ សូមបញ្ជាក់ជូនថា Telegram បានក្លាយជាប្រព័ន្ធទំនាក់ទំនងបែបកំសាន្ត ការងារ ផ្សព្វផ្សាយ និងអាជីវកម្មដ៏មានសក្តានុពលមួយ ខណៈនាពេលបច្ចុប្បន្ននេះ Telegram បានអនុញ្ញាតឱ្យលោកអ្នកអាចបង្កើតក្រុមសម្រាប់ទំនាក់ទំនងគ្នាដែលមានសមាជិករហូតដល់ ២០០,០០០នាក់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: