អន្តរជាតិ

ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ ខណៈមនុស្ស ៨នាក់បានរងរបួស

BY
Pheakdey
April 18, 2024

ជប៉ុន៖ យ៉ាងហោចណាស់មានពលរដ្ឋជប៉ុនចំនួន ៨នាក់បានរងរបួសដោយសារគ្រោះរញ្ជួយដីមួយដែលបានកើតឡើងនៅក្នុងកម្រិត ៦,៣ រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ។ គ្រោះរញ្ជួយដីខាងលើនេះបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសជប៉ុនកាលពីម៉ោង ១១ និង ១៤នាទីយប់មិញនេះសម្រាប់ម៉ោងនៅក្នុងប្រទេសជប៉ុន និងត្រូវជាម៉ោង ៩ និង ១៤ នាទីសម្រាប់ម៉ោងនៅក្នុងប្រទេសកម្ពុជា។

ប្រភពខាងលើនេះបានបន្តថា តំបន់ដែលបានរងឥទ្ធិពលដោយគ្រោះរញ្ជួយដីខ្លាំងជាងគេគឺតំបន់ស្ថិតនៅចន្លោះកោះ Kyushu និង កោះ Shikoku ខណៈគ្រោះរញ្ជួយដីខាងលើនេះមិនបានបង្កឱ្យមានរលកយក្សស៊ូណាមីនោះទេ ហើយរហូតមកទល់នឹងពេលនេះក៏នៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ត្រូវស្លាប់បាត់បង់អាយុជីវិតដែរ។ សូមបញ្ជាក់ជូនថា ជប៉ុនគឺជាប្រទេសមួយដែលងាយរងនូវការវាយប្រហារដោយគ្រោះរញ្ជួយ​ដីបំផុត ហើយបើគិតជាមធ្យមទៅទូទាំងប្រទេសជប៉ុនមានគ្រោះរញ្ជួយដីចំនួន ១,៥០០ដងបានកើតឡើងជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: