អន្តរជាតិ

អាជ្ញាធរឥណ្ឌូនេស៊ីជម្លៀសពលរដ្ឋជាង ១ម៉ឺននាក់និងបិទព្រលានយន្តហោះមួយជាប​ន្ទាន់ក្រោយភ្នំភ្លើងដ៏ធំមួយបានផ្ទុះ

BY
Pheakdey
April 18, 2024

ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចធ្វើការជម្លៀសប្រជាពលរដ្ឋជាង ១១,០០០នាក់ជាបន្ទាន់ក្រោយមានភ្នំភ្លើងដ៏ធំមួយបានផ្ទុះឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា។ ភ្នំភ្លើងដែល​បានផ្ទុះនោះមានឈ្មោះថា Ruang ហើយភ្នំភ្លើងដ៏ធំមួយនេះបានផ្ទុះចំនួន ៤ដងរួចហើយកាលពីយប់ថ្ងៃទី១៧ ខែមេសាម្សិលមិញ​ ខណៈការផ្ទុះលើកទី ៥នៅរសៀលថ្ងៃនេះគឺការផ្ទុះយ៉ាងខ្លាំងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ ប្រសិនបើអាជ្ញាធរមិនបានចាត់វិធានការណាមួយឱ្យបានទាន់ពេលវេលានោះទេ។

ភ្លាមៗក្រោយភ្នំភ្លើងបានផ្ទុះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីក៏បានទាញសញ្ញាអាសន្នអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមីផងដែរ ខណៈគិតត្រឹមពេលនេះរលកយក្សស៊ូណាមីនៅមិនទាន់បានកើតឡើងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខហេតុការណ៍បន្ទាន់នេះអាជ្ញាធរហ្វីលីពីនក៏បានសម្រេចបិទព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុង Manado ស្ថិតនៅលើកោះស៊ូម៉ាត្រាក្នុងរយៈពេល ២៤ម៉ោងផងដែរ ដោយគិតចាប់ពីរសៀលនេះតទៅ ដើម្បីការពារយន្តហោះពីគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយផ្សែងនិងផេះដែលបានភាយចេញពីភ្នំភ្លើង។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋឥណ្ឌូនេស៊ីណាម្នាក់បានបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរពីហេតុការណ៍អកុសលមួយនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: