អន្តរជាតិ

អ្នកគ្រប់គ្រងមួយរូបត្រូវបញ្ឈប់ពីការងារភ្លាមៗជុំវិញករណីលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមតារា K-pop

BY
Pheakdey
April 19, 2024

កូរ៉េខាងត្បូង៖ អ្នកគ្រប់គ្រងក្រុមតារា K-pop ម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារភ្លាមៗក្រោយគេបានរកឃើញថា រូបគាត់បានលួចបំពាក់កាមេរ៉ានៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់ក្រុមតារា K-pop ។ អ្នកគ្រប់គ្រងដែលត្រូវបានបណ្តេញចេញពីការងាររូបនេះគឺជាអ្នកដែលត្រូវធ្វើការងារជាមួយក្រុមតារាចម្រៀងប្រុស B1A4 ខណៈក្រុមតារាចម្រៀងដ៏ល្បីមួយនេះគឺជាក្រុមតារាចម្រៀង K-pop ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន WM Entertainment។

ប្រភពខាងលើបានបន្តថា​ រឿងរ៉ាវចម្រូងចម្រាសមួយនេះបានកើតឡើងនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ដែលស្ថិតនៅជាន់ទី ៦ នៃសាលមហោស្រប Kwanglim Art Centre ជាទីកន្លែងដែលតារាចម្រៀង និងតារាសម្តែងជាច្រើនរបស់ក្រុមហ៊ុន WM Entertainment ត្រូវទៅសម្តែងនៅទីនោះ។ មុនពេលដល់ថ្ងៃកំណត់សម្រាប់ការសម្តែងខាងក្រុមហ៊ុន WM Entertainment បានចាត់ឱ្យអ្នកគ្រប់គ្រងខាងលើនេះទៅត្រួតពិនិត្យទីតាំងមុនតែម្នាក់ឯងដើម្បីជួយសម្របសម្រួលការងារផ្សេងៗ ហើយពេលនោះគាត់ក៏បានលួចបំពាក់កាមេរ៉ាតែម្តង។ យ៉ាងណាក្តី មានតារាសម្តែងម្នាក់បានប្រទះឃើញកាមេរ៉ានោះដោយចៃដន្យនិងបានរាយការណ៍ជូនប៉ូលិស ហើយក្រោមការស៊ើបអង្កេតទើបគេបានរកឃើញការពិតថា វាគឺជាស្នាដៃរបស់អ្នកគ្រប់គ្រងរូបនេះតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Strait Time

Share This Post: