អន្តរជាតិ

ការសិក្សា៖ ស្ទើរតែពាក់កណ្តាលនៃទីក្រុងធំៗក្នុងប្រទេសចិនកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ពីកម្រិតមធ្យមទៅកម្រិតធ្ងន់ធ្ងរ

BY
Pheakdey
April 19, 2024

ចិន៖ ការសិក្សាមួយបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃទីក្រុងធំៗទាំងអស់នៅក្នុងប្រទេសចិនកំពុងតែប្រឈមនឹងបញ្ហាទឹកជំនន់ពីកម្រិតមធ្យមទៅកម្រិតធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩ ខែមេសានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវចិនជាច្រើនរូប ដែលស្ថិតក្រោមការដឹកនាំរបស់លោកបណ្ឌិត Ao Zurui មកពីសាកលវិទ្យាល័យ South China Normal University។

របាយការណ៍នៅក្នុងការសិក្សាបានបង្ហាញថា កម្ពស់ទឹកជំនន់នៅលើផ្ទៃដីក្នុងទីក្រុងចំនួន ៤៥%នៃផ្ទៃដីទីក្រុងទាំងអស់នៅក្នុងប្រទេសចិនបានកើនឡើង ៣មីលីម៉ែត្រក្នុងមួយឆ្នាំ និងផ្ទៃដី ១៦%មានការកើនឡើងនៃកម្ពស់ទឹកជំនន់ជាង ១០មីលីម៉ែត្រនៅក្នុងមួយឆ្នាំ។ សម្រាប់ក្រុមអ្នកស្រាវជ្រាវបានព្យាករណ៍ថា កត្តាធម្មជាតិផ្សេងៗដូចជាមានភ្លៀងធ្លាក់ច្រើននិងការកើនឡើងនៃកម្រិតទឹកសមុទ្រនឹងជម្រុញឱ្យកម្រិតទឹកជំនន់កាន់តែកើនឡើងខ្ពស់និងបង្កឱ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរផងដែរក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។

ចំពោះផលប៉ះពាល់វិញគឺវាមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ប៉ុណ្ណោះទេ តែកត្តាបរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក៏ត្រូវរងនូវការខូតខាតនិងបំផ្លាញយ៉ាងឆាប់រហ័សផងដែរ។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា អាជ្ញាធរចិនបានចំណាយប្រាក់ចំនួន ៧,៥ពាន់លានយន់ (ជាង ១ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំសម្រាប់ការកែលម្អនិងដោះស្រាយបញ្ហាផ្សេងៗដែលបង្កឡើងដោយទឹកជំនន់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: