អន្តរជាតិ

បុរសជនជាតិកូរ៉េម្នាក់ត្រូវជាប់ពន្ធនាគារ ២ឆ្នាំក្រោយសម្ញែងឫកបាចលុយនៅទីសាធារណៈ ខណៈលុយទាំងនោះសុទ្ធតែជាលុយក្លែងក្លាយ

BY
Pheakdey
April 19, 2024

កូរ៉េខាងត្បូង៖ តុលាការនៃប្រទេសកូរ៉េខាងត្បូងបានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំក្រោយបុរសរូបនេះបានធ្វើសកម្មភាពបាចលុយជាច្រើនសន្លឹកតាមបង្អួចអាផាតមិនមកលើផ្លូវសាធារណៈ​ ខណៈលុយទាំងអស់នោះសុទ្ធតែជាលុយក្លែងក្លាយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩ ខែមេសាបានឱ្យដឹងថា បុរសជាជនល្មើសមានឈ្មោះថា Jo អាយុ ៤៣ឆ្នាំ ហើយសកម្មភាពដែលរូបគាត់បានធ្វើនោះគឺបានកើតឡើងនៅក្នុងទីក្រុងសេអ៊ូល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

ប្រភពខាងលើនេះបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោក Jo បានបាចលុយក្រដាស ៥០,០០០វ៉ុន ( ៣៦ដុល្លារអាមេរិក) ចំនួន ២៨៨សន្លឹក និងប័ណ្ណសម្រាប់ទិញទំនិញនៅក្នុងហាងធំៗចំនួន ៣២សន្លឹកដោយនៅក្នុងប័ណ្ណននីមួយៗមានតម្លៃជាប្រាក់យ៉ាងច្រើនដើម្បីបង្ហាញពីភាពមានបាននិងសណ្តានចិត្តរបស់គាត់ តែជាក់ស្តែងទាំងក្រដាសប្រាក់និងប័ណ្ណសម្រាប់ទិញទំនិញទាំងនោះសុទ្ធតែជារបស់ក្លែងក្លាយ។ បើតាមតុលាការកូរ៉េខាងត្បូងបានសម្រេចោទប្រកាន់ថា លោក Jo បានប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌជាច្រើនករណីរួមមាន ការផលិត ការប្រើប្រាស់ និងធ្វើសកម្មភាពចែកចាយរូបិយប័ណ្ណក្លែងក្លាយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: