អន្តរជាតិ

ដាណឺម៉ាកបានសម្រេចចិត្តមិនប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការរបស់ខ្លួននោះទេ

BY
autoadmin
May 4, 2021

ប្រទេសដាណឺម៉ាកបានសម្រេចចិត្តមិនដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួននោះទេ បន្ទាប់ពីមានរបាយការណ៍អំពីបញ្ហាកកឈាមដ៏កម្រនៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង។ រំលឹកដែរថានិយតករឱសថរបស់សហភាពអ៊ឺរ៉ុបកាលពីខែមុន ធ្លាប់បាននិយាយថា បញ្ហាទាំងនោះគួរតែត្រូវបានចាត់ចូលថាជា «ផលរំខានដ៏កម្របំផុត» ហើយបន្ថែមបានថា អត្ថប្រយោជន៍នៃវ៉ាក់សាំងក្នុងការការពារពីជំងឺ COVID-19 គឺមានលើសពីហានិភ័យ ដូច្នេះមិនគួរផ្អាកការប្រើប្រាស់វ៉ាក់សាំងទាំងនោះទេ។

អាជ្ញាធរសុខាភិបាលដាណឺម៉ាកបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានពិនិត្យលើបញ្ហានេះដោយឯករាជ្យ ហើយប្រទេសខ្លួននឹងបញ្ឈប់ផែនការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ។ ជាក់ស្ដែងការរីករាលដាលនៅក្នុងប្រទេសកំពុងត្រូវបានគ្រប់គ្រង ហើយការចាក់វ៉ាក់សាំងបង្ការកំពុងមានការរីកចម្រើនជាមួយនឹងវ៉ាក់សាំងដទៃទៀតដែលមានស្រាប់ ដូច្នេះការមិនប្រើប្រាស់វ៉ាក់សាំ Johnson & Johnson មិនបានធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងមានការរាំងស្ទះនោះទេ។ ដាណឺម៉ាកក៏ទើបតែបានឈប់ប្រើវ៉ាក់សាំង COVID-19 របស់ AstraZeneca ផងដែរ ដោយលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: