សិង្ហបុរីគ្រោងនឹងចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋខ្លួនឲ្យបាន ៨០%និងបើកឲ្យអ្នកដំណើរអាចចូលក្នុងប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅក្នុងកញ្ញាខាងមុខនេះ
សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ប្រទេសសិង្ហបុរីគ្រោងនឹងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនឲ្យបាន ៨០% នៃចំនួនពលរដ្ឋសរុបជិត ៦លាននាក់ត្រឹមខែកញ្ញាខាងមុខនេះ ហើយនៅក្នុងពេលដំណាលគ្នានោះសិង្ហបុរីក៏នឹងអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចអាចចូលទៅក្នុងប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរ។ យ៉ាងណាក្តី ពេលនេះអាជ្ញាធរសិង្ហបុរីកំពុងនៅពិចារណាអំពីជម្រើសថា គួរតម្រូវឲ្យអ្នកដំណើរមកពីប្រទេសដែលមានការត្បាតខ្លាំងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅក្នុងផ្ទះរយៈពេល ៧ ថ្ងៃឬក៏មិនបាច់ធ្វើតែម្តង។

ដោយឡែកសម្រាប់អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងនឹងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃជាធម្មតាដែលមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់អាជ្ញាធរសុខាភិបាលសិង្ហបុរី។ គួរបញ្ជាក់ថា ការសម្រេចបន្ធូរបន្ថយបទបញ្ជារឹតបន្តឹងប្រទេសរបស់សិង្ហបុរីនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលប្រទេសនៅតំបន់អាស៊ានមួយចំនួនដូចជា ថៃ វៀតណាម និងម៉ាឡេស៊ី កំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងនៅឡើយ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះសិង្ហបុរីមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៦៤,៣១៤នាក់ និងស្លាប់ត្រឹម ៣៧នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger