ទោះកំពុងផ្ទុះកូវីដខ្លាំងមែន តែថៃបន្តអនុញ្ញាតឲ្យអ្នកដំណើរអាចចូលមកកំសាន្តក្នុងប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័កដើម្បីជួយសង្គ្រោះវិបត្តិសេដ្ឋកិច្ច
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា បើទោះជានាពេលបច្ចុប្បន្ននេះប្រទេសថៃកំពុងមានការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងក៏ដោយ តែរដ្ឋាភិបាលថៃទំនងជាមិនបញ្ឈប់គម្រោងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍បរទេសចូលមកកំសាន្តក្នុងប្រទេសខ្លួនដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ ដ្បិតវិស័យទេសចរណ៍គឺជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិថៃ។ គួរម្លឹកជូនថា កាលពីថ្ងៃទី ១ ខែ កក្កដានេះ រដ្ឋាភិបាលថៃបានផ្តើមអនុវត្តគម្រោងមួយមានឈ្មោះថា Phuket Sandbox ដែលតាមរយៈគម្រោង នេះបានអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចទាំងអស់អាចមកកំសាន្តនៅក្នុងខេត្តភូកេតដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ ចាប់តាំងពីអនុវត្តគម្រោងរហូតមកទល់នឹងពេលនេះ ពោលគឺមិនទាន់បានមួយខែផង ខេត្តភូកេតបទទួលបានភ្ញៀវទេសចរណ៍ចំនួន ១១,៨០៦នាក់ ហើយក្នុងនោះក៏មានអ្នកដំណើរចំនួន ២៦ នាក់បានតេស្តវិជ្ជមានជំងឺកូវីដ ១៩ ផងដែរ។

យ៉ាងណាក្តី បើក្រឡេកទៅមើលស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនាពេលនេះវិញហាក់មានភាពអាក្រក់ខ្លាំងណាស់ ដោយថៃបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃនិងក្នុងរយៈជាង ១០ថ្ងៃជាប់ៗគ្នាមកហើយ ខណៈក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះក៏មានករណីមួយចំនួនបានរកឃើញចំពោះពលរដ្ឋថៃនៅក្នុងខេត្តភូកេតផងដែរ។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរថៃនៅតែបន្តអនុវត្តគម្រោង Phuket Sandbox ជាបន្តទៀត ព្រោះថាប្រាក់ចំណូលបានមកពីក្រុមអ្នកដំណើរទាំងនេះនឹងជួយសង្គ្រោះវិបត្តិសេដ្ឋកិច្ចថៃបានមួយផ្នែក។ សូមបញ្ជាក់ជូនផងដែរថា ទន្ទឹមនឹងអនុវត្តគម្រោង Phuket Sandbox នេះ ខេត្តភូកេតក៏បានដាក់ចេញនូវវិធានការតឹងរឹងជាច្រើនផងដែរដូចជា ហាមមិនឲ្យមានការជួបជុំគ្នាក្នុងចំនួនលើសពី ១០០នាក់ នៅក្នុងផ្សារត្រូវកំណត់មិនឲ្យមានមនុស្សលើសពី ៤នាក់ក្នុងផ្ទៃដី ១ម៉ែត្រការ៉េ ហើយសាលារៀននៅក្នុងខេត្តមួយនេះក៏នៅមិនទាន់បើកទ្វារវិញផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍