ចាប់ពីខែក្រោយទៅពលរដ្ឋបារាំងត្រូវតែបង្ហាញប័ណ្ណបញ្ជាក់សុខភាពទើបអាចទៅហាងកាហ្វេ ធ្វើដំណើរតាមយន្តហោះនិងរថភ្លើងបាន
បារាំង៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៩ ខែសីហា តទៅរដ្ឋាភិបាលបារាំងនឹងផ្តើមអនុវត្តវិធានការថ្មីមួយដោយតម្រូវឲ្យពលរដ្ឋត្រូវតែបង្ហាញប័ណ្ណបញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលបារាំងទើបពួកគេអាចទៅហាងកាហ្វេ ធ្វើដំណើរតាមយន្តហោះ និងរថភ្លើងសាធារណៈក្នុងទីក្រុងបាន។ ដើម្បីទទួលបានប័ណ្ណសុខភាពនេះពលរដ្ឋបារាំងត្រូវតែទៅចុះឈ្មោះដោយភ្ជាប់ទៅជាមួយនឹងប័ណ្ណបញ្ជាក់ថាធ្លាប់បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ចំនួន ២ ដង, លិខិតបញ្ជាក់ថាបានតេស្តអវិជ្ជមានជំងឺកូវីដ ១៩ នាពេលថ្មីៗនេះ ឬលិខិតបញ្ជាក់ថាបានជាសះស្បើយពីជំងឺកូវីដ ១៩ ដែលលិខិតទាំងនេះត្រូវតែមានការទទួលស្គាល់ដោយខាងមន្ទីរពេទ្យឬអាជ្ញាធរសុខាភិបាលផងដែរ។

ចំពោះពលរដ្ឋណាដែលពុំមានប័ណ្ណបញ្ជាក់សុខភាពនេះគឺពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងហាងកាហ្វេ មិនឲ្យធ្វើដំណើរតាមយន្តហោះឬរថភ្លើងនោះទេ ហើយក្នុងករណីដែលពួកគេព្យាយាមបំពានការហាមឃាត់នោះគឺពួកគេអាចប្រឈមនឹងការទទួលទោសតាមផ្លូវច្បាប់តែម្តង។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះបារាំងបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៦ លាននាក់ ស្លាប់ជាង ១១ ម៉ឺននាក់ ខណៈពលរដ្ឋបារាំងជាង ៤៥%នៃពលរដ្ឋសរុបបានទៅចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ ដូស និងជាង ៥០% ទើបបានទៅចាក់វ៉ាក់សាំងដូសទី ១៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia