ថៃព្រមានពីបញ្ហាខ្វះខ្យល់អុកស៊ីសែន ក្រោយមានករណីរត់ពន្ធខ្យល់អុកស៊ីសែនខុសច្បាប់ពីថៃទៅលក់នៅមីយ៉ាន់ម៉ាមានការកើនឡើងខ្ពស់
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានព្រមានពីបញ្ហាខ្វះខ្យល់អុកស៊ីសែនសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ដែលបញ្ហានេះបានកើតឡើងព្រោះតែមានករណីលួចរត់ពន្ធខ្យល់អុកស៊ីសែនពីប្រទេសថៃទៅលក់ក្នុងប្រទេសមីយ៉ាន់ម៉ាមានការកើនឡើងខ្ពស់។ បើតាមលោកវេជ្ជបណ្ឌិត Somsak Akksilp ដែលជាប្រធាននាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តបានបញ្ជាក់ឲ្យដឹងតាមរយៈសន្និសិទ្ធសារព័ត៌មានផ្លូវការមួយថា ការខ្វះខាតខ្យល់អុកស៊ីសែននេះក៏បានធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំគ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់នៅក្នុងទីក្រុងបាងកកផងដែរ ដ្បិតនៅតាមគ្រែប្រភេទនេះត្រូវតែមានភ្ជាប់នូវខ្យល់អុកស៊ីសែនជាចាំបាច់។

វេជ្ជបណ្ឌិតរូបនេះបានបន្តថា និន្នាការរត់ពន្ធខ្យល់អុកស៊ីសែនខុសច្បាប់ទៅលក់ក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភក្នុងរយៈពេលថ្មីៗនេះ ព្រោះឈ្មួញអាចរកលុយបានច្រើនពីសកម្មភាពមួយនេះខណៈដែលពួកគេក៏ត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចផងដែរក្នុងអំឡុងពេលនៃរាតត្បាតជំងឺកូវីដ ១៩ នេះ។ លោកបានបន្តទៀតថា ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩បានគឺពលរដ្ឋគ្រប់រូបត្រូវតែសហការណ៍ជាមួយនឹងអាជ្ញាធរតាមរយៈការចេះការពារខ្លួនមិនចេញក្រៅផ្ទះបើគ្មានការចាំបាច់ ហើយក្រុមឈ្មួញមួយចំនួនក៏ត្រូវតែបញ្ឈប់សកម្មភាពរត់ពន្ធខ្យល់អុកស៊ីសែនយកទៅលក់នៅក្រៅប្រទេសដែរ ទើបអាជ្ញាធរមានខ្យល់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់សង្គ្រោះអ្នកជំងឺនៅក្នុងស្រុក៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍