បុគ្គលិកសុខាភិបាលជួរមុខជាង ៣០០នាក់នៅខេត្តសាមុតសាខនប្រទេសថៃបានឆ្លងជំងឺកូវីដ ១៩ ក្នុងអំឡុងពេញបំពេញការងារ
ថៃ៖ កាលពីថ្ងៃអាទិត្យ ទី ១ សីហា ម្សិលមិញនេះ អភិបាលនៃគណៈអភិបាលខេត្តសាមុតសាខន ប្រទេសថៃ លោក Veerasak Vichitsangsri បានឲ្យដឹងថា មានបុគ្គលិកសុខាភិបាលជួរមុខប្រចាំខេត្តសាមុតសាខនជាង ៣០០នាក់ បានឆ្លងជំងឺកូវីដ ១៩។ តាមរយៈគណនី Facebook ផ្លូវការរបស់អភិបាលខេត្តរូបនេះបានបញ្ជាក់ទៀតថា រហូតមកទល់នឹងពេលនេះខាងរដ្ឋបាលខេត្តក៏បានរៀបចំផ្តល់ជូនកញ្ចប់សង្គ្រោះចំពោះក្រុមបុគ្គលិកសុខាភិបាលទាំងជាង ៣០០ នាក់នេះហើយដែរ ព្រោះតែពួកគាត់បានឆ្លងជំងឺកូវីដ ១៩ ក្នុងអំឡុងពេលបំពេញការងារ។

ជាមួយគ្នានោះលោក Veerasak Vichitsangsri ក៏បានស្នើសុំឲ្យរដ្ឋាភិបាលថៃសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer បន្ថែមមួយដូសទៀត ពោលគឺដូសទី ៣ សម្រាប់ក្រុមបុគ្គលិកសុខាភិបាលជួរមុខផងដែរ ដើម្បីឲ្យពួកគាត់មានប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំសម្រាប់ប្រឆាំងនឹងជំងឺកូវីដ ១៩ ដ្បិតពួកគាត់គឺជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះខេត្តសាមុតសាខនបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុប ៦៦២ នាក់ ខណៈនៅទូទាំងប្រទេសថៃមានអ្នកឆ្លងសរុបជាង ៦៣ ម៉ឺននាក់ និងស្លាប់ជាង ៥ពាន់នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍