អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលកម្ទេចនាវាចំនួន ២គ្រាប់ ខណៈអាមេរិកនិងកូរ៉េខាងត្បូងផ្តើមធ្វើសមយុទ្ធយោធា “Freedom Shield 23”
កូរ៉េខាងជើង៖ យោធាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលសម្រាប់បាញ់កម្ទេចនាវាចំនួន ២គ្រាប់កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ (KCNA) បានបញ្ជាក់ថា មីស៊ីលចំនួន ២គ្រាប់ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនោះគឺត្រូវបានបាញ់ចេញពីនាវាមុជទឹក ហើយមីស៊ីលទាំងនោះមានសមត្ថភាពអាចហោះហើរបានចម្ងាយ ១,៥០០គីឡូម៉ែត្រមុននឹងផ្ទុះនៅចំណុចគោលដៅដែលគេបានកំណត់ទុក។

គួរបញ្ជាក់ជូនថា ការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តរបស់ទីក្រុងព្យុងយ៉ាងនៅពេនេះគឺត្រូវបានធ្វើឡើងស្របពេលដែលកងយោធាអាមេរិកនិងកងយោធាកូរ៉េខាងត្បូងបានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលប្រទេសជាសម្ព័ន្ធមិត្តទាំង ២នេះហៅថា សមយុទ្ធ “Freedom Shield 23″។ ប្រភពខាងបន្តថា សមយុទ្ធ “Freedom Shield 23” គឺជាសមយុទ្ធយោធាបែបយុទ្ធសាស្រ្តមួយ ដែលនឹងត្រូវរៀបចំឡើងក្នុងរយៈពេល ១១ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមីនា និងត្រូវបិទបញ្ចប់វិញនៅក្នុងថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣នេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia