AirPods ជំនាន់ក្រោយ នឹងមានមុខងារធ្វើតេស្តលើការស្តាប់ និងវាស់សីតុណ្ហភាពរាងកាយរបស់អ្នកប្រើប្រាស់
- BY
- autoadmin
- July 3, 2023
លោក Mark Gurman ភ្នាក់ងារសារព័ត៌មានរបស់ Bloomberg បានរាយការណ៍ថា Apple កំពុងធ្វើការលើមុខងារសុខភាពថ្មីៗ សម្រាប់កាស់ទំនើបឥតខ្សែរបស់ខ្លួន។ ទី១ ក្នុងចំណោមមុខងារថ្មីៗទាំងនោះ គឺវានឹងអនុញ្ញាតឱ្យ AirPods អាចធ្វើតេស្តលើការស្តាប់របស់អ្នកប្រើប្រាស់។ ការពិតទៅ AirPods អាចគាំទ្រកម្រិតការស្ដាប់ audiogram រួចទៅហើយ ដែលធ្វើឱ្យកាស់ឥតខ្សែមួយនេះ អាចលៃលកកម្រិតសំឡេងសមស្របសម្រាប់អ្នកដែលមានបញ្ហាខ្សោយការស្ដាប់ តាមរយៈកម្មវិធីភាគីទី៣ ដូចជា Mimi។ ដូច្នេះប្រសិនបើ Apple អាចធ្វើតេស្ដវាដោយខ្លួនឯង វានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចវាយតម្លៃការស្តាប់របស់ពួកគេកាន់តែងាយស្រួលតាមរយៈ AirPods ដោយផ្ទាល់។

លោក Gurman បាននិយាយថា Apple ក៏កំពុងទាញយកអត្ថប្រយោជន៍ពីការអនុម័តរបស់ FDA នាពេលថ្មីៗនេះ សម្រាប់ការលក់ឧបករណ៍ស្តាប់ ដោយមិនចាំបាច់មានការពិនិត្យ ឬវេជ្ជបញ្ជា។ ជាមួយនឹងការយល់ព្រមនេះ Apple កំពុងស្វែងរកការប្រើប្រាស់ AirPods Pro ជាជម្រើសជំនួសឧបករណ៍ជំនួយការស្តាប់។
បន្ថែមពីលើមុខងារផ្តោតលើការស្តាប់ AirPods ជំនាន់ក្រោយត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលឧបករណ៏សីតុណ្ហភាព ភ្ជាប់មកជាមួយផងដែរ។ ឧបករណ៍ចាប់សញ្ញាសីតុណ្ហភាពនេះ ស្រដៀងទៅនឹងឧបករណ៍ដែលបានណែនាំនៅក្នុង Watch Series 8 និង Watch Ultra ដែលវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់វាស់សីតុណ្ហភាពរាងកាយរបស់ពួកគេបានយ៉ាងត្រឹមត្រូវ ដោយប្រើរន្ធត្រចៀក។ ទោះជាយ៉ាងណាក៏ដោយលោក Gurman បានសង្កត់ធ្ងន់ថា មុខងារទាំងនេះអាចចំណាយពេល «ច្រើនខែ ឬច្រើនឆ្នាំ» ដើម្បីអាចដាក់ឱ្យប្រើប្រាស់បាន។ ម្យ៉ាងវិញទៀត មុខងារគួរឱ្យកត់សម្គាល់មួយចំនួនរបស់ AirPods Pro រួមមាន៖ ការបន្ថែមមុខងារតម្លាភាព និងការលុបចោលសំឡេងរំខានសកម្ម។ វានឹងមានបន្ទះឈីប H2, ថាមពលថ្មយូរជាងមុន, គ្រប់គ្រងការប៉ះ និង Spatial Audio៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge
- Share This Post:






