- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ រលកកម្តៅបានឆក់យកជីវិតពលរដ្ឋនៅក្នុងប្រទេសឥណ្ឌាចំនួន ២៥នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៤ ខែឧសភានេះ។ តួលេខអ្នកស្លាប់នេះត្រូវបានគេបូកសរុបចាប់តាំងពីចុងខែមីនាមក ខណៈទីកន្លែងកើតហេតុគឺស្ថិតនៅតាមតំបន់ដាច់ស្រយាលនៃរដ្ឋ Maharashtra ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា។ ចំនួនអ្នកស្លាប់នេះក៏ត្រូវបានគេកត់សម្គាល់ឃើញថា គឺជាតួលេខអ្នកស្លាប់ដោយរលកកម្តៅច្រើនបំផុតមិនធ្លាប់មានផងដែរ សម្រាប់ឥណ្ឌាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលតំបន់ខ្លះឡើងកម្តៅរហូតដល់លើ ៤០អង្សារឯណោះ។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តបានព្យាករណ៍ថា សីតុណ្ហភាពនឹងបន្តកើនឡើងខ្លាំងនៅតំបន់អាស៊ីខាងត្បូង ហើយប្រទេសដែលរងឥទ្ធិពលខ្លាំងជាងគេនោះគឺប្រទេសឥណ្ឌានិងប៉ាគីស្ថាន ខណៈ រលកកម្តៅនឹងជះឥទ្ធិពលអាក្រក់ដោយផ្ទាល់និងប្រយោលចំពោះពលរដ្ឋរហូតដល់ ១ពាន់លាននាក់។ គួរបញ្ជាក់ជូនថា ជាច្រើនថ្ងៃកន្លងមកនេះសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌានិងប៉ាគីស្ថានបានកើនឡើងរហូតដល់ ៤៥អង្សាសេ ហើយបញ្ហានេះបានបង្កឲ្យមានបញ្ហាខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់និងធ្វើឲ្យពលរដ្ឋមួយចំនួនត្រូវធ្លាក់ខ្លួនឈឺតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
May 4, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមានពីការកើតមានវិបត្តិស្បៀងអាហារពិភពលោក ក្រោយកងព័ទរុស្ស៊ីបានទម្លាក់គ្រាប់បែក កម្ទេចឃ្លាំងដាក់គ្រាប់ធញ្ញជាតិនៅភាគអាគ្នេយ៍អ៊ុយក្រែន និងស្របពេលដែលភាពតានតឹងចំពោះការបិទច្រកកំពង់ផែរបស់អ៊ុយក្រែននៅសមុទ្រខ្មៅកំពុងកើនឡើងខ្លាំង។ បើតាមលោក Martin Frick ដែលជានាយកផ្នែកស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិបានឲ្យដឹងថា គិតត្រឹមពេលនេះគឺមានគ្រាប់ធញ្ញជាតិប្រហែលជា ៤,៥ លានតោនកំពុងជាប់គាំងនៅកំពង់ផែអ៊ុយក្រែន ហើយគេមិនអាចប្រើប្រាស់ឬចែកចាយស្បៀងអាហារទាំងនោះទៅកាន់ទីណាបាននោះទេ ដ្បិតវាកំពុងស្ថិតក្រោមការកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅថ្ងៃអង្គារ ទី៣ ខែឧសភានេះបានឲ្យដឹងផងដែរថា កងទ័ពរុស្ស៊ីក៏បានលួចយកត្រាក់ទ័ររបស់ក្រុមកសិករអ៊ុយក្រែនយ៉ាងច្រើនផងដែរ ដោយត្រាក់ទ័រទាំងអស់អាចមានតម្លៃរហូតដល់ ៤លានផោន។ ក្រោយបាត់បង់ត្រាក់ទ័រទាំងអស់នោះវាក៏បានធ្វើឲ្យខកខានដល់ការប្រមូលផលកសិកម្មមួយផ្នែកធំផងដែរ ពោលគឺបើគិតជាទឹកប្រាក់ផលដំណាំទាំងអស់អាចមានតម្លៃរហូតដល់ ២៤០,០០០ផោន។ ព្រោះតែមានការរំខានដល់ចង្វាក់នៃការប្រមូលផលកសិកម្មនិងការចែកចាយផលិតផលកសិកកម្មទាំងនេះហើយ ទើបលោកប្រធានាធិបតិ Volodymyr Zelensky ចេញមកព្រមានពីការកើតមានវិបត្តិស្បៀងអាហារជាសកល ដ្បិតនាពេលកន្លងមកប្រទេសអេហ្ស៊ីបនិងទុយនីស៊ីធ្លាប់នាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននិងរុស្ស៊ីរហូតដល់ ៨០% សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសពួកគេ
May 3, 2022 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកនឹងចំណាយប្រាក់ជាង ៣ពាន់លានដុល្លារលើគម្រោងផលិតរថយន្តដើរដោយថាមពលអគ្គិសនី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភានេះ។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ថាកញ្ចប់ថវិកាចំនួន ៣ពាន់លាននេះនឹងត្រូវផ្តល់ជូនទៅកាន់នាយកដ្ឋានថាមពលអាមេរិក ហើយវាគឺជាផ្នែកមួយនៃមូលធិនិចំនួន ១ទ្រីលានដុល្លារ ដែលលោកប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាអនុម័តកាលពីឆ្នាំមុនសម្រាប់ប្រើប្រាស់លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។ ប្រភពខាងលើបានបន្តថា មូលហេតុដែលអាមេរិកសម្រេចចំណាយលុយយ៉ាងច្រើនលើគម្រោងអភិវឌ្ឍន៍រថយន្តដើរដោយតាមថាមពលអគ្គិសនីនេះ ព្រោះអាមេរិកមានគម្រោងចង់ឲ្យមានការដាក់លក់រថយន្តដើរដោយថាមពលអគ្គិសនី ៥០%នៃរថយន្តដាក់លក់ក្នុងទីផ្សារនៅអាមេរិកនៅត្រឹមឆ្នាំ ២០៣០ខាងមុខនេះ។ ជាងនេះទៅទៀតក្រុមអ្នកវិភាគបានមើលឃើញថា ឥរិយាបថរបស់អាមេរិកចំពោះការអភិវឌ្ឍន៍រថយន្តអគ្គិសនីនេះក៏ជាការប្រកួតប្រជែងមួយជាមួយនឹងប្រទេសចិនផងដែរ ដ្បិតក្នុងពេលនេះវិស័យបច្ចេកវិទ្យាលើការផលិតរថយន្តអគ្គិសនីរបស់ចិនកំពុងរីកចម្រើនយ៉ាងខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 3, 2022 - អន្តរជាតិ
អង់គ្លេស៖ ប្រទេសអង់គ្លេសបានសន្យានឹងផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃ ៣០០លានផោន (៣៧៥លានដុល្លារ) ទៅកាន់កងទ័ពអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភានេះ។ ជំនួយថ្មីនេះនឹងរួមបញ្ជូលទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិក ប្រព័ន្ធរ៉ាដា និងអាវុធសំខាន់ៗមួយចំនួនទៀត ខណៈកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសធ្លាប់បានផ្តល់ចំនួយដែលមានទំហំទឹកប្រាក់ ២០០លានផោន (២៥០លានដុល្លារ) ទៅកាន់ប្រទេសអ៊ុយក្រែនរួចម្តងហើយ។ គួរកត់សម្គាល់ថា ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈដែលជាថ្ងៃរុស្ស៊ីផ្តើមធ្វើការឈ្លានពានអ៊ុយក្រែនមក អ៊ុយក្រែនទទួលបានជំនួយជាបន្តបន្ទាប់ពីបណ្តាប្រទេសធំៗជាច្រើន ហើយក្នុងនោះអាមេរិកគឺជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេ។ គិតត្រឹមពេលនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារហើយ ហើយកាលពីសប្តាហ៍មុននេះលោកប្រធានាធិបតីអាមេរិកក៏បានស្នើសុំកញ្ចប់ថវិកាជំនួយពីសភាអាមេរិកក្នុងទំហំទឹកប្រាក់ជាង ២០ពាន់លានដុល្លារសម្រាប់ជួយអ៊ុយក្រែនបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី
May 3, 2022 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២ ខែឧសភានេះបានឲ្យដឹងថា អាជ្ញាធរចិនបានបន្ធូរដៃបន្តិចចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងទីក្រុងសៀងហៃ តែអាជ្ញាធរត្រូវមកបន្ថែមសកម្មភាពនិងការងារជាច្រើនដើម្បីឆ្លើយតបនឹងរលកកូវីដ-១៩ នៅក្នុងរដ្ឋធានីប៉េកាំង។ បើតាមអាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា តួលេខអ្នកឆ្លងកូវីដ-១៩នៅក្នុងទីក្រុងសៀងហៃបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺធ្លាក់ពីខ្ទង់រាប់ពាន់នាក់មកសល់ត្រឹម ៥៨នាក់ប៉ុណ្ណោះសម្រាប់របាយការណ៍នៅក្នុងថ្ងៃចន្ទ ទី២ ឧសភានេះ។ យ៉ាងណាក្តី ភាពតានតឹងបានបន្តកើតមាននៅក្នុងទីក្រុងប៉េកាំងដោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើង ខណៈក្រុមបុគ្គលិកសុខាភិបាលកំពុងតែសម្រុកធ្វើតេស្តទ្រង់ទ្រាយធំចំពោះគ្រប់ពលរដ្ឋក្នុងទីក្រុងទាំងអស់ដែលមានចំនួនរហូតដល់ ២២លាននាក់។ ក្នុងអំឡុងពេលនេះ សកម្មភាពអាជីវកម្មមួយចំនួនក្នុងទីក្រុងប៉េកាំងត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយសេរីភាពក្នុងការធ្វើដំណើរនិងកំសាន្តរបស់ប្រជាពលរដ្ឋក៏ត្រូវកាត់បន្ថយផងដែរ។ សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះអាជ្ញាធរចិនបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបទូទាំងប្រទេសចំនួន ៧,៨២២នាក់ និងស្លាប់សរុបចំនួន ៣២នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
May 2, 2022 - អន្តរជាតិ
រថយន្តយោធានិងរថក្រោះមួយចំនួនរបស់កងទ័ពរុស្ស៊ីដែលកំពុងត្រូវបានគេប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែនត្រូវបានគេប្រទះឃើញជាប់គាំងនិងបែកកង់ជាញឹកញាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃអាទិត្យ ទី២ ខែឧសភាម្សិលមិញនេះ។ មូលហេតុដែលបង្កឲ្យមានបញ្ហាអសកម្មនេះកើតឡើងគឺបណ្តាលមកពីរថយន្តយោធានិងរថក្រោះរបស់កងទ័ពរុស្ស៊ីទាំងនោះត្រូវបានបំពាក់ដោយសម្បកកង់ផលិតនៅក្នុងប្រទេសចិនដែលមានតម្លៃថោកនិងគ្មានគុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេសនោះទេ។ ប្រភពខាងលើបានបន្តថា សម្រាប់រថយន្តយោធានិងរថក្រោះរបស់អង្គការ NATO ត្រូវបានគេបំពាក់ដោយសម្បកកង់ម៉ាក Michelin XZL ផលិតដោយក្រុមហ៊ុននៅតាមបណ្តាប្រទេសលោកខាងលិច ដោយកង់រថយន្តទាំងនោះអាចមានតម្លៃរហូតដល់ ៣៦,០០០ដុល្លារអាមេរិកសម្រាប់កង់មួយឈុតមាន ៥០គ្រាប់។ យ៉ាងណាក្តី មន្ត្រីពុករលួយរុស្ស៊ីមួយចំនួនបានជ្រើសរើសប្រើប្រាស់សម្បកកង់រថយន្តម៉ាក Yellow Sea YS20 ផលិតក្នុងប្រទេសចិន ដែលមានតម្លៃត្រឹមតែ ២០៨ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់កង់មួយឈុតមាន ៥០គ្រាប់ដូចគ្នា។ កត្តានេះហើយទើបធ្វើឲ្យរថយន្តយោធានិងរថក្រោះរុស្ស៊ីងាយជាប់គាំងពេលបើកកាត់ផ្លូវភក់និងងាយបែកពេលបើកផ្លូវឆ្ងាយឬត្រូវកម្តៅថ្ងៃខ្លាំង។ សូមបញ្ជាក់ជូនថា បញ្ហាខាងលើនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ក្បួនយោធារបស់រុស្ស៊ីផងដែរ ពោលគឺបណ្តាលឲ្យមានភាពយឺតយ៉ាវក្នុងការចល័តទ័ពនិងការដឹកជញ្ជូនសម្ភារៈមួយចំនួន៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily
May 2, 2022 - អន្តរជាតិ
ថៃ៖ តាមគម្រោងគឺថៃនឹងរៀបចំការបោះឆ្នោតជ្រើសអភិបាលនៃគណៈអភិបាលក្រុងបាងកក និងជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងនៅក្នុងថ្ងៃទី ២២ ខែឧសភាខាងមុខនេះ ហើយវាក៏ជាការបោះឆ្នោតលើកទី ១១ សម្រាប់ថៃផងដែរ ខណៈការបោះឆ្នោតចុងក្រោយគ្រោងរៀបឡើងកាលពីឆ្នាំ២០១៣ តែត្រូវពន្យាពេលរហូតដល់មកដល់ឆ្នាំ២០១៤ ព្រោះឥទ្ធិពលនៃកម្លាំងយោធាថៃក្នុងការគ្រប់គ្រងរដ្ឋាភិបាល។ ការបោះឆ្នោតត្រូវបានគេមើលឃើញថា បានរៀបចំឡើងក្នុងបរិបថនៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈសំឡេងឆ្នោតរបស់អ្នកជំងឺកូវីដ-១៩នៅតែជាធាតុផ្សំយ៉ាងចាំបាច់បំផុតសម្រាប់លទ្ធផលផ្លូវការនៃការបោះឆ្នោតទាំងមូល។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះអាជ្ញាធរសុខាភិបាលថៃបានសម្រេចដាក់ចេញវិធានការចាំបាច់មួយចំនួនដើម្បីអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ និងពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតែអាចមកបោះឆ្នោតជ្រើសរើសបេក្ខភាពអភិបាលក្រុងដែលពួកគេគាំទ្របានដោយស្មើភាពគ្នាដូចពលរដ្ឋទូទៅដែរ។ បើតាមលោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរថៃនឹងដាក់ឲ្យអនុវត្តនោះរួមមានរៀបចំការិយាល័យបោះឆ្នោតដាច់ដោយឡែកមួយសម្រាប់អ្នកជំងឺកូវីដ-១៩ ហើយក្នុងអំឡុងពេលមកបោះឆ្នោតនោះអ្នកជំងឺទាំងអស់នឹងតម្រូវឲ្យពាក់ម៉ាស់ពិសេសមួយដែលមានកម្រាស់រហូតដល់ ២ជាន់។ រដ្ឋមន្ត្រីសុខាភិបាលរូបនេះបានបន្តថា ខាងមន្ត្រីជំនាញក៏កំពុងពិចារណាដាក់ចេញវិធានការចាំបាច់មួយចំនួនទៀតផងដែរដើម្បីធានាថា ការបោះឆ្នោតត្រូវបានរៀបចំឡើងដោយសុវត្ថិភាពនិងស្មើភាពគ្នាក្នុងចំណោមពលរដ្ឋទាំងអស់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger
April 30, 2022 - អន្តរជាតិ
រុស្ស៊ី៖ ខណៈដែលកងកម្លាំងរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន គឺមានពលរដ្ឋជាង ១លាននាក់ហើយដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ីវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី៣០ ខែមេសានេះ។ បើតាមលោក Sergei Lavrov ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា តួលេខជនភៀសខ្លួនចេញពីអ៊ុយក្រែនមកកាន់រុស្ស៊ីគឺមានចំនួនជាក់ស្តែង ១,០២ លាននាក់ ហើយក្នុងនោះក៏មានជនបរទេសក្រៅពីពលរដ្ឋអ៊ុយក្រែនប្រមាណជា ១២០,០០០នាក់ផងដែរ នេះបើគិតចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈដែលជាថ្ងៃរុស្ស៊ីផ្តើមឈ្លានពានចូលអ៊ុយក្រែនមកទល់នឹងពេលនេះ។ រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា តួលេខជនភៀសខ្លួននេះអាចនឹងបន្តកើនឡើងផងដែរ ដ្បិតពេលនេះរុស្ស៊ីបានទទួលសំណើជនភៀសខ្លួនចេញពីអ៊ុយក្រែនប្រមាណជា ២,៨លាននាក់ហើយ ខណៈរុស្ស៊ីកំពុងពិចារណាដើម្បីរកដំណោះស្រាយសមស្របមួយចំពោះសំណើជនភៀសខ្លួនដ៏ច្រើននេះ។ សូមបញ្ជាក់ជូនថា ពលរដ្ឋអ៊ុយក្រែនដែលបានភៀសខ្លួនទៅកាន់រុស្ស៊ីនេះភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Donetsk និង Luhansk ដែលជាតំបន់រុស្ស៊ីយល់ព្រមទទួលយកការប្រកាសជារដ្ឋឯករាជ្យមុនពេលសង្គ្រាមបានផ្ទុះឡើង។
April 30, 2022 - អន្តរជាតិ
អាហ្វ្រិកខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសានេះបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូងអាចប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ជាថ្មីម្តងទៀត ដ្បិតក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីនៅទូទាំងអាហ្វ្រិកខាងត្បូងហាក់កើនឡើងគួរឲ្យកត់សម្គាល់។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា កូវីដ-១៩ ដែលកំពុងបង្កការព្រួយបារម្ភនៅពេលនេះគឺជាវ៉ារ្យ៉ង់បំប្លែងខ្លួនចេញពីមេរោគអូមីក្រុងប្រភេទ BA.4 និង BA.5។ គួរបញ្ជាក់ជូនថា អាហ្វ្រិកខាងត្បូងគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនជាងគេក្នុងចំណោមប្រទេសនៅទ្វីបអាហ្រ្វិក ហើយដែនដីមួយនេះក៏ធ្លាប់ជាកន្លែងនៃកាកើតមានមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីៗមួយចំនួនផងដែរនាពេលកន្លងមក។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះអាហ្វ្រិកខាងត្បូងមានតួលេខអ្នកឆ្លងកូវីដ-១៩សរុបចំនួន ៣,៧លាននាក់ និងស្លាប់សរុបជាង ១សែននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 30, 2022 - អន្តរជាតិ
របាយការណ៍មួយរបស់កាសែត បាងកកប៉ុស្តិ៍ បានបង្ហាញថា រលកកម្តៅបានធ្វើឲ្យពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់អាស៊ីខាងត្បូងកំពុងប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសាម្សិលមិញនេះ។ ប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយរលកកម្តៅនៅដើមរដូវក្តៅនេះរួមមានប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថាន ខណៈរលកកម្តៅបានធ្វើឲ្យតំបន់ជាច្រើននៅក្នុងប្រទេសទាំងនេះត្រូវប្រឈមនឹងបញ្ហាខ្វះខាតថាមពលសម្រាប់ប្រើប្រាស់ ខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ និងបង្កឲ្យពលរដ្ឋមួយចំនួនត្រូវធ្លាក់ខ្លួនឈឺផងដែរ។ ប្រភពខាងលើបានបន្តថា សីតុណ្ហភាពនៅក្នុងទីក្រុង New Delhi របស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៤៥អង្សាសេ ចំនួន ៣ថ្ងៃមកហើយ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា សីតុណ្ហភាពអាចនឹងបន្តកើនឡើងបន្ថែមទៀតនៅចុងសប្តាហ៍នេះ។ គួររម្លឹកជូនថា គិតចាប់ពីឆ្នាំ ២០១០មករលកកម្តៅបានសម្លាប់ពលរដ្ឋឥណ្ឌាប្រមាណជា ៦,៥០០នាក់ហើយ ខណៈក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា គ្រោះធម្មតជាតិដែលឥណ្ឌាធ្លាប់បានជួបប្រទះនេះនឹងបន្តកើតមានក្នុងបណ្តាប្រទេសជាច្រើនបន្ថែមទៀតដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូង៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 29, 2022









