- Pheakdey
- អន្តរជាតិ
ប្រេស៊ីល៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងដល់ ៧៨នាក់ហើយ នេះបើយោងតាមការាចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃទី៥ ខែឧសភានេះ។ ក្រៅតែពីមានការកើនឡើងនៃចំនួនអ្នកស្លាប់ហើយ ចំនួនអ្នកបាត់ខ្លួនវិញក៏មានការកើនឡើងផងដែរ ពោលគឺគិតត្រឹមពេលនេះតួលេខអ្នកកំពុងបាត់ខ្លួនមានចំនួនរហូតដល់ ១០៥នាក់។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរប្រេស៊ីលបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជា ១១៥,០០០នាក់ឱ្យទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ដ្បិតយោងតាមការព្យាករណ៍បានបង្ហាញថា ភ្លៀងអាចនឹងបន្តធ្លាក់នៅក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ សូមបញ្ជាក់ជូនថា ទីតាំងដែលកំពុងរងការវាយប្រហារដោយឥទ្ធិពលទឹកភ្លៀងខាងលើនេះ គឺរដ្ឋ Rio Grande do Sul ដែលស្ថិតនៅតំបន់ភាគខាងត្បូងនៃប្រទេសស៊ីល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 6, 2024 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ការផ្ទុះរបស់ភ្នំភ្លើង Ruang បានកំពុងតែបង្កជាបញ្ហាយ៉ាងខ្លាំងសម្រាប់រដ្ឋភិបាលឥណ្ឌូនេស៊ី ដ្បិតភ្នំភ្លើងដ៏ធំមួយនេះអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិទាំងនៅក្នុងពេលបច្ចុប្បន្ន និងនៅក្នុងរយៈពេលវែងទៅមុខទៀត។ នៅចំពោះមុខស្ថានភាពនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចធ្វើការជម្លៀសពលរដ្ឋជិត ១០,០០០នាក់ ដែលកំពុងរស់នៅក្បែរតំបន់ភ្នំភ្លើងមួយនេះជាអចិន្ត្រៃយ៍តែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានបញ្ជាក់ថា ទីលំនៅថ្មីរបស់ក្រុមពលរដ្ឋជិត ១០,០០០នាក់នេះគឺមានចម្ងាយពីភ្នំភ្លើង Ruang ប្រមាណជា ២០០គីឡូម៉ែត្រ ហើយវាជាតំបន់មួយដែលជួយឱ្យពួកគេអាចគេចផុតពីឥទ្ធិពលរបស់ភ្នំភ្លើងបានយ៉ាងមានប្រសិទ្ធភាព បើទោះជាភ្នំភ្លើងមួយនេះត្រូវផ្ទុះក្នុងកម្រិតដ៏ធ្ងន់ធ្ងរណាមួយក៏ដោយនៅពេលខាងមុខ។ លោក Joko Widodo បានបន្តថា សម្រាប់ការសាងសង់ផ្ទះនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងសហគមន៍ថ្មីគឺជាបន្ទុករបស់រដ្ឋាភិបាលទាំងអស់ ពោលគឺគ្មានពលរដ្ឋណាម្នាក់ត្រូវចំណាយប្រាក់ចំពោះការផ្លាស់ប្តូរទីលំនៅនេះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 4, 2024 - អន្តរជាតិ
ប្រេស៊ីល៖ រដ្ឋ Rio Grande do Sul ស្ថិតនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីលបានទទួលរងនូវភ្លៀងប្រកបដោយគ្រោះថ្នាក់មួយធំ ដែលបានបណ្តាលឱ្យមានមនុស្សចំនួន ៣៧នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែឧសភានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋកំពុងបាត់ខ្លួនចំនួន ៧០នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ទឹកភ្លៀងបានបង្កឱ្យមានទឹកជំនន់យ៉ាងឆាប់រហ័សនិងបង្ខំឱ្យពលរដ្ឋជាង ២៣,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ភ្លៀងបានថយចុះបន្តិច តែស្ថានភាពទឹកជំនន់នៅតែបង្កជាបញ្ហាខ្លាំងនៅឡើយ ដ្បិតផ្លូវថ្នល់សំខាន់ៗជាច្រើនត្រូវបានកាត់ផ្តាច់ ហើយតំបន់មួយចំនួនត្រូវដាច់ចរន្តអគ្គិសនីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 4, 2024 - អន្តរជាតិ
អារ៉ាប់រួម៖ អាជ្ញាធរនៃប្រទេសអារ៉ាប់រួមបានសម្រេចបិទសាលារៀន និងការិយាល័យជាច្រើនជាថ្មីម្តងទៀតព្រោះតែបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃទី២ ខែឧសភានេះ។ ការទាញសញ្ញាគ្រោះថ្នាក់នៃទឹកជំនន់នៅពេលនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសវាលខ្សាច់មួយនេះបានប្រឈមជាមួយនឹងបញ្ហាទឹកជំនន់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនោះទេកាលពី ២សប្តាហ៍កន្លងទៅនេះ។ យ៉ាងណាក្តី អាជ្ញាធរនៃប្រទេសអារ៉ាប់រួមបានបញ្ជាក់ថា ទឹកជំនន់ដែលបង្កឡើងដោយសម្ពាធទឹកភ្លៀងនៅពេលនេះមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជាទឹកជំនន់ដែលបានកើតឡើងកាលពីពាក់កណ្តាលខែមេសាឡើយ ដ្បិតទឹកភ្លៀងដែលកំពុងធ្លាក់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានកម្រិតកម្ពស់ត្រឹមតែ ៥០មីលីម៉ែត្រប៉ុណ្ណោះ ខណៈកម្ពស់ទឹកភ្លៀងកាលកន្លះខែមុនគឺមានកម្រិតរហូតដល់ ២៥៩,៥ មីលីម៉ែត្រឯណោះ។ គួររម្លឹកជូនថា ទឹកជំនន់ដែលបានវាយប្រហារប្រទេសអារ៉ាប់រួមកាលពីពេលថ្មីៗនេះបានបណ្តាលឱ្យមានពលរដ្ឋនៅក្នុងប្រទេសអារ៉ាប់រួមចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយជើងហោះហើរជាង ២,០០០ជើងត្រូវបានលុបចោលជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 3, 2024 - អន្តរជាតិ
អាមេរិក៖ អាជ្ញាធរអាមេរិកបានជូនដំណឹងឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់មួយចំនួននៅខាងកើតនៃរដ្ឋតិចសាស់ត្រូវជម្លៀសខ្លួនដោយសារបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣ ខែឧសភានេះ។ នៅក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា ការជម្លៀសខ្លួនគឺជាកាតព្វកិច្ច មិនមែនជាជម្រើសឡើយ ដ្បិតទឹកទំនន់នោះបានជនលិចក្នុងកម្រិតប្រកបដោយគ្រោះថ្នាក់បំផុតមួយ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងនៅក្នុងរដ្ឋតិចសាស់នៅពេលនេះគឺជាជំនន់ទឹកភ្លៀង ពោលគឺវាបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់គ្នា។ យោងតាមការព្យាករណ៍បានបង្ហាញថា តំបន់ភាគខាងកើតនៃរដ្ឋតិចសាស់នឹងបន្តមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត ដែលវានឹងបន្ថែមហានិភ័យនៃគ្រោះថ្នាក់ទឹកជំនន់កាន់តែខ្ពស់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរអាមេរិកនៅមិនទាន់រកឃើញមានអ្នកស្លាប់បាត់បង់ជីវិតនៅឡើយទេ តែអាជ្ញាធរបានជួយសង្គ្រោះជីវិតមនុស្សបានចំនួន ៨នាក់ និងសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋបានចំនួន ៣០ក្បាលពីទឹកជំនន់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 3, 2024 - អន្តរជាតិ
ចិន៖ តួលេខអ្នកបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្លូវ Highway នៅក្នុងប្រទេសចិនបានបន្តកើនឡើងដល់ចំនួន ៤៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភានេះ។ គួររម្លឹកជូនថា ហេតុការណ៍អកុសលនេះបានកើតឡើងតាំងតែពីថ្ងៃទី១ ម្លេះ ដោយក្នុងពេលកើតហេតុនោះគឺមានរថយន្តចំនួន ២០គ្រឿង ដែលបានធ្លាក់ចេញពីផ្លូវចូលទៅក្នុងប្រឡាយនៅក្បែរនោះ ខណៈប្រឡាយនោះមានកម្ពស់ប្រមាណជា ១៨ម៉ែត្រ។ សូមបញ្ជាក់ជូនថា ហេតុការណ៍បាក់ផ្លូវ Highway ដ៏កម្រនេះបានកើតឡើងនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ខណៈមូលហេតុដែលបង្កឱ្យមានការបាក់ផ្លូវយ៉ាងឆាប់រហ័សនេះគឺដោយសារតែតំបន់ខាងលើនេះបានរងនូវឥទ្ធិពលភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។ សូមរម្លឹកជូនផងដែរថា ភ្លាមៗក្រោយពេលកើតហេតុគេបានរកឃើញអ្នកស្លាប់មានចំនួន ២៤នាក់ប៉ុណ្ណោះ មួយថ្ងៃក្រោយមកតួលេខអ្នកស្លាប់នេះបានកើនឡើងដល់ ៣៦នាក់ ហើយគិតត្រឹមពេលនេះតួលេខអ្នកស្លាប់ក៏បានបន្តកើនឡើងរហូតដល់ ៤៨នាក់ ខណៈអ្នកដែលកំពុងរងរបួសធ្ងន់ធ្ងរក៏នៅមានចំនួនច្រើននាក់ផងដែរ៕ អត្ថបទ៖ភក្តី
May 3, 2024 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់ពលរដ្ឋចិនចំនួន ៣៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្លូវ Highway មួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងកាលពីម៉ោង ២ និង ១០នាទីព្រឹកនៃថ្ងៃពុធ ទី១ ម្សិលមិញ នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុនោះគឺមានរថយន្តចំនួន ២០គ្រឿងកំពុងបើកឆ្លងកាត់លើកំណាត់ផ្លូវដែលបានបាក់នោះ ហើយក្រោយពេលបាក់ផ្លូវភ្លាមរថយន្តទាំងអស់នោះបានធ្លាក់ចូលទៅក្នុងប្រលាយនៅក្បែរនោះដែលកម្ពស់ប្រមាណជា ១៨ម៉ែត្រ។ គិតត្រឹមពេលនេះប្រតិបត្តិការណ៍ស្ទូចរថយន្តមកវិញនៅកំពុងធ្វើឡើងនៅឡើយ ខណៈមានពលរដ្ឋចំនួន ៣០នាក់ផ្សេងទៀតកំពុងតែរងរបួសធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា បញ្ហាបាក់ផ្លូវខាងលើនេះបានកើតឡើងដោយសារតែតំបន់ខាងលើនេះបានរងនូវភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់គ្នាមកហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
May 2, 2024 - អន្តរជាតិ
ឥណ្ឌា៖ តំបន់ភាគខាងកើតនៃប្រទេសឥណ្ឌាបានប្រឈមជាមួយនឹងបញ្ហារលកកម្តៅអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈសីតុណ្ហភាពនៅតាមតំបន់ខ្លះបានកើនឡើងខ្ពស់ក្នុងកម្រិតមិនធ្លាប់មានទៀតផង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែឧសភានេះ រលកកម្តៅបានបណ្តាលឱ្យមានពលរដ្ឋឥណ្ឌាចំនួន ៩នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត៕ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយសហគមន៍ជាច្រើននៅក្នុងតំបន់ខាងលើនេះក៏កំពុងតែប្រឈមនឹងបញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ផងដែរ ដោយប្រភពទឹកសំខាន់ៗជាច្រើនបានរីកស្ងួតអស់។ សូមបញ្ជាក់ជូនថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះគឺពួកគាត់បានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ក្រោយពួកគាត់បានព្យាយាមធ្វើការងារនៅក្រោមកម្តៅថ្ងៃខ្លាំងអស់រយៈពេលជាច្រើនម៉ោង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 2, 2024 - អន្តរជាតិ
វៀតណាម៖ បញ្ហារលកកម្តៅបានបណ្តាលឱ្យត្រីរាប់សែនក្បាលបានងាប់នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១ ខែឧសភានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងអាងស្តុកទឹកមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Dong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម។ ប្រភពខាងលើនេះបានបន្តថា ការងាប់ត្រីក្នុងចំនួនដ៏ច្រើននេះក៏បានបង្កឱ្យមានក្លិនអាក្រក់យ៉ាងខ្លាំងនៅជុំវិញតំបន់អាងស្តុកទឹកនោះដែរ ខណៈអាជ្ញាធរវៀតណាមកំពុងតែព្យាយាមធ្វើការសម្អាតត្រីទាំងអស់នោះហើយ។ សូមបញ្ជាក់ជូនថា វៀតណាមក៏កំពុងតែប្រឈមជាមួយនឹងបញ្ហារលកកម្តៅក្នុងកម្រិតដ៏ធ្ងន់ធ្ងរផងដែរ តែរហូតមកទល់នឹងពេលនេះអាជ្ញាធរវៀតណាមនៅមិនទាន់រកឃើញមានពលរដ្ឋណាម្នាក់បានកើតមានជំងឺ ឬស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 2, 2024 - អន្តរជាតិ
ថៃ៖ សីតុណ្ហភាពនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងខ្ពស់នៅក្នុងខែមេសានេះ ដោយសីតុណ្ហភាពនៅតាមតំបន់ជាទូទៅ គឺបានកើនឡើងខ្ទង់ ៤០អង្សាសេ ខណៈតំបន់ដាច់ស្រយ៉ាលមួយចំនួនវិញ គឺសីតុណ្ហភាពកើនឡើងរហូតដល់កម្រិត ៤៤,២ អង្សាសេ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣០ ខែមេសានេះបានបញ្ជាក់ថា ជាមួយនឹងសីតុណ្ហភាព ៤៤,២អង្សាសេ តំបន់ទាំងនោះក៏បានកត់ត្រាសីតុណ្ហភាពដ៏ខ្ពស់មិនធ្លាប់មានផងដែរ បើគិតចាប់តាំងពីឆ្នាំ ១៩៥៨មក។ ប្រភពខាងលើបានបន្តថា បញ្ហារលកកម្តៅនៅក្នុងរដូវក្តៅឆ្នាំ២០២៤នេះ បានបណ្តាលឱ្យមានពលរដ្ឋថៃចំនួន ៣០នាក់ហើយ ដែលត្រូវស្លាប់បាត់បង់ជីវិត ដោយជនរងគ្រោះទាំងអស់នោះសុទ្ធតែបានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ក្រោយពួកគេបានស្ថិតនៅក្រោមសីតុណ្ហភាពដ៏ខ្ពស់ក្នុងរយៈពេលជាច្រើនម៉ោង។ ក្រៅតែបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់ជីវិតហើយ បញ្ហារលកកម្តៅក៏បានជម្រុញឱ្យតំបន់មួយចំនួននៅក្នុងប្រទេសថៃ ត្រូវប្រឈមនឹងបញ្ហាខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរថៃបានណែនាំឱ្យពលរដ្ឋខ្លួនត្រូវបន្ថែមការប្រុងប្រយ័ត្ន ក្នុងការថែទាំសុខភាពរបស់ពួកគេឱ្យបានខ្ជាប់ខ្ជួន
April 30, 2024









