- Pheakdey
- អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ខ្លួនបានផ្តល់ប្រាក់រង្វាន់ចំនួន ១,៤ពាន់លានដុល្លាររួចហើយសម្រាប់ការអភិវឌ្ឍន៍វិធីព្យាបាលនិងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ នៅក្នុងទំហំប្រាក់រង្វាន់ដ៏ច្រើននេះក៏មានប្រាក់ចំនួន ៣២៦ដុល្លារគឺជាកិច្ចសន្យារវាងរដ្ឋាភិបាលអាមេរិកជាមួយនិងក្រុមហ៊ុន Regeneron Pharmaceuticals ក្នុងការអភិវឌ្ឍន៍វិធីព្យាបាលនិងវ៉ាក់សាំងជំងឺកូវីដ-១៩ជំនាន់ថ្មីផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះបានឲ្យដឹងថា ប្រាក់រង្វាន់ចំនួន ១,៤ពាន់លានដុល្លារនេះគឺជាផ្នែកមួយនៃកញ្ចប់ទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារ ដែលរដ្ឋាភិបាលបានអនុម័តកាលពីឆ្នាំ ២០២០កន្លងទៅសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សូមបញ្ជាក់ជូនថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នាពេលកន្លងមកគឺមានបញ្ចូលនូវកម្មវិធីសំខាន់ៗជាច្រើន ដូចជាផលិតឧបករណ៍ធ្វើតេស្តឆាប់រហ័ស ធ្វើការពិសោធន៍វ៉ាក់សាំងឬវិធីព្យាបាលថ្មីៗ និងការចែកជូនវ៉ាក់សាំងទៅកាន់បណ្តាប្រទេសមួយចំនួននៅជុំវិញពិភពលោកជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 24, 2023 - អន្តរជាតិ
អាមេរិក៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរអាមេរិក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៣ ខែសីហានេះបានឲ្យដឹងថា ចំនួនពលរដ្ឋអាមេរិកដែលកំពុងបាត់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនិងបន្តឆេះរាលដាលទីក្រុង Lahaina ស្ថិតនៅលើកោះ Maui រដ្ឋ Hawaii គឺមានចន្លោះពី ១,០០០ ទៅ ១,១០០នាក់ ខណៈគេមិនបានរំពឹងខ្ពស់ថានឹងអាចរកឃើញជនដែលកំពុងបាត់ខ្លួនទាំងអស់នោះទេ។ គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងឡើងតាំងតែពីថ្ងៃទី ៨ ខែសីហាម្ល៉េះ ហើយគិតត្រឹមពេលនេះគឺមានមនុស្សចំនួន ១១៥នាក់ ត្រូវបានរកឃើញថាបានស្លាប់បាត់បង់ជីវិត។ គួរបញ្ជាក់ជូនផងដែរថា ក្រុង Lahaina គឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតមួយរបស់អាមេរិក ហើយក្រុងមួយនេះគឺមានតាំងនៅជាប់សមុទ្រតែម្តង ហើយនៅពេលមានភ្លើងឆេះក្រុងនោះក៏មានពលរដ្ឋមួយចំនួនបានសម្រេចលោតចូលទៅក្នុងសមុទ្រដើម្បីគេចចេញពីអគ្គិភ័យផងដែរ ខណៈភ្លើងបានឆេះបំផ្លាញទីក្រុងមួយនេះអស់ប្រហែលជា ៨០%៕ អត្ថបទ៖ ភក្តី
August 23, 2023 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីរសៀលថ្ងៃពុធ ទី២៣ ខែសីហាម្សិលមិញនេះ។ ស្ពានដែលបានបាក់នេះ គឺជាផ្លូវសម្រាប់រថយន្តភ្លើងបើកឆ្លងកាត់ មានទីតាំងស្ថិតនៅក្នុងរដ្ឋ Mizoram ភាគខាងលិចនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ស្ពានដែលបានបាក់ខាងលើនេះគឺកំពុងស្ថិតក្នុងការសាងសង់ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺជាក្រុមកម្មករ ដែលកំពុងធ្វើការសាងសង់ស្ពាននោះផ្ទាល់តែម្តង។ ភ្លាមៗក្រោយកើតមានរឿងអកុសលនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសថា នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២,៤០០ដុល្លារទៅកាន់ក្រុមគ្រួសារនីមួយៗរបស់ជនរងទាំង ១៧នាក់នោះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 23, 2023 - អន្តរជាតិ
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់នៅក្នុងយប់ដំបូង ដែលរូបលោកត្រូវជាប់ឃុំនៅក្នុងពន្ធនាគារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហានេះ។ ការសម្រេចបញ្ជូនអតីតនាយករដ្ឋថៃវ័យ ៧៤ឆ្នាំរូបនេះទៅកាន់មន្ទីរពេទ្យ ត្រូវបានធ្វើឡើងក្រោយរូបលោកកើតមានបញ្ហាបេះដូង និងបញ្ហាឡើងសម្ពាធឈាម។ គួររម្លឹកជូនថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា បានវិលត្រលប់ទៅកាន់ប្រទេសថៃវិញនៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ក្រោយរូបលោកបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។ ក្រោយពេលទៅដល់ប្រទេសថៃភ្លាម លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា ត្រូវបានតុលាការថៃសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៨ឆ្នាំ ហើយរូបលោកត្រូវបានអាជ្ញាធរថៃសម្រេចឃុំខ្លួននៅក្នុងថ្ងៃដដែលនោះតែម្តង ខណៈនៅម៉ោង ២យប់ឆ្លងចូលថ្ងៃពុធនេះ រូបលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវិញព្រោះបញ្ហាសុខភាព។
August 23, 2023 - អន្តរជាតិ
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រលប់មកកាន់មាតុប្រទេសវិញហើយនៅក្នុងថ្ងៃអង្គារ ទី២២ ខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ កាលវិលត្រលប់មកកាន់ទឹកដីថៃវិញនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ឆ្នាំរូបនេះបានធ្វើការនិរទេសខ្លួនទៅរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ។ ប្រភពខាងលើបានបន្តថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរតាមយន្តហោះឯកជនពីប្រទេសសិង្ហបុរីមកកាន់ប្រលានយន្តហោះអន្តរជាតិដុនមឿងក្នុងប្រទេសថៃ នៅម៉ោង ៩ ព្រឹកមិញនេះ ខណៈរូបលោកបានបង្ហាញខ្លួនជាសាធារណៈក្នុងរយៈពេលប្រមាណជា ២០នាទីប៉ុណ្ណោះ ក្រោយពេលមកដល់ព្រលានយន្តហោះ។ ក្នុងអំឡុងពេលបង្ហាញខ្លួនជាសាធារណៈនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានអញ្ជើញទៅគោរពរូបសំណាក់ព្រះមហាក្សត្រថៃដែលគេដាក់តាំងនៅមុខព្រលានយន្តហោះផងដែរ ខណៈរូបលោកនៅមិនទាន់ធ្វើសន្និសិទ្ធកាសែតជាលក្ខណៈផ្លូវការណាមួយនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 22, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖អាជ្ញាធរក្រុងចាកាតានៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចដាក់ឲ្យបុគ្គលិកនិងសិស្សសាលារាប់ម៉ឺនអាចធ្វើការងារនិងរៀនពីចម្ងាយបានក្នុងរយៈពេល ២ខែ ដើម្បីគេចចេញពីបញ្ហាខ្យល់កខ្វក់ ដែលកំំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Barrons បានបញ្ជាក់ថា វិធានការខាងលើនេះត្រូវអនុវត្តចាប់ពីថ្ងៃចន្ទ ទី២១ ខែសីហា រហូតដល់ថ្ងៃទី ២១ ខែតុលា។ ប្រភពខាងលើបានបន្តថា នៅក្នុងការអនុវត្តវិធានការខាងលើនេះគឺអាជ្ញាធរក្រុងចាកាតាបានកំណត់ថា ៥០% នៃបុគ្គលិកទូទៅដែលមានចំនួនសរុបជាង ៥០,០០០នាក់អាចឆ្លាស់វេនគ្នាធ្វើការងារពីផ្ទះបាន និង ៧៥% នៃមន្ត្រីរាជការអាចធ្វើការពីផ្ទះមកបាន បើទោះជានៅក្នុងចន្លោះថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន (ASEAN Summit) ក៏ដោយ។ សូមបញ្ជាក់ជូនថា បញ្ហាខ្វល់កខ្វក់ដែលកំពុងកើតមាននៅក្នុងទីក្រុងចាកាតានៅពេលនេះ គឺបញ្ហាមានលម្អងធូលីនៅក្នុងបរិយកាសលើសពីកម្រិត PM 2.5
August 22, 2023 - អន្តរជាតិ
ឈីលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់មួយមេធំនៅក្នុងប្រទេសឈីលី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះបានបញ្ជាក់ថា តំបន់ដែលកំពុងតែរងការគំរាមគំហែងខ្លាំងពីទឹកភ្លៀងគឺតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេស ខណៈឥទ្ធិពលរបស់ភ្លៀងបានបង្កឲ្យមានទឹកជំនន់យ៉ាងឆាប់រហ័សមួយ។ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គ្រោះធម្មជាតិមួយនេះបានបង្កផលប៉ះពាល់ដល់ពលរដ្ឋឈីលីជាច្រើននាក់ផ្សេងទៀតផងដែរដូចជា ពលរដ្ឋជិត ៣៤,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ពលរដ្ឋ ២៦,០០០នាក់កំពុងរស់នៅដោយពុំអាចទទួលបានសេវាសាធារណៈផ្សេង ខណៈពលរដ្ឋចំនួន ៣៨,០០០នាក់ពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះលោកប្រធានាធិបតី Gabriel Boric បានសម្រេចប្រកាសដាក់ប្រទេសកំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 22, 2023 - អន្តរជាតិ
អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន គ្រោងនឹងធ្វើការជម្រុញឲ្យពលរដ្ឋអាមេរិកទាំងអស់ទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដូសជម្រុញបន្ថែមចំនួន ១ដូសទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហានេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងជម្រុញឲ្យពលរដ្ឋគ្រប់រូបមកទទួលយកវ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀតនេះគឺត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋមេរិកហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ក្រៅតែពីបានកត់សម្គាល់អំពីការកើនឡើងនៃចំនួនអ្នកឆ្លងថ្មីហើយ ក្រុមអ្នកជំនាញក៏បានរកឃើញថា មេរោគនៃកូវីដ-១៩បានបន្តបំប្លែងខ្លួនទៅជាមេរោគថ្មីមួយចំនួនបន្ថែមទៀតផងដែរ ហើយក្នុងនោះមេរោគបំប្លែងខ្លួនថ្មីដែលគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតគឺមេរោគបំប្លែងខ្លួនប្រភេទ XBB.1.5។ សូមបញ្ជាក់ថា បើទោះជំងឺកូវីដ-១៩ លែងជាជំងឺបង្កការគំរាមគំហែងពិភពលោកខ្លាំងដូចមុនក៏ដោយ តែជំងឺនេះនៅតែបន្តចម្លងទៅកាន់មនុស្សជាច្រើននៅជុំវិញពិភពលោក ខណៈភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះគឺបានកើតមានអាការៈកម្រិតស្រាលបំផុត ពោលគឺដូចការកើតជំងឺផ្តាសាយធម្មតាអីចឹងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
August 21, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងគឺលោក គឹម ជុងអ៊ុន បានបញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្របាញ់ចេញពីនាវាចម្បាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហានេះ។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងនៅតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើង ខណៈមីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺមានចំនួនជាច្រើនគ្រាប់និងត្រូវបានបាញ់បន្តបន្ទាប់គ្នាភ្លាមៗតែម្តង។ ប្រភពខាងលើបានបន្តថា មីស៊ីលជាច្រើនគ្រាប់ដែលបានបាញ់ចេញពីនាវាចម្បាំងរបស់កងយោធាជើងទឹកកូរ៉េខាងជើងនោះគឺសុទ្ធតែបានធ្លាក់ចំគោលដៅទាំងអស់ ពោលគឺគ្មានបញ្ហាបាញ់មិញចេញ ឬបាញ់ខុសគោលដៅមួយគ្រាប់ណាឡើយ។ សូមបញ្ជាក់ជូនថា ការសម្រេចបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលអាមេរិកនិងកូរ៉េខាងត្បូងបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាមួយ ខណៈកូរ៉េខាងជើងបានចាត់ទុកការធ្វើសមយុទ្ធយោធានោះគឺជាការត្រៀមធ្វើសង្គ្រាមពិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 21, 2023 - អន្តរជាតិ
វៀតណាម៖ បុរសវៀតណាមម្នាក់ស្ទើរតែស្លាប់បាត់បង់ជីវិតក្រោយបរិភោគក្តាមស្រស់ដែលមានផ្ទុកមេរោគ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger។ បុរសជនរងគ្រោះមានអាយុ ៣១ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅតំបន់ភាគខាងជើងប្រទេសវៀតណាម ដែលជាតំបន់មួយមានការនិយមទទួលទានអាហារឆៅដូចជា ក្តាមឆៅឬបង្គាឆៅ យ៉ាងខ្លាំងបំផុត ហើយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះរូបគាត់បានទៅញ៉ាំភ្លាក្តាមសមុទ្រស្រស់អស់ជាច្រើនក្បាលនៅផ្ទះមិត្តភក្តិរបស់គាត់។ ក្រោយទទួលទានក្តាមស្រស់នេះរួច បុរសជាជនរងគ្រោះបានកើតមានអាការៈធ្ងន់ធ្ងរមួយចំនួនដូចជា ស្រកទម្ងន់ ក្អក ក្អួត អស់កម្លាំង ឈឺក្បាជាប្រចាំ ពិបាកដកដង្ហើម និងពេលខ្លះថប់ដង្ហើមស្ទើរតែស្លាប់ទៀតផង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យក្រុមវេជ្ជបណ្ឌិតបានរកឃើញថា បុរសជនរងគ្រោះមានជំងឺ Paragonimiasis ដែលជាប្រភេទជំងឺបង្កឡើងដោយសារសួតមានបញ្ហាធ្ងន់ធ្ងរ ដូចជារលាកសួតឬទងសួតកម្រិតធ្ងន់ជាដើម។ ជាទូទៅជំងឺប្រភេទនេះបង្កឡើងដោយបាក់តេរី Paragonimus ដែលមានតោងជាប់នៅលើក្តាម ឬបង្គាស្រស់ ប្រសិនបើលោកអ្នកមិនបានចម្អិនវាឲ្យឆ្អិនល្អនោះទេមុនពេលទទួលទាន។ ដើម្បីចៀសវាងបញ្ហាខាងលើនេះ លោកអ្នកគួរចម្អិនអាហារគ្រប់មុខឲ្យបានឆ្អិនល្អគ្រប់ពេល ហើយបើក្នុងករណីចង់បរិភោគឆៅលោកអ្នកត្រូវលាងសម្អាតវាឲ្យបានស្អាតល្អដើម្បីឲ្យអស់មេរោគ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
August 19, 2023












