- Pheakdey
- អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានទាញសញ្ញាអាសន្នមួយជុំវិញការមកដល់នូវព្យុះទីហ្វុង Doksuri នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះ។ បើតាមការិយាល័យសេវាកម្មអាកាសធាតុចិនបានបញ្ជាក់ថា សញ្ញាអាសន្នខាងលើនេះគឺជា “សញ្ញាអាសន្នក្រហម” ឬជាការទាញសញ្ញាអាសន្នកម្រិតស្រាលមួយ ដើម្បីណែនាំឲ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងបញ្ហាផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ព្យុះទីហ្វុង Doksuri បានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងទីក្រុងប៉េកាំងរហូតធ្វើឲ្យមានទឹកជន់លិចតាមដងផ្លូវសំខាន់ៗមួយចំនួនទៀតផង។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬត្រូវជម្លៀសខ្លួននៅឡើយទេ ខណៈព្យុះនឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងប្រទេសចិនជាច្រើនថ្ងៃបន្ថែមទៀត។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២២កន្លងទៅចិនធ្លាប់បានទទួលរងនូវការវាយប្រហារដោយព្យុះកំណាចមួយ ដែលបង្កឲ្យមានជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស និងបានបណ្តាលឲ្យមានមនុស្ស ៧៩នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
July 30, 2023 - អន្តរជាតិមនុស្ស ៩នាក់បានបាត់បង់ជីវិត និង ១១៥នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចដ៏ធំមួយនៅប្រទេសថៃ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចដ៏ធំមួយនៅប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះ។ ឃ្លាំងស្តុកកាំជ្រួចមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Sungai Kolok នៃខេត្ត Narathiwat Narathiwat ភាគខាងត្បូងប្រទេសថៃ ខណៈហេតុការណ៍ផ្ទុះបានកើតឡើងកាលពីល្ងាចម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍ផ្ទុះក៏បានបណ្តាលឲ្យមានមនុស្សចំនួន ១១៥នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ គិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងអំពីដើមហេតុដែលបង្កឲ្យមានការផ្ទុះនេះនៅឡើយទេ ខណៈអាជ្ញាធរថៃបានបញ្ជាក់ថាតួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើងផងដែរ ដ្បិតជនរងគ្រោះមួយកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគ្រូពេទ្យពិបាកនឹងសង្គ្រោះជីវិតរបស់ពួកគាត់ខ្លាំងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 30, 2023 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់កញ្ចប់ជំនួយសព្វាវុធដែលមានតម្លៃ ៣៤៥លានដុល្លារទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី២៩ ខែកក្កដានេះ។ យ៉ាងណាក្តី រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតជុំវិញការសម្រេចផ្តល់ជំនួយជាគ្រឿងសព្វាវុធខាងលើនេះទេ។ សម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា ទង្វើរបស់សហរដ្ឋអាមេរិកនៅពេលនេះទំនងជាមានចេតនាធ្វើឲ្យចិនមានកំហឹង ដែលជាផ្នែកមួយនៃនយោបាយការទូតរបស់ខ្លួន។ គួរបញ្ជាក់ជូនថា ចិននិងអាមេរិកបានកើតមានរឿងចម្រូងចម្រាសជាមួយគ្នាជាបន្តបន្ទាប់ជុំវិញករណីកោះតៃវ៉ាន់ ដ្បិតអាមេរិកគឺជាអ្នកគាំទ្រកោះតៃវ៉ាន់ក្នុងការផ្តាច់ខ្លួនជារដ្ឋឯករាជ្យ ខណៈចិនតែងគិតថាតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួននិងរក្សាជំហរថា បើតៃវ៉ាន់ហានប្រកាសជារដ្ឋឯករាជ្យមែននោះគឺនឹងមានសង្គ្រាមផ្ទុះឡើងតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 29, 2023 - អន្តរជាតិ
រុស្ស៊ី៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ក្រោយហោះទៅទាក់ជាមួយនឹងខ្សែភ្លើង និងបានបណ្តាលឲ្យមានមនុស្សចំនួន ៦នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងតំបន់ Altai Republic ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដាម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់ខាងលើនេះជាឧទ្ធម្ភាគចក្រប្រភេទ Mi-8 និងជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Altai Avia ហើយក្នុងអំឡុងពេលហោះហើរនោះនៅក្នុងឧទ្ធម្ភាគចក្រមានផ្ទុកមនុស្សសរុបចំនួន ១៣នាក់។ យ៉ាងណាក្តី ហេតុការណ៍គ្រោះថ្នាក់បានផ្តាច់យកជីវិតមនុស្សត្រឹមតែ ៦នាក់ប៉ុណ្ណោះ ខណៈ ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ៕ អត្ថបទ៖ ភក្តី ប្រភព៖ VN Express
July 28, 2023 - អន្តរជាតិ
ចិន៖ ព្យុះទីហ្វុង Doksuri នៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងតំបន់មួយចំនួននៅក្នុងប្រទេសចិន។ បើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះបានឲ្យដឹងថា ឥទ្ធិពលរបស់ព្យុះ Doksuri បានបង្កឲ្យមានសាឡាងមួយគ្រឿងលិចនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងបានបណ្តាលឲ្យមានមនុស្សចំនួន ២៥នាក់ត្រូវស្លាប់បាត់បង់ជីវិត។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះ Doksuri បានបង្កឲ្យពលរដ្ឋហ្វីលីពីនសរុបចំនួន ៣៦នាក់ហើយត្រូវស្លាប់បាត់បង់ជីវិត ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់ទាំងស្រុងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅថ្ងៃទី ២៨ ខែកក្កដានេះព្យុះ Doksuri បានបន្តបោកបក់ទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេសចិនបន្ថែមទៀត ដោយព្យុះកំណាចមួយនេះត្រូវបោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅចំពោះមុខការមកដល់របស់ព្យុះ Doksuri
July 28, 2023 - អន្តរជាតិ
តៃវ៉ាន់៖ ព្យុះទីហ្វុង Doksuri បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅលើកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះ។ បើតាមការិយាល័យអាកាសធាតុរបស់តៃវ៉ាន់បានបញ្ជាក់ថា នៅថ្ងៃទី ២៧នេះ ព្យុះទីហ្វុង Doksuri បានបោកបក់ក្នុងល្បឿន ១៩១គីឡូម៉ែត្រឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃកោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃព្យុះទីហ្វុង Doksuri បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈអាជ្ញាធរតៃវ៉ាន់ក៏បានព្រមានពីលទ្ធភាពនៃការកើតមានទឹកជំនន់ និងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។ នៅចំពោះមុខស្ថានភាពអាក្រក់នេះ អាជ្ញាធរតៃវ៉ាន់បានសម្រេចបិទសាលារៀន ផ្អាកសកម្មភាពធ្វើអាជីវកម្មមួយចំនួន ខណៈជើងហោះហើរជាច្រើនត្រូវបានពន្យារពេល។ ជាងនេះទៅទៀតអាជ្ញាធរតៃវ៉ាន់ក៏បានណែនាំឲ្យពលរដ្ឋជាង ៤,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 27, 2023 - អន្តរជាតិ
ហូឡង់៖ នាវាមួយគ្រឿងដែលមានផ្ទុករថយន្តជិត ៣,០០០គ្រឿងបានឆេះនៅកណ្តាលសមុទ្រក្នុងប្រទេសហូឡង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះ។ នាវាមួយគ្រឿងនេះមានឈ្មោះថា Fremantle Highway មានប្រវែង ១៩៩ម៉ែត្រ ជានាវាដែលបានចុះបញ្ជីនៅក្នុងប្រទេសប៉ាណាម៉ា ខណៈហេតុការណ៍ឆេះដ៏កម្រនេះបានកើតឡើងក្នុងអំឡុងពេលដែលនាវាកំពុងធ្វើដំណើរពីប្រទេសអាឡឺម៉ង់ទៅកាន់ប្រទេសអេហ្ស៊ីប។ ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលខាងលើនេះបានបណ្តាលឲ្យសមាជិកនាវិកម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈសមាជិកនាវិកមួយចំនួនបានរងរបួសក្រោយសម្រេចលោតចេញពីនាវា។ គិតត្រឹមពេលនេះគេនៅមិនទាន់អាចរកឃើញមូលហេតុដែលបង្កឲ្យមានភ្លើងឆេះបាននៅឡើយទេ។ សម្រាប់ស្ថានភាពនៅពេលនេះគឺគេបានមើលឃើញថា ភ្លើងអាចនឹងបន្តឆេះក្នុងរយៈពេលយូរបន្ថែមទៀត ដ្បិតនៅលើនាវានោះមានផ្ទុករថយន្តដើរដោយថាមពលអគ្គិសនីចំនួន ២៥គ្រឿង ដែលអាចបង្កឲ្យមានភ្លើងឆេះងំយូរ ហើយគេក៏ពិបាកធ្វើការពន្លត់ផងដែរ ព្រោះការប្រើទឹកច្រើនដើម្បីពន្លត់ភ្លើងអាចធ្វើនាវាត្រូវលិចចូលទៅក្នុងសមុទ្រតែម្តង៕ Dutch coastguard says Fremantle Highway cargo vessel
July 27, 2023 - អន្តរជាតិ
ថៃ៖ គណៈរដ្ឋមន្ត្រីនៃប្រទេសថៃបានសម្រេចបន្ថែមឲ្យមានថ្ងៃឈប់សម្រាកថ្នាក់ជាតិមួយថ្ងៃទៀតនៅថ្ងៃទី ៣១ ខែកក្កដាក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដានេះ។ ការសម្រេចបន្ថែមថ្ងៃឈប់សម្រាកមួយថ្ងៃទៀតនេះនឹងអនុញ្ញាតឲ្យប្រទេសថៃមានថ្ងៃឈប់សម្រាករហូតដល់ ៦ថ្ងៃជាប់គ្នា ដោយគិតចាប់ពីថ្ងៃទី ២៨ ខែកក្កដា រហូតដល់ថ្ងៃទី ២ សីហាក្នុងឆ្នាំ ២០២៣នេះ។ បើតាមអាជ្ញាធរថៃបានដាក់ការរំពឹងទុកថា ការឈប់សម្រាកក្នុងរយៈពេលដ៏យូរនេះនឹងជម្រុញឲ្យមានសកម្មភាពទេសចរណ៍យ៉ាងច្រើនកុះករនៅតាមទីរមនីយដ្ឋានសំខាន់ៗទូទាំងប្រទេសថៃពីសំណាក់ពលរដ្ឋនៅក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ។ គួរបញ្ជាក់ជូនថា ជាធម្មតាថៃតែងរៀបចំឲ្យមានថ្ងៃឈប់សម្រាក ឬព្រឹត្តិការណ៍កំសាន្តផ្សេងៗឲ្យបានច្រើនដើម្បីជំរុញវិស័យទេសចរណ៍ ដ្បិតវិស័យមួយនេះគឺជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចជាតិថៃ ខណៈប្រទេសមួយចំនួនបើមានថ្ងៃឈប់សម្រាកកាន់តែច្រើនគឺជាការខាតបង់សេដ្ឋកិច្ចច្រើនទៅវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 26, 2023 - អន្តរជាតិ
អូស្រ្តាលី៖ តុលាការអូស្រ្តាលីបានបង្គាប់ឲ្យក្រុមហ៊ុន Facebook បង់ប្រាក់ពិន័យចំនួន ២០លានដុល្លារអូស្រ្តាលី (១៣,៥៧លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដានេះ។ ការពិន័យខាងលើនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា Facebook បានលួចយកទិន្នន័យអ្នកប្រើប្រាស់គណនី Facebook នៅក្នុងប្រទេសអូស្រ្តាលីដោយគ្មានការអនុញ្ញាត។ បើតាមគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលីបានបញ្ជាក់ថា Facebook ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Meta នោះបានលួចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលីជាច្រើនឆ្នាំមកហើយ ជាពិសេសនោះគឺនៅក្នុងអំឡុងឆ្នាំ ២០១៦ ដែលជាពេលអាមេរិកត្រូវរៀបចំការបោះឆ្នោតជាតិដ៏ធំមួយ។ ប្រភពខាងលើបានបន្តថា ទិន្នន័យដែល Facebook បានលួចប្រមូលដោយគ្មានការអនុញ្ញាតនោះមានដូចជា ទីតាំងរបស់អ្នកប្រើប្រាស់ ពេលវេលានៃការប្រើប្រាស់ និងខ្លឹមសារមួយចំនួនដែលក្រុមអ្នកប្រើប្រាស់បានបង្ហោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 26, 2023 - អន្តរជាតិ
បារាំង៖ អាជ្ញាធរបារាំងនឹងបើកឲ្យពលរដ្ឋអាចចុះហែលទឹកលេងនៅក្នុងស្ទឹងសែន (Seine)បានឡើងវិញក្រោយបិទអស់រយៈពេល ១០០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC។ នាពេលកន្លងមក ស្ទឹងសែនដែលជាអាងស្តុកទឹកដ៏សំខាន់មួយនៅក្នុងទីក្រុងបារីសនោះត្រូវបានផ្អាកមិនឲ្យពលរដ្ឋចុះហែលទឹកលេងនោះទេក្រោមហេតុផលថា ទឹកស្ទឹងមានផ្ទុកនូវសារធាតុកខ្វក់និងបាក់តេរីដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពបាន។ យ៉ាងណាក្តី ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះអាជ្ញាធរបារាំងបានខិតខំធ្វើការសំអាតទឹកស្ទឹងមួយនេះជាបន្តបន្ទាប់ រហូតដល់តំបន់ខ្លះនៃស្ទឹងសែនត្រូវបានគេយកប្រើប្រាស់ជាកន្លែងប្រកួតហែលទឹកក្នុងព្រឹត្តិការណ៍កីឡាធំៗមួយចំនួនទៀតផង។ ដោយមើលឃើញថា អត្តពលិកអាចហែលទឹកបានដោយសុវត្ថិភាពនោះ ក្រុមពលរដ្ឋក៏ផ្តើមមានគំនិតចង់ចុះទៅហែលទឹកស្ទឹងលេងផងដែរ ហើយថ្មីៗនេះអាជ្ញាធរបារាំងក៏សម្រេចបើកឲ្យពលរដ្ឋអាចចុះទៅហែលទឹកស្ទឹងបានវិញតែម្តង។ យ៉ាងណាក្តី ការបើកឲ្យពលរដ្ឋអាចចុះទៅហែលទឹកស្ទឹងសែនបាននោះគឺមិនមែនបើកឲ្យហែលគ្រប់ទីកន្លែងនោះទេ តែអាជ្ញាធរបារាំងបានកំណត់ឲ្យមានកន្លែងហែលទឹកចំនួន ៣កន្លែងប៉ុណ្ណោះ ខណៈស្ទឹងសែនមានប្រវែងសរុបរហូតដល់ ៧៧៧ គីឡូម៉ែត្រ៕ តំបន់អនុញ្ញាតឲ្យមានការហែលទឹកនៅតាមដងស្ទឹងសែន អត្ថបទ៖ ភក្តី ប្រភព៖BBC
July 26, 2023









