- Pheakdey
- អន្តរជាតិ
កូរ៉េខាងត្បូង៖ សីតុណ្ហភាពជាមធ្យមក្នុងរដូវក្តៅនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងនៅក្នុងកម្រិតខ្ពស់មួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈជាង ៥០ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា។ បើតាមទីភ្នាក់ងារឧតុនិយមកូរ៉េបានបញ្ជាក់ថា សីតុណ្ហភាពជាមធ្យមក្នុងរដូវក្តៅឆ្នាំ២០២៤នេះ ពោលគឺគិតចាប់ពីខែមិថុនាដល់ខែសីហាបានកើនឡើងដល់កម្រិត ២៥,៦ អង្សាសេ។ ប្រភពខាងលើបានបន្តថា បើគេប្រៀបធៀបកម្រិតសីតុណ្ហភាពនេះទៅនឹងកម្រិតសីតុណ្ហភាពជាមធ្យមក្នុងឆ្នាំកន្លងមក គឺមានការកើនឡើងចំនួន ១,៩អង្សាសេ ហើយកំណើនសីតុណ្ហភាពជិត ២អង្សាសេនេះក៏ជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ បើគិតចាប់តាំងពីឆ្នាំ១៩៧៣មក។ សូមបញ្ជាក់ជូនថា នៅក្នុងឆ្នាំ ២០២៤ សីតុណ្ហភាពនៅលើភពផែនដីហាក់បានកើនឡើងខ្ពស់ស្ទើរតែគ្រប់ទីកន្លែង ខណៈនៅតាមបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីសីតុណ្ហភាពកើនឡើងដល់ជាង ៥០អង្សាសេឯណោះ ហើយបញ្ហារលកកម្តៅនេះក៏បានបណ្តាលឱ្យពលរដ្ឋមួយចំនួនត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
September 5, 2024 - អន្តរជាតិ
មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់កំពុងបាត់ខ្លួននៅក្នុងហេតុការណ៍មានទូកមួយគ្រឿងបានលិចទៅក្នុងទន្លេមេគង្គ ត្រង់ចំណុចត្រីកោណមាសរវាងប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៤ ខែកញ្ញា។ គិតត្រឹមពេលគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណរបស់ក្រុមអ្នកកំពុងបាត់ខ្លួនទាំងអស់នោះនៅឡើយទេ។ ប្រភពខាងលើបានបន្ត ទូកដែលបានជួបឧបទ្ទវហេតុខាងលើនេះគឺជាទូកសម្រាប់ដឹកអ្នកដំណើរទៅ-មក ពីទឹកដីប្រទេសឡាវឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងដឹកអ្នកដំណើរពីប្រទេសមីយ៉ាន់ម៉ាមកកាន់ទឹកដីប្រទេសឡាវវិញ។ បើតាមលោក Manop Senakul ដែលជាមេប៉ូលិសប្រចាំនៅច្រកព្រំដែននៃខេត្តឈៀងរ៉ៃ និងជាអ្នកបានឃើញហេតុការណ៍ខាងលើនេះផ្ទាល់បានឱ្យដឹងថា ទូកបានលិចនៅពេលបើកទៅដល់កន្លែងមានចរន្តទឹកហូរខ្លាំង ហើយភ្លាមៗក្រោយពេលទូកបានលិចនោះគឺគេបានជួយសង្គ្រោះអ្នកដំណើរបានចំនួន ១៦នាក់ ខណៈអ្នកដំណើរទាំងអស់នោះគឺសុទ្ធតែជាពលរដ្ឋមីយ៉ាន់ម៉ា៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 4, 2024 - អន្តរជាតិ
ថៃ៖ ក្រុមហ៊ុនមួយរបស់ប្រទេសថៃបានអនុញ្ញាតឱ្យបុគ្គលិកខ្លួនទទួលបានថ្ងៃឈប់សម្រាកដ៏ពិសេសមួយ គឺថ្ងៃឈប់សម្រាក់ដើម្បីណាត់ជួបរកគូស្នេហ៍តាមរយៈកម្មវិធី Tinder (Tinder Leave) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៤ ខែកញ្ញា។ ក្រុមហ៊ុនដែលបានបង្កើតឱ្យមានច្បាប់ឈប់សម្រាកប្រចាំឆ្នាំយ៉ាងកម្រនេះគឺក្រុមហ៊ុនទីផ្សារមួយមានឈ្មោះថា Whiteline Group មានមូលដ្ឋាននៅក្នុងទីក្រុងបាងកក និងមានបុគ្គលិកកំពុងបម្រើការងារជាង ២០០នាក់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Whiteline Group បានឱ្យដឹងថា ច្បាប់ឈប់សម្រាកសម្រាប់ណាត់ជួបគូស្នេហ៍ខាងលើនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីពេលជូនដំណឹងនេះរហូតដល់ចុងឆ្នាំ២០២៤ យ៉ាងណាក្តីខាងក្រុមហ៊ុននៅមិនបានបញ្ជាក់អំពីចំនួនថ្ងៃសរុបដែលបុគ្គលិកអាចដាក់ច្បាប់ឈប់សម្រាកតាមរយៈច្បាប់នេះនៅឡើយទេ។ បន្ថែមពីអនុញ្ញាតឱបុគ្គលិកខ្លួនអាចទទួលបានថ្ងៃឈប់សម្រាកដ៏កម្រនេះហើយ ក្រុមហ៊ុន Whiteline Group ក៏បានប្រកាសជួយបង់ថ្លៃសម្រាប់ការចុះឈ្មោះជាសមាជិកសម្រាប់ប្រើប្រាស់កម្មវិធី Tinder កម្រិត Tinder Gold និង កម្រិត Tinder Platinum ផងដែរ។
September 4, 2024 - អន្តរជាតិ
បង់ក្លាដែស៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែលបានកើនឡើងដល់ចំនួន ៧១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៣ ខែកញ្ញា។ ឥទ្ធិពលរបស់ទឹកជំនន់ក៏បានបណ្តាលឱ្យមានមានពលរដ្ឋប្រមាណជា ៥,០០០នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ក្រោយពួកគេបានកើតមានជំងឺរាគរូសធ្ងន់ធ្ងរ មានបញ្ហារមាស់ស្បែកខ្លាំង និងត្រូវពស់ចឹកជាដើម។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបង្កផលប៉ះពាល់ដោយផ្ទាល់ទៅកាន់ក្រុមប្រជាពលរដ្ឋហើយ ឥទ្ធិពលរបស់ទឹកជំនន់ក៏កំពុងបង្កឱ្យមានផលប៉ះពាល់ដោយប្រយោលទៅកាន់ប្រជាពលរដ្ឋបង់ក្លាដែសជាង ៥លាននាក់ផ្សេងទៀងផងដែរ ដូចជាពិបាកធ្វើដំណើរដោយសារផ្លូវត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ខកខានមិនអាចប្រកបអាជីវកម្ម និងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ជាដើម។ សូមបញ្ជាក់ជូនថា ប្រទេសបង់ក្លាដែសបានរងឥទ្ធិពលពីជំនន់អស់រយៈពេល ២សប្តាហ៍កន្លងមកហើយ ខណៈគិតត្រឹមពេលនេះស្ថានភាពជំនន់នៅមិនទាន់ថយចុះទៅវិញនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 4, 2024 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថយន្តដឹកកូនសិស្សមួយគ្រឿងបានបើកបុកហ្វូងមនុស្សយ៉ាងកំរោល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣ ខែកញ្ញានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងស្រុក Dongping ខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន។ ប្រភពខាងលើនេះបានបន្តថា រថយន្តបង្កហេតុគឺជារថយន្តដឹកសិស្សរបស់សាលាបឋមសិក្សាក្រុង Tai’an ខណៈហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅម៉ោង ៧ព្រឹក ពោលគឺជាម៉ោងដែលកំពុងមានក្រុមកូនសិស្សនិងឪពុកម្តាយរបស់កូនសិស្សជាច្រើននៅក្បែរសាលារៀន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៥នាក់ជាកូនសិស្សសាលា និងជនរងគ្រោះចំនួន ៦នាក់ផ្សេងទៀតគឺជាឪពុកម្តាយរបស់ក្រុមកូនសិស្សដែលកំពុងតែជូនកូនៗរបស់ពួកគាត់ទៅសាលារៀន។ យ៉ាងណាក្តី ហេតុផលជាក់លាក់ដែលបង្កឱ្យមានគ្រោះថ្នាក់នេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 3, 2024 - អន្តរជាតិ
ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះត្រូពិច Yagi នៅក្នុងប្រទេសហ្វីលីពីនបានបន្តកើនឡើងដល់ចំនួន ១៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣ ខែកញ្ញា។ យ៉ាងណាក្តី ឥទ្ធិពលរបស់ព្យុះ Yagi បានថយចុះបន្តិចពោលគឺខ្យល់បានបោកបក់ក្នុងល្បឿនយឺតជាងមុន ដែលមិនសូវបង្កគ្រោះថ្នាក់ចំពោះមនុស្ស ហើយបរិមាណទឹកភ្លៀងក៏បានថយចុះ ដែលជួយកាត់បន្ថយគ្រោះថ្នាក់បង្កឡើងដោយទឹកជំនន់ផងដែរ។ បើទោះជាព្យុះបានថយឥទ្ធិពលបន្តិចមែន តែអាជ្ញាធរហ្វីលីពីននៅមិនទាន់បើកសាលារៀនមួយចំនួនជាធម្មតាឡើងវិញនោះទេ ខណៈជើងហោះហើរមួយចំនួននៅបន្តពន្យាពេលនៅឡើយ។ ប្រភពខាងលើបានបន្តថា ក្រោយបានបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីនហើយ ពេលនេះព្យុះត្រូពិច Yagi កំពុងបន្តដំណើរទៅកាន់ប្រទេសចិន តែរហូតមកទល់នឹងពេលនេះអាជ្ញាធរចិននៅមិនទាន់រាយការណ៍អំពីគ្រោះថ្នាក់ផ្សេងៗដែលបានបង្កឡើងដោយព្យុះមួយនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 3, 2024 - អន្តរជាតិ
ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារព្យុះត្រូពិច Yagi បានកើនឡើងដល់ ១១នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃទី២ ខែកញ្ញា។ បើធ្វើការប្រៀបធៀបតួលេខអ្នកស្លាប់នៅល្ងាចនេះទៅនឹងតួលេខអ្នកស្លាប់កាលពីពេលថ្ងៃមិញគឺមានការកើនឡើងចំនួន ៧នាក់បន្ថែមទៀត ខណៈតួលេខនេះទំនងមិនមែនជាតួលេខចុងក្រោយនោះទេ ដ្បិតព្យុះត្រូពិច Yagi នឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងប្រទេសហ្វីលីពីនជាច្រើនថ្ងៃបន្ថែមទៀត។ ប្រភពខាងលើបានបានបន្តថា នៅក្នុងចំណោមជនរងគ្រោះអ្នកស្លាប់បាត់បង់ជីវិតទាំងអស់ក៏មានទាំងទារកអាយុ ៩ខែ និងស្រ្តីមានផ្ទៃពោះផងដែរ ខណៈជនរងគ្រោះបានស្លាប់ដោយសារមូលហេតុផ្សេងៗគ្នាដូចជាលង់ក្នុងទឹកជំនន់ កប់ជាប់ក្នុងដីដែលបានបាក់ និងមានដើមឈើឬផ្ទះបាក់សង្កត់ពីលើជាដើម។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលាមួយចំនួន ផ្អាកដំណើរប្រព័ន្ធរថភ្លើងក្រោមដី ផ្អាកជើងហោះហើរមួយចំនួនជាបណ្តោះអាសន្ន ខណៈពលរដ្ឋជាច្រើនរយនាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 2, 2024 - អន្តរជាតិ
ហ្វីលីពីន៖ ព្យុះត្រូពិច Yagi កំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២ ខែសីហា។ ឥទ្ធិពលរបស់ព្យុះបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅតំបន់ភាគខាងកើតក្រុងណាហ្គា ខណៈឥទ្ធិរបស់ព្យុះក៏បានជំរុញឱ្យតំបន់ខ្លះត្រូវកើតមានទឹកជំនន់និងបញ្ហាបាក់ដីយ៉ាងឆាប់រហ័សផងដែរ។ បើតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះបានបណ្តាលឱ្យមានពលរដ្ឋហ្វីលីពីនចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយនៅក្នុងនោះក៏មានទារកម្នាក់អាយុ ៩ខែផងដែរ ដែលបានស្លាប់ដោយសារការលង់ទឹក។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពបរិយាកាសមិនអំណោយផលនេះ អាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលារៀន ផ្អាកដំណើរការប្រព័ន្ធផ្លូវរថភ្លើងក្រោមដីមួយចំនួន ខណៈពលរដ្ឋប្រមាណជា ៣០០នាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 2, 2024 - អន្តរជាតិ
អូស្រ្តាលី៖ យ៉ាងហោចណាស់មានពលរដ្ឋអូស្រ្តាលីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងចន្ទ ទី២ ខែកញ្ញា។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាស្រ្តីចំណាស់ម្នាក់អាយុ ៦៣ឆ្នាំ ហើយរូបគាត់បានស្លាប់ដោយសារតែមានដើមឈើបាក់សង្កត់ពីលើ។ ប្រភពខាងលើនេះបានបន្តថា ក្រៅតែពីបានបង្កឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ព្យុះខាងលើនេះក៏បានបណ្តាលឱ្យពលរដ្ឋជាង ១៥០,០០០ នាក់ផ្សេងទៀតនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្រ្តាលីកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ដើម្បីដោះស្រាយបណ្តាញភ្លើងដែលកំពុងរងការបំផ្លាញដោយព្យុះនេះគឺគេត្រូវការពេលវេលាយ៉ាងតិចចំនួន ៣ថ្ងៃ តែក្នុងករណីដែលព្យុះនៅបន្តជះឥទ្ធិពលខ្លាំងជាច្រើនថ្ងៃទៀតគឺរយៈពេលនៃការជួសជុលបណ្តាញភ្លើងក៏ត្រូវអូសបន្លាយកាន់តែយូរជាងនេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 2, 2024 - អន្តរជាតិ
ជប៉ុន៖ បើទោះជាឥទ្ធិពលរបស់ព្យុះទីហ្វុង Shanshan ដែលកំពុងវាយប្រហារប្រទេសជប៉ុនបានចុះខ្សោយបន្តិចក្តី តែជើងហោះហើរជាច្រើននៅតែរងផលប៉ះពាល់ ពោលគឺត្រូវបន្តពន្យាពេល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣១ ខែសីហា។ គិតត្រឹមពេលនេះល្បឿនរបស់ព្យុះបានថយចុះពីកម្លាំងបោកបក់ក្នុងល្បឿន ២៥២គីឡូម៉ែត្រនៅក្នុងមួយម៉ោងមកសក់ត្រឹម ៩០គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្ត ឥទ្ធិពលរបស់ព្យុះនៅតែបង្កឱ្យមានបរិយាកាសមិនអំណោយផលសម្រាប់ការធ្វើដំណើរ ដ្បិតភ្លៀងនៅតែបន្តធ្លាក់ ខណៈតំបន់មួយចំនួនដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះក៏កំពុងប្រឈមនឹងការកើតមានបញ្ហាបាក់ដីបន្ថែមទៀតផងដែរ។ ដោយឡែកចំពោះតួលេខជនរងគ្រោះវិញគឺមានការកើតឡើង ដោយគិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិរបស់ព្យុះទីហ្វុង Shanshan បានកើតឡើងដល់ចំនួន ៦នាក់ ខណៈតួលេខអ្នករងរបួសវិញបានកើនឡើងដល់ចំនួន ១២០នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 31, 2024









