Pheakdey
  • អន្តរជាតិ

    ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺអុតស្វាជាលើកដំបូងនៅក្នុងរលកនៃការរាតត្បាតថ្មីក្នុងឆ្នាំ២០២៤នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរឥណ្ឌានៅមិនទាន់អាចបញ្ជាក់ពីប្រភេទមេរោគនៃជំងឺអុតស្វានោះបាននៅឡើយទេ ខណៈការពិនិត្យទៅលើសំណាកនៃមេរោគកំពុងត្រូវបានធ្វើឡើង។ ប្រភពខាងលើបានបន្តថា ករណីជំងឺអុតស្វាជាលើកដំបូងនៅក្នុងទឹកដីនៃប្រទេសឥណ្ឌាខាងលើនេះ គឺត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកដំណើរម្នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសមួយនៅតំបន់អាហ្វ្រិក ពោលគឺជាតំបន់កំពុងមានការរាតត្បាតជំងឺអុតស្វាយ៉ាងខ្លាំងបំផុត។ គួររម្លឹកជូនថា​ កាលពីឆ្នាំ ២០២២កន្លងទៅ ប្រទេសឥណ្ឌាក៏បានប្រឈមនឹងការរាតត្បាតនៃជំងឺអុតស្វាម្តងដែរ ដោយពេលនោះអាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញករណីឆ្លងសរុបចំនួន ៣០ករណី តែគ្មានករណីអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    September 9, 2024
  • អន្តរជាតិ

    វៀតណាម៖ ​តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ២៤នាក់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Time នៅព្រឹកថ្ងៃចន្ទ ទី៩​ ខែកញ្ញា។ ចំពោះតួលេខជនរងគ្រោះវិញក៏មានការកើនឡើងយ៉ាងច្រើនផងដែរ ពោលគឺបានកើនឡើងរហូតដល់ចំនួន ២៩៩នាក់ ខណៈកាលពីថ្ងៃអាទិត្យម្សិលមិញតួលេខនេះមានត្រឹមតែជាង ៨០នាក់ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះព្យុះទីហ្វុង Yagi កំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងនៅក្នុងខេត្ត Quang Ninh និងខេត្ត​​ Haiphong ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសវៀតណាម ដោយឥទ្ធិពលរបស់ព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំង ខណៈតំបន់មួយចំនួនដែលបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងជោគជាំក៏ត្រូវប្រឈមនឹងបញ្ហាបាក់ដីយ៉ាងធ្ងន់ធ្ងន់​​ឬជំនន់ទឹកភ្លៀងបន្ថែមទៀតផងដែរ។ បើតាមអាជ្ញាធរវៀតណាមបានព្រមាននៅថ្ងៃចន្ទនេះថា ជំនន់ទឹកភ្លៀងនឹងបន្តកើតមាននៅក្នុងតំបន់ជាច្រើនបន្ថែមទៀត ហើយផលប៉ះពាល់ទាំងសម្រាប់មនុស្សនិងហេដ្ឋារចនាសម្ព័ន្ធក៏អាចមានកាន់តែច្រើនជាងនេះបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait  Time

    September 9, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាម្នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែតដ៏កម្រមួយកាលពីទី៧ ខែកញ្ញាម្សិលមិញ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនោះគឺជាពលរដ្ឋស្លូតត្រង់ម្នាក់ ភេទប្រុស និងមានអាយុ ៧៨ឆ្នាំ។  ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួនម្នាក់ហើយ ហេតុការណ៍ខាងលើនេះក៏បានបណ្តាលឱ្យមានពលរដ្ឋឥណ្ឌាចំនួន ៦នាក់ផ្សេងទៀតបានរងរបួសផងដែរ​។​​ ក្រោយកើតមានហេតុការណ៍គួរឱ្យកត់ស្លុតនេះ អាជ្ញាធរឥណ្ឌាបានសម្រេចបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្ន ហើយបានណែនាំឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរចេញក្រៅម្តងៗ និងជាពិសេស​នោះគឺការធ្វើដំណើរនៅពេលយប់តែម្តង។ សូមបញ្ជាក់ជូនថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅរដ្ឋ Manipur ភាគខាងជើងនៃប្រទេសឥណ្ឌា ខណៈការបាញ់ប្រហារដោយគ្រាប់រ៉ុកកែតនេះបានបង្កឡើងដោយសារតែជម្លោះរវាងសហគមន៍អ្នកកាន់សាសនាហិណ្ឌូ Meitei ជាមួយនិងសហគមន៍ Kuki ដែលជាសហគមន៍អ្នកកកាន់សាសនាគ្រិស្ត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 8, 2024
  • អន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនគ្រោងនឹងបើករមណីយដ្ឋានកាស៊ីណូជាលើកដំបូងនៅក្នុងឆ្នាំ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៨ ខែសីហា។ តាមគម្រោងគឺរមណីដ្ឋានកាស៊ីណូនេះនឹងត្រូវបង្កើតឡើងនៅក្នុងទីក្រុងអូសាកា ដែលស្ថិតតំបន់ប៉ែកខាងលិចនៃប្រទេសជប៉ុន។ ប្រភពខាងលើនេះបានបន្តថា រមណីយដ្ឋានកាស៊ីណូដំបូងរបស់ប្រទេសជប៉ុននឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងប្រតិ​បត្តិការរបស់ក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានឈ្មោះថា Osaka IR KK។ សូមបញ្ជាក់ជូនថា  រមណីយដ្ឋានការស៊ីណូគឺជាប្រភេទកាស៊ីណូ ដែលបើដំណើរការដោយស្របច្បាប់នៅតាមតំបន់រមណីយដ្ឋានគោលដៅមួយចំនួន ហើយការស៊ីណូប្រភេទនេះអនុញ្ញាតតែភ្ញៀវទេសចរអន្តជាតិចូលលេងតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 8, 2024
  • អន្តរជាតិ

    វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃទី៧ ខែកញ្ញា។ ក្រៅពីបានរកឃើញអ្នកស្លាប់អស់ចំនួន ៤នាក់ហើយ អាជ្ញាធរវៀតណាមក៏បានបញ្ជាក់ថា​ នៅពលរដ្ឋចំនួន ៨៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើនេះបានបន្តថា ជាងនេះទៅទៀតក៏នៅមានពលរដ្ឋវៀតណាមមួយចំនួនកំពុងតែបាត់ខ្លួនផងដែរ តែគេនៅមិនទាន់អាចកំណត់ចំនួននិងអត្តសញ្ញាណរបស់ពួកគេឱ្យបានច្បាស់លាស់នៅឡើយទេ។ គួរបញ្ជាក់ជូនថា​ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើនេះគឺបានស្លាប់ដោយសារតែបញ្ហាក់បាក់ដី ខណៈគិតត្រឹមពេលនេះព្យុះទីហ្វុង Yagi កំពុងតែបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់បោកបក់ និងបញ្ហាបាក់ជាច្រើននៅកន្លែងនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    September 8, 2024
  • អន្តរជាតិ

    អាមេរិក៖ ការគាំទ្រលើច្បាប់ហាមឃាត់កម្មវិធី TikTok ពីសំណាក់ពលរដ្ឋអាមេរិកកាន់តែធ្លាក់ចុះ នេះបើយោងតាមលទ្ធផលនៃការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន South Chine Moring Post នៅក្នុងថ្ងៃសុក្រ ទី៦ ខែកញ្ញា។ ការសិក្សានេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Pew Research ដែលមានមូលដ្ឋានៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍របស់វិទ្យាស្ថាន Pew Research បានបង្ហាញថា គិតត្រឹមពេលនេះនៅមានពលរដ្ឋអាមេរិកពេញវ័យត្រឹម ៣២%ប៉ុណ្ណោះដែលនៅគាំទ្រឱ្យរដ្ឋាភិបាលអាមេរិកបិទកម្មវិធី TikTok មិនឱ្យដំណើរការនៅលើទឹកដីអាមេរិក ខណៈតួលេខនេះគឺធ្លាប់មានរហូតដល់ ៣៨%ឯណោះកាលពីខែមីនាកន្លងនេះ។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា គិតត្រឹមពេលនេះគឺមានពលរដ្ឋអាមេរិកពេញវ័យចំនួន ៥០% ដែលនៅបន្តគាំទ្រកម្មវិធី TikTok ហើយពួកគេមិនចង់ឱ្យរដ្ឋាភិបាលអាមេរិកអនុវត្តច្បាប់ហាមឃាត់កម្មវិធីកម្សាន្តមួយនេះឡើយ៕  អត្ថបទ៖ ភក្តី់ ប្រភព៖  South Chine

    September 6, 2024
  • អន្តរជាតិ

    ចិន៖ ព្យុះត្រូពិច Yagi បានធ្វើដំណើរទៅដល់ប្រទេសចិនហើយក្រោយបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៥ ខែកញ្ញា។ ទីតាំងដែលកំពុងរងឥទ្ធិពលពីព្យុះដ៏គ្រោះថ្នាក់នេះគឺខេត្ត Hainan ដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសចិន។ នៅចំពោះមុខការមកដល់របស់ព្យុះត្រូពិច Yagi អាជ្ញាធរចិនបានសម្រេចបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្ន និងលុបចោលជើងហោះហើរអស់ជាច្រើនផងដែរ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះបានបណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង តែព្យុះនៅមិនទាន់បានបង្កឱ្យមានពលរដ្ឋចិនណាម្នាក់រងរបួសនៅឡើយទេ។ គួររម្លឹកជូនថា មុនពេលធ្វើដំណើរទៅដល់ប្រទេសចិន ព្យុះត្រូពិច Yagi បានសម្លាប់មនុស្សនៅក្នុងប្រទេសហ្វីលីពីនអស់ចំនួន ១៣នាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើនកន្លែងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    September 6, 2024
  • អន្តរជាតិ

    អង់គ្លេស/បារាំង៖ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (The European Union Aviation Safety Agency) បានបានបញ្ជាឱ្យធ្វើការត្រួតពិនិត្យលើម៉ាស៊ីនរបស់យន្តហោះប្រភេទ Airbus A350-1000 ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៦ ខែកញ្ញា។ សេចក្តីបង្គាប់ខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានយន្តហោះប្រភេទ Airbus A350-1000 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways ស្រាប់តែមានបញ្ហាភ្លើងឆេះម៉ាស៊ីនក្នុងអំឡុងពេលកំពុងហោះហើរកាលពីប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាក្តី បញ្ហាមានភ្លើងឆេះម៉ាស៊ីនយន្តហោះនេះមិនបានបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបានបង្កឱ្យមានអ្នកដំណើរណាម្នាក់បានរងរបួសនោះទេ ដ្បិតយន្តហោះបានធ្វើការចុះចតទាន់ពេលវេលា ហើយគេក៏អាចជួយដោះស្រាយបញ្ហាបានទាន់ពេលវេលាផងដែរ។ ប្រភពខាងលើបានបន្តថា យន្តហោះប្រភេទ Airbus A350-1000 ដែលនឹងត្រូវធ្វើការត្រួតពិនិត្យនោះ

    September 6, 2024
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានសន្យាផ្តល់ហិរញ្ញប្បទានចំនួន ៥១ពាន់លានដុល្លារទៅកាន់តំបន់អាហ្វ្រិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា។ ការសន្យាផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱ្យកាសដែលរូបលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមួយស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក ដែលកំពុងរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង។ ថ្លែងទៅកាន់ក្រុមមេដឹកមកពីតំបន់អាហ្វ្រិកជាង ៥០ប្រទេស លោកប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ថា ហិរញ្ញប្បទានជាង ៥០ពាន់លានដុល្លារនេះនឹងត្រូវយកទៅប្រាស់ក្នុងគម្រោងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចំនួន ៣០គម្រោងនៅទូទាំងទ្វីបអាហ្វ្រិក ហើយតាមរយៈការអនុវត្តគម្រោងទាំងអស់នេះវានឹងបង្កើតឱ្យមានឱកាសការងារជាង ១លានកន្លែងសម្រាប់ពលរដ្ឋនៅតំបន់អាហ្វ្រិកផងដែរ។ បន្ថែមពីលើនេះទៀត លោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានថ្លែងបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់ចិនដែលមានតម្លៃរហូតដល់ ១៩ពាន់ពាន់លានដុល្លារនឹងជួយធ្វើឱ្យវិស័យពាណិជ្ជកម្មនៅអាហ្វ្រិកកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត៕  អត្ថបទ៖ ភក្តី

    September 5, 2024
  • អន្តរជាតិ

    រុស្ស៊ី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាចរណ៍ឥណ្ឌាបានសម្រេចធ្វើការចុះចតជាបន្ទាន់នៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីដោយសារមានបញ្ហាបច្ចេកទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះប្រភេទ Boeing 787-800 ដែលស្ថិតនៅក្រោមប្រតិបត្តិការណ៍ហោះហើរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីប្រទេសឥណ្ឌាឆ្ពោះទៅកាន់ប្រទេសអង់គ្លេស ដោយមានផ្ទុកអ្នកដំណើរសរុបចំនួន ២៥៨នាក់ និងក្រុមបុគ្គលិកបម្រើការងារនៅលើយន្តហោះចំនួន ១៧នាក់ផងដែរ។ យ៉ាងណាក្តី ពេលកំពុងបើកបរឆ្លងកាត់ទឹកដីនៃប្រទេសរុស្ស៊ី យន្តហោះស្រាប់តែមានបញ្ហាបច្ចេកទេស ហើយភ្លាមនោះអ្នកបើកបើរក៏សម្រេចសុំការចុះចតជាបន្ទាន់មួយនៅក្នុងព្រលានយន្តហោះ Sheremetyevo ក្នុងទីក្រុងម៉ូស្គូ ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 5, 2024