- Pheakdey
- អន្តរជាតិ
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានសាកសពជនរងគ្រោះដោយសារទឹកជំនន់នៅក្នុងទីក្រុង Valencia ចំនួន ៦នាក់បន្ថែមទៀតត្រូវបានអាជ្ញាធរអេស្ប៉ាញរកឃើញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា។ ដូចនេះ តួលេខអ្នកដែលស្លាប់បាត់បង់ជីវិតសរុបគិតត្រឹមពេលចុះផ្សាយនេះបានកើនឡើងរហូតដល់ចំនួន ២១១នាក់ហើយ ខណៈទឹកជំនន់នៅមិនទាន់ថមថយទាំងស្រុងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីមានការកើនឡើងនៃចំនួនអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏នៅមានពលរដ្ឋមួយចំនួនទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈពលរដ្ឋរាប់ពាន់នាក់បានបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីលំនៅដ្ឋានជាបណ្តោះអាសន្ន ដ្បិតផ្ទះសម្បែងរបស់ពួកគេបានរងនូវវការបំផ្លាញយ៉ាងខ្លាំង និងដើម្បីគេចចេញពីគ្រោះថ្នាក់ផ្សេងៗផងដែរ។ គួរបញ្ជាក់ជូនថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសអេស្ប៉ាញនៅពេលនេះគឺជាទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ខ្លាំងបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 3, 2024 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះបានសម្រេចដាក់ទូរស័ព្ទម៉ាក Google Pixel ចូលទៅក្នុងបញ្ជីទូរស័ព្ទហាមលក់នៅក្នុងប្រទេសខ្លួនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនឥណ្ឌូណេស៊ីបានប្រកាសហាមឃាត់រាល់សកម្មភាពលក់ទូរស័ព្ទ iPhone 16 នៅក្នុងប្រទេសខ្លួនរួចម្តងហើយ ដោយបានបញ្ជាក់ថាទូរស័ព្ទប្រភេទនេះមិនទាន់បានបំពេញតាមគោលការណ៍វិនិយោគក្នុងស្រុករបស់អាជ្ញាធរឥណ្ឌូណេស៊ីនៅឡើយទេ។ គួរបញ្ជាក់ជូនថា តាមគោលការណ៍វិនិយោគក្នុងស្រុករបស់អាជ្ញាធរឥណ្ឌូណេស៊ីបានកំណត់ថា គ្រប់ទូរស័ព្ទដែលអាចដាក់លក់នៅតាមទីផ្សារក្នុងប្រទេសប្រទេសឥណ្ឌូណេស៊ីបានគឺត្រូវតែជាប្រភេទទូរស័ព្ទមានប្រភព ៤០%មកពីផ្នែកនានាក្នុងប្រទេសឥណ្ឌូណេស៊ី ដ្បិតឥណ្ឌូណេស៊ីមានគោលបំណងចង់ជម្រុញការផលិតគ្រឿងបង្គុំទូរស័ព្ទ ឬទូរស័ព្ទនៅក្នុងស្រុក។ យ៉ាងណាក្តី ក្រុមអ្នកដំណើរដែលបានទិញទូរស័ព្ទស្ថិតនៅក្នុងបញ្ជីហាមឃាត់ទាំង ២ខាងលើនេះនៅក្រៅប្រទេសឥណ្ឌូណេស៊ីក៏យកទូរស័ព្ទប្រភេទនេះទៅប្រើប្រាស់ក្នុងប្រទេសឥណ្ឌូណេស៊ីបានផងដែរក្នុងអំឡុងពេលធ្វើដំណើតទៅកាន់ប្រទេសឥណ្ឌូណេស៊ីហើយការផ្ញើទូរស័ព្ទមកពីក្រៅប្រទេសតាមរយៈសេវាប្រៃសណីយ៍ជាតិក្នុងងគោលបំណងយកទៅប្រើប្រាស់ជាលក្ខណៈឯកជនក៏ត្រូវបានអនុញ្ញាតដែរ តែអ្នកនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលបានទទួលទូរស័ព្ទគេផ្ញើមកហើយ ហើយយកទៅលក់បន្តគឺនឹងត្រូវចាត់ទុកជាសកម្មភាពខុសច្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 3, 2024 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនបានជម្រុញឱ្យពលរដ្ឋជិត ២០០,០០០នាក់ធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនដោយសារតែឥទ្ធិពលរបស់ភ្លៀងធ្លាក់ដ៏ខ្លាំងមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា។ ភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតប្រកបដោយគ្រោះថ្នាក់នេះគឺជាផ្នែកមួយដែលបានបង្កឡើងដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុងកង្រី (Kong-rey)។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា ភ្លៀងអាចនឹងធ្លាក់យ៉ាងខ្លាំងនៅក្នុងខណ្ឌទាំង ១០ របស់ទីក្រុង Matsuyama ដែលស្ថិតនៅតំបន់ភាគខាងលិចនៃប្រទេសជប៉ុន ខណៈឥទ្ធិពលរបស់ទឹកភ្លៀងនេះនឹងបង្កឱ្យមានទឹកជំនន់ និងបញ្ហាបាក់ដីយ៉ាងឆាប់រហ័សផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋជប៉ុនណាម្នាក់បានរងគ្រោះថ្នាក់ពីបញ្ហាធម្មជាតិខាងលើនេះនៅឡើយទេ ខណៈអាជ្ញាធរបានត្រៀមដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ដើម្បីជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីមានហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើងដោយយថាហេតុ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 3, 2024 - អន្តរជាតិ
អេស្ប៉ាញ៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ទឹកជំនន់នៅក្នុងប្រទេសអេស្ប៉ាញបានកើនឡើងដល់ចំនួន ២០៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា។ ទន្ទឹមគ្នានេះក៏មានពលរដ្ឋអេស្ប៉ាញជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរនៅមិនទាន់អាចកំណត់ចំនួនអ្នកបាត់ខ្លួនទាំងអស់នោះឱ្យបានជាក់លាក់នៅឡើយទេ ហើយអ្វីដែលជារឿងគួរឱ្យបារម្ភបំផុតនោះគឺការបាត់ខ្លួនរបស់ពួកគេហាក់គ្មានតម្រុងនៃការតាមស្វែងរកទាល់តែសោះ ពោលគឺពួកគេទំនងជាបានកប់ជាប់នៅក្រោមគំនរអគារដែលបានបាក់ ឬបានហូរតាមទឹកទៅកាន់ទៅកន្លែងឆ្ងាយហើយ។ គួរបញ្ជាក់ជូនថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសអេស្ប៉ាញនៅពេលនេះគឺជាទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ខ្លាំងបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 2, 2024 - ព័ត៌មានជាតិ
អូស្រ្តាលី៖ ខណៈដែលឆ្នាំ២០២៥ នឹងខិតចូលមកដល់ក្នុងរយៈពេល ២ខែទៀតនេះ ពលរដ្ឋអូស្រ្តាលីបានត្រៀមស្វែងរកទិសដៅទេសចរណ៍សម្រាប់ធ្វើដំណើរកម្សាន្តជាបណ្តើរហើយៗ ដោយនៅក្នុងចំណោមទិសដៅទេសចរណ៍ទាំងអស់នោះ គឺខេត្តសៀមរាបបានក្លាយជាទិសដៅទេសចរណ៍ ដែលពលរដ្ឋអូស្រ្តាលីបានស្វែងរកនិងរំពឹងថាមកកម្សាន្តខ្ពស់ជាងគេបំផុតក្នុងចំណោមទិសដៅទេសចរណ៍ជាច្រើនទៀតទាំងនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុបផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន SBS News នៅក្នុងថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកាបានបង្ហាញថា ក្នុងរយៈពេល ១២ខែចុងក្រោយនេះមានទិសដៅទេសចរណ៍ចំនួន ១០ ដែលមានការស្រាវជ្រាវនៅលើបណ្តាញអ៊ីនធឺណិតខ្ពស់បំផុតពីសំណាក់ពលរដ្ឋអូស្រ្តាលី ហើយខាងក្រោមនេះគឺជាចំនួនភាគរយនៃការស្វែងរកអំពីទិសដៅទេសចរណ៍ទាំងអស់នោះ ដែលបានកើនឡើងយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេលកន្លងមក។ ទិសដៅទេសចរណ៍ទាំង ១០នោះ រួមមាន៖ ១. ខេត្តសៀមរាប ប្រទេសកម្ពុជា មានការស្វែងរកចំនួន ៥២៩% ២. ខេត្ត Krabi ប្រទេសថៃ មានការស្វែងរកចំនួន ១៤១%
November 2, 2024 - អន្តរជាតិ
តៃវ៉ាន់៖ យ៉ាងហោចណាស់មានពលរដ្ឋតៃវ៉ាន់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះកង្រី (Kong-rey) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១ ខែវិច្ឆិកា។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ២នាក់នោះ មានជនរងគ្រោះម្នាក់អាយុ ៤៨ឆ្នាំ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ពោលគឺបង្គោលភ្លើងបានបាក់មកសង្កត់ពីលើគាត់ក្នុងអំឡុងពេលកំពុងជិះម៉ូតូលើដងផ្លូវ។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហត្តរាយតៃវ៉ាន់បានបញ្ជាក់ថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ២នាក់ ឥទ្ធិពលរបស់ព្យុះកង្រីក៏បានបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ជាង ៥០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា ទន្ទឹមគ្នានេះអាជ្ញាធរតៃវ៉ាន់ក៏កំពុងស្វែងរកមនុស្សចំនួន ៤នាក់ ដែលបានដើរឡើងភ្នំមុនពេលព្យុះកង្រីបានមកដល់ផងដែរ ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងថា ក្រុមអ្នកឡើងភ្នំទាំង ៤នាក់នោះអាចនឹងទៅដល់កន្លែងណា ឬស្លាប់រស់យ៉ាងណានោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
November 1, 2024 - អន្តរជាតិ
វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃសុក្រ ទី១ ខែវិច្ឆិកា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺខេត្ត Quang Binh ស្ថិតភូមិភាគកណ្តាលនៃប្រទេសវៀតណាម ហើយទឹកជំនន់ប្រកបដោយគ្រោះថ្នាក់បានកើតឡើងដោយសារតែឥទ្ធិពលរបស់ព្យុះ Tra Mi។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សជាង ១០នាក់ត្រូវស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ទឹកជំនន់ខាងលើក៏បានបង្កឱ្យពលរដ្ឋវៀតណាមចំនួន ៧នាក់ផ្សេងទៀតត្រូវរងរបួស ផ្ទះជាង ៣៤,០០០ខ្នងបានរងនូវការបំផ្លាញ និងមានកប៉ាល់ចំនួន ៥គ្រឿងបានលេចផងដែរ។ ជាងនេះទៅទៀតទឹកជំនន់ក៏បានបណ្តាលឱ្យសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋវៀតណាមជាច្រើក្បាលត្រូវបាត់បង់ជីវិតផងដែរ ក្នុងនោះមានសត្វមាន់ទាជាង ៧០,៥០០ក្បាល សត្វគោក្របីជិត ៥០០ក្បាល កសិដ្ឋានចិញ្ចឹមត្រីទំហំ ៧១៦,៨ ហិចតាបានរងនូវការបំផ្លាញ ខណៈផ្ទៃដីកសិកម្ម ៧៩១,២ហិចតាក៏បានរងនូវការបំផ្លាញទាំងស្រុងផងដែរ៕
November 1, 2024 - អន្តរជាតិ
អេស្ប៉ាញ៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ទឹកជំនន់នៅក្នុងប្រទេសអេស្ប៉ាញបានកើនឡើងដល់ចំនួន ១៥៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែវិច្ឆិកា។ គិតត្រឹមពេលនេះភ្លៀងនៅបន្តធ្លាក់ខ្លាំងនៅតាមតំបន់ជាច្រើនក្នុងទីក្រុង Valencia ខណៈសម្ពស់ទឹកជំនន់បានថយចុះបន្ថិចហើយ។ បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា បើទោះជាស្ថានភាពទឹកជំនន់ហាក់បានថយឥទ្ធិពលបន្តិចមែន តែគ្រោះថ្នាក់ផ្សេងៗនៅតែអាចបន្តកើនមានឡើង ហើយអាជ្ញាធរនៅមានការងារជាច្រើនដែលត្រូវដោះស្រាយជាបន្ទាន់។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះជីវិតមនុស្សចំនួន ៨នាក់ចេញពីគំនរបាក់បែកបានយ៉ាងទាន់ពេលវេលាបំផុត ខណៈបើក្រុមអ្នកសង្គ្រោះទៅយឺតពេលតែបន្តិចនោះគឺពួកគេប្រាកដជាត្រូវស្លាប់មិនខាន។ គួរបញ្ជាក់ជូនថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសអេស្ប៉ាញនៅពេលនេះគឺជាទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ខ្លាំងបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 1, 2024 - អន្តរជាតិ
តៃវ៉ាន់៖ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ អាជ្ញាធរតៃវ៉ាន់បានប្រកាសបិទក្រុងនិងស្រុកទាំងអស់ដោយសារតែការមកដល់របស់ព្យុះដ៏គ្រោះថ្នាក់មួយគឺព្យុះទីហ្វុង Kong-rey នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ជាងនេះទៅទៀត អាជ្ញាធរតៃវ៉ាន់ក៏បានប្រកាសផ្អាក និងពន្យារពេលជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិរាប់រយជើងផងដែរ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ បន្ថែមពីលើនេះទៀត ទីផ្សារហិរញ្ញវត្ថុរបស់តៃវ៉ាន់ដែលមានតម្លៃរាប់ពាន់លានដុល្លារ ក៏ត្រូវប្រកាសផ្អាកសកម្មភាពជាបណ្តោះអាសន្នសិនដែរ ពោល គឺត្រូវផ្អាកសកម្មភាពរហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរតៃវ៉ាន់។ បើតាមទីភ្នាក់ងារឧតុនិយមតៃវ៉ាន់បានព្យាករណ៍ថា ព្យុះទីហ្វុង Kong-rey នឹងធ្វើដំណើរមកដល់កោះតៃវ៉ាន់នៅម៉ោង ២រសៀលថ្ងៃនេះ ហើយវាគឺជាព្យុះដ៏គ្រោះថ្នាក់ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ខណៈឥទ្ធិពលរបស់ព្យុះនឹងបង្កឱ្យមានភ្លៀងធ្លាក់អមដោយខ្យល់បោកបក់យ៉ាងខ្លាំង ជំនន់ទឹកភ្លៀង និងបញ្ហាបាក់ដីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
October 31, 2024 - អន្តរជាតិ
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏កម្រមួយនៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា។ សូមបញ្ជាក់ជូនថា ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺក្រុង Valencia ដែលជាសហគមន៍ស្វយ័តមួយមានពលរដ្ឋកំពុងរស់នៅប្រមាណជា ៥លាននាក់។ បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងនៅពេលនេះគឺជាទឹកជំនន់ដ៏កម្រមួយដែលមិនធ្លាប់មានកើតមានៅអេស្ប៉ាញនោះទេក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ទឹកជំនន់ក៏បានបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលពលរដ្ឋនិងទ្រព្យសម្បត្តិសាធារណៈអស់មួយចំនួនដែរ ដូចជារថយន្ត ផ្ទះ ស្ពាន និងអគារមួយចំនួនផងដែរ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ទឹកជំនន់នៅមិនទាន់ថយចុះនៅឡើយទេ ខណៈតួលេខជនរងគ្រោះត្រូវបានគេរំពឹងថា អាចនឹងបន្តកើនឡើងខ្ពស់ជាងនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 31, 2024









