- Pheakdey
- អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ពលរដ្ឋឥណ្ឌូនេស៊ីរាប់ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងចាតាកាដើម្បីបង្ហាញសាមគ្គីជាមួយពលរដ្ឋប៉ាឡេស្ទីនដែលកំពុងរងគ្រោះដោយការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះ។ ក្រុមពលរដ្ឋឥណ្ឌូនេស៊ីដែលសុទ្ធតែជាអ្នកកាន់សាសនាឥស្លាមទាំងអស់នោះត្រូវបានគេមើលឃើញថា បាននាំគ្នាពាក់អាវផាយពណ៌ស ទទូលកន្សែងប៉ាឡេស្ទីនពណ៌ស-ខ្មៅ និងថែមទាំងបានគ្រវីទង់ជាតិប៉ាឡេស្ទីនទៀតផង។ ប្រភពខាងលើបានបន្តថា នៅក្នុងពេលប្រមូលផ្តុំគ្នានោះក្រុមពលរដ្ឋឥណ្ឌូនេស៊ីបានស្រែកថា “ព្រះជាម្ចាស់ដ៏អស្ចារ្យ” និង “ដោះលែងប៉ាឡេស្ទីន” ខណៈនៅក្នុងអំឡុងពេលនេះកងកម្លាំងអ៊ីស្រាអែលកំពុងធ្វើការឡោមព័ទ្ធតំបន់ហ្គាហ្សាយ៉ាងខ្លាំងខ្លាបំផុត។ ជាងនេះទៅទៀតក្រុមពលរដ្ឋឥណ្ឌូនេស៊ីដែលមានទំនោរគាំទ្រពលរដ្ឋប៉ាឡេស្ទីនទាំងអស់នោះក៏បានអំពាវនាវឲ្យមានការធ្វើពហិការលើទំនិញរបស់អ៊ីស្រាអែល និងទាមទារឲ្យមានការស៊ើបអង្កេតចំពោះសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សានៅតុលាការអន្តរជាតិផងដែរ។ គួរបញ្ជាក់ជូនថា នេះជាលើកទីមួយហើយដែលពលរដ្ឋឥណ្ឌូនេស៊ីនាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំដូចនេះ បើចាប់តាំងពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅក្នុងថ្ងៃទី ៧ ខែតុលាមក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 5, 2023 - អន្តរជាតិ
ម៉ាឡេស៊ី៖ ពលរដ្ឋម៉ាឡេស៊ីជាច្រើននាក់បាននាំគ្នាធ្វើពហិការលែងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនធំៗជាច្រើនដែលមានទំនាក់ជាមួយនិងប្រទេសអ៊ីស្រាអែល ឬមាននិន្នាការគាំទ្រអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមក្រុមហ៊ុនទាំងអស់មានដូចជា ក្រុមហ៊ុន McDonald’s ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Burger King និងក្រុមហ៊ុនធំៗជាច្រើនទៀត ដែលសុទ្ធតែជាក្រុមហ៊ុនរបស់អាមេរិក។ ប្រភពខាងលើបានបន្តថា ការសម្រេចធ្វើពហិការរបស់ក្រុមពលរដ្ឋម៉ាឡេស៊ីមូស្លីមនៅពេលនេះគឺដើម្បីបង្ហាញនូវការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរងគ្រោះយ៉ាងខ្លាំងដោយការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ យ៉ាងណាក្តី ការសម្រេចធ្វើពហិការនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋម៉ាឡេស៊ីមួយចំនួនដែលកំពុងធ្វើការងារនៅតាមក្រុមហ៊ុនទាំងអស់នោះផងដែរ ដ្បិតពួកគេត្រូវបាត់បង់ការងារនិងគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ គួរកត់សម្គាល់ថា ចាប់តាំងពីមានជម្លោះរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅក្នុងថ្ងៃទី ៧ខែតុលាមក ការប្រយុទ្ធគ្នាបានបណ្តាលឲ្យមានពលរដ្ឋប៉ាឡេស្ទីនចំនួន ៩,០០០នាក់ហើយត្រូវស្លាប់បាត់បង់ជីវិត និងរាប់សែននាក់ផ្សេងៗទៀតកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង៕ អត្ថបទ៖ ភក្តី
November 4, 2023 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌ទៅកាន់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៦៥លានដុល្លារបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី៤ ខែវិច្ឆិកានេះ។ ការថ្លែងបញ្ជាក់អំពីការផ្តល់ប្រាក់ជំនួយនេះគឺត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ក្នុងឱកាសដែលលោកស្រីបានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនិងហ្ស៊កដានីកាលពីថ្ងៃម្សិលមិញនេះ។ លោកស្រី Yoko Kamikawa លោកស្រី Yoko Kamikawa បានថ្លែងបញ្ជាក់ថា ជប៉ុនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដ្បិតវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋស៊ីវិលប៉ាឡេស្ទីន ហើយជំនួយមនុស្សធម៌របស់ជប៉ុននៅពេលនេះគឺត្រូវបានផ្តល់ជូនសម្រាប់យកទៅជួយសង្គ្រោះក្រុមពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលជាតំបន់កំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ គួរកត់សម្គាល់ថា តំបន់ហ្គាហ្សាមានពលរដ្ឋប៉ាឡេស្ទីនកំពុងរស់នៅសរុបប្រមាណជា ២,៧លាននាក់ ហើយភាគច្រើននៃពលរដ្ឋស៊ីវិលទាំងអស់នេះកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដូចជា អ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិត រងរបួស គ្មានកន្លែងស្នាក់នៅ គ្មានអាហារសម្រាប់ទទួលទាន និងគ្មានថ្នាំសម្រាប់ព្យាបាលជំងឺជាដើម៕
November 4, 2023 - អន្តរជាតិ
នេប៉ាល់៖ តួលេខអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីដែលបានកើតឡើងនៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃសុក្របានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ហើយបើគិតត្រឹមព្រឹកថ្ងៃសោរ៍ ទី៤ ខែតុលានេះតួលេខអ្នកស្លាប់បានបន្តកើនឡើងរហូតដល់ ១២៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ ពលរដ្ឋនេប៉ាល់ជាច្រើនរយនាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់និងស្រាល ខណៈអ្នករងរបួសខ្លះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់បានបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានវាយប្រហារតំបន់ភាគខាងលិចប្រទេសកាលពីថ្ងៃម្សិលមិញនេះគឺបានកើតឡើងនៅក្នុងកម្រិត ៦,៤ រ៉ិចទ័រ ខណៈមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាឡឺម៉ង់វិញបានអះអាងថា គ្រោះរញ្ជួយដីនោះបានកើតឡើងក្នុងកម្រិតត្រឹមតែ ៥,៧វ៉ិចទ័រប៉ុណ្ណោះ។ ប្រភពខាងលើបានឲ្យដឹងផងដែរថា គ្រោះរញ្ជួយដីខាងលើនេះគឺជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមួយសម្រាប់ប្រទេសនេប៉ាល់ បើគិតចាប់តាំងពីឆ្នាំ ២០១៥មក ហើយវាក៏បានធ្វើឲ្យនេប៉ាល់ត្រូវខាត់បង់ទ្រព្យសម្បត្តិសាធារណៈ និងសេដ្ឋកិច្ចដែលមានតម្លៃរាប់ពាន់លានដុល្លារផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 4, 2023 - អន្តរជាតិ
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចបិទសាលារៀនជាច្រើននៅក្នុងទីក្រុងញូវដេលីដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣ ខែវិច្ឆិកានេះ។ បញ្ហាខ្យល់កខ្វក់ដែលកំពុងគំរាមគំហែងរដ្ឋធានីរបស់ឥណ្ឌានៅពេលនេះគឺបង្កឡើងដោយកត្តា ៣សំខាន់ៗរួមមាន ផ្សែងកខ្វក់បង្កឡើងដោយការដុតចំបើងពីសំណាក់ក្រុមប្រជាកសិករ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទនៅក្នុងទីក្រុង និងការបំភាយផ្សែងពុលចេញពីរោងចក្រធំៗនៅក្នុងទីក្រុង។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា វិធានការបិទសាលារៀននេះត្រូវបានដាក់ចេញដើម្បីការពារសុខភាពក្រុមសិស្សានុសិស្សពីបញ្ហាផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ ជាពិសេសនោះគឺក្មេងៗកំពុងសិក្សានៅក្នុងថ្នាក់បឋមសិក្សា ដែលជាក្រុមពលរដ្ឋងាយគ្រោះបំផុតពីបញ្ហាបរិស្ថានមួយនេះ។ ប្រភពខាងលើបានបន្តថា វិធានការបិទសាលារៀននេះនឹងត្រូវអនុវត្តចំនួន ២ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឬអាជ្ញាធរអាចបន្តអនុវត្តយូរជាងនេះបន្ថែមទៀតក្នុងករណីចាំបាច់។ គួរបញ្ជាក់ជូនថា ទីក្រុងញូវដេលីគឺជាទីក្រុងដ៏ធំរបស់ឥណ្ឌា ដែលមានពលរដ្ឋកំពុងរស់នៅជាង ៣០លាននាក់ ខណៈបញ្ហាខ្យល់កខ្វក់នេះមិនមែនទើបកើតឡើងក្នុងទីក្រុងមួយនេះជាលើកទីមួយនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 3, 2023 - អន្តរជាតិ
ហ្គាហ្សា៖ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា គេត្រូវប្រាក់ជំនួយរហូតដល់ ១,២ពាន់លានដុល្លារ ដើម្បីជួយក្រុមពលរដ្ឋរងគ្រោះនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣ ខែវិច្ឆិកានេះ។ គិតត្រឹមពេលនេះ ពលរដ្ឋដែលកំពុងរងគ្រោះពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងកម្លាំងអ៊ីស្រាអែល គឺមានចំនួន ២,៧លាននៅក្នុងនៅក្នុងតំបន់ហ្គាហ្សា និងប្រមាណជា ៥០០,០០០នាក់នៅក្នុងតំបន់ West Bank។ គួររម្លឹកជូនថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងថ្ងៃទី ៧ ខែតុលាមក ប្រទេសធំៗជាច្រើនបានផ្តល់ជំនួយទៅកាន់ពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាបន្តបន្ទាប់ ហើយកាលពីសប្តាហ៍កន្លងទៅ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានអំពាវរកប្រាក់ជំនួយត្រឹមតែ ២៩៤លានដុល្លារប៉ុណ្ណោះសម្រាប់ជួយពលរដ្ឋរងគ្រោះចំនួន ១,៣លាននាក់។ យ៉ាងណាក្តី ស្ថានភាពនៃការប្រយុទ្ធគ្នាបានបន្តកាន់តែខ្លាំងឡើងៗ ហើយផលប៉ះពាល់ចំពោះពលរដ្ឋស៊ីវិលក៏មានកាន់តែធំដែរ ខណៈគិតត្រឹមពេលនេះគឺគេត្រូវការប្រាក់ជំនួយរហូតដល់
November 3, 2023 - អន្តរជាតិ
ចិន៖ ក្រុមហ៊ុនផលិតស្រាបៀរ Tsingtao បានចេញមកធ្វើការសុំទោសជាសាធារណៈជុំវិញករណីមានបុគ្គលិកខ្លួនម្នាក់នោមដាក់គ្រឿងផ្សំសម្រាប់ផលិតស្រាបៀរនាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃសុក្រ ទី៣ ខែវិច្ឆិកានេះ។ បន្ថែមពីការសុំទោសតំណាងក្រុមហ៊ុនផលិតស្រាបៀរដ៏ធំរបស់ចិនមួយនេះក៏បានបញ្ជាក់ថា បុគ្គលិកដែលជាអ្នកបង្កបញ្ហាខាងលើនេះត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនហើយ និងកំពុងរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់។ គួររម្លឹកជូនថា កាលពីថ្ងៃទី ១៩ ខែតុលាកន្លងទៅមានបុគ្គលិកបម្រើការងារនៅក្នុងរោងចក្រផលិតស្រាបៀរ Tsingtao ម្នាក់ឈ្មោះ Cui ត្រូវគេថតបាននូវសកម្មភាពអសីលធម៌មួយ ពោលគឺជាសកម្មភាពដែលគាត់បានឈរនោមនៅក្នុងធុងស្តុកគ្រឿងផ្សំសម្រាប់ផលិតស្រាបៀរដ៏ធំមួយដែលមានបរិមាណរហូតដល់ ៤០០តោន។ ភ្លាមៗក្រោយវីដេអូនោះបានបែកធ្លាយនៅក្នុងបណ្តាញសង្គម សាធារណជនបាននាំគ្នាធ្វើការរិះយ៉ាងខ្លាំងទៅកាន់ក្រុមហ៊ុនអំពីបញ្ហាអនាម័យរបស់ស្រាបៀរ Tsingtao ខណៈ Tsingtao គឺជាម៉ាកយីហោស្រាបៀរដ៏ល្បីបំផុតរបស់ប្រទេសចិន។ ក្រោយការស៊ើបអង្កេតខាងក្រុមហ៊ុនបានចេញមកបញ្ជាក់ថា សកម្មភាពខាងលើពិតជាបានកើតឡើងមែន ខណៈជនបង្កហេតុត្រូវរងនូវបទចោទថាបានបំផ្លាញទ្រព្យសម្បតិ្តក្រុមហ៊ុនដោយចេតនា និងបានធ្វើបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនយ៉ាងខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ The
November 3, 2023 - អន្តរជាតិ
ជប៉៉ុន៖ ប្រទេសជប៉៉ុននៅក្នុងថ្ងៃព្រហស្បតិ៍ទី២ នេះបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយដំណាក់កាលទៀតហើយ ដែលជាដំណាកកាលទី៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមក្រុមហ៊ុន Tokyo Electric Power បានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី៣នេះ ទឹកវិទ្យុសកម្មដែលត្រូវគេបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima គឺមានបរិមាណសរុប ៧,៨០០តោន។ គួររម្លឹកជូនថា ទឹកវិទ្យុសកម្មដែលជប៉ុនកំពុងបង្ហូរចូលទៅក្នុងសមុទ្រនៅពេលនេះ គឺជាទឹកដែលគេធ្លាប់ប្រើប្រាស់សម្រាប់ស្អំម៉ាស៊ីនរ៉េអាក់ទ័រឲ្យត្រជាក់ក្នុងអំឡុងពេលដែលរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima បានផ្ទុះកាលពីឆ្នាំ ២០១១។ ប្រភពខាងលើបានបន្តថា ទឹកវិទ្យុសកម្មដែលជប៉ុនត្រូវបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima សរុបអាចមានទំហំប៊ុនអាងហែលទឹកអូឡាំពិករហូតដល់ ៥៤០អាងឯណោះ។ នៅចំពោះមុខសកម្មភាពនេះប្រទេសចិន និងរុស្ស៊ីបានធ្វើការរិះគន់យ៉ាងខ្លាំង ដោយបារម្ភខ្លាចទឹកវិទ្យុសកម្មនោះអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ ហើយប្រទេសទាំង២នេះ បានសម្រេចផ្អាចនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនទាំងស្រុងតែម្តង៕ អត្ថបទ៖ ភក្តី
November 2, 2023 - អន្តរជាតិ
អាមេរិក៖ មូលនិធិ Walmart ប្រកាសផ្តល់ប្រាក់ជំនួយដល់ជនរងគ្រោះនៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ១លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះ។ គួរបញ្ជាក់ថា មូលនិធិ Walmart គឺជាមូលនិធិនៃក្រុមអ្នកលក់រាយនៅសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨២ម្ល៉េះ។ តំណាងមូលនិធិសប្បុរសធម៌ដ៏ធំមួយនេះបានបញ្ជាក់ថា ប្រាក់ជំនួយ ១លានដុល្លារនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ដល់់ក្រុមជនរងគ្រោះដើម្បីជួយសង្គ្រោះពួកគេកុំឲ្យស្លាប់បាត់បង់ជីវិតបន្ទាប់ពីរងរបួសកម្រិតធ្ងន់។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលមក គឺមានពលរដ្ឋអ៊ីស្រាអែលជាង ១,៤០០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត ខណៈជាច្រើនពាន់ផ្សេងទៀតបានរងរបួស និងរងផលប៉ះពាល់ដោយប្រយោល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 2, 2023 - អន្តរជាតិ
ថៃ៖ គណៈរដ្ឋមន្ត្រីថៃសម្រេចផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៥០,០០០បាត (១,៣៨០ ដុល្លារអាមេរិក) សម្រាប់ពលរដ្ឋខ្លួនម្នាក់ៗដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តឲ្យពួកគេត្រលប់មកប្រទេសកំណើតវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១ ខែវិច្ឆិកានេះ។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយពលរដ្ឋថៃមួយចំនួនបានបដិសេធមិនព្រមចាកចេញពីប្រទេសអ៊ីស្រាអែលនោះទេ បើទោះជាមានការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសក៏ដោយ ដ្បិតពួកគេមិនចង់បាត់បង់ការងារដែលពួកគេកំពុងធ្វើ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីជួយឧបត្ថម្ភជាប្រាក់សុទ្ធហើយ រដ្ឋាភិបាលថៃក៏បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ១៥០,០០០បាត (៤,១៤៣ដុល្លារអាមេរិក) បន្ថែមទៀតផងដែរ ដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគេក្រោយបាត់បង់ការងារដែលកំពុងធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល។ បើតាមក្រសួងការងារថៃបានបញ្ជាក់ថា មានពលរដ្ឋថៃសរុបប្រមាណជា ៣០,០០០នាក់ ដែលបានសម្រេចទៅធ្វើការងារនៅក្នុងប្រទេសអ៊ីស្រាអែល ហើយភាគច្រើននៃពួកគេគឺបានទៅធ្វើការងារនៅក្នុងវិស័យកសិកម្ម។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋថៃចំនួន ៣២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីស្រាអែល ១៩នាក់បានរងរបួស និង
November 1, 2023









