Pheakdey
  • អន្តរជាតិ

    អាមេរិក៖ បុរស​ ២នាក់ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួនជាបន្ទាន់ជុំវិញករណីរត់ពន្ធផលិតផលក្លែងក្លាយមានតម្លៃជាង ១ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BCC នៅក្នុងថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ។ ជនសង្ស័យទាំង ២នាក់់នេះមានឈ្មោះថា​ Adama Sow និងម្នាក់ទៀតមានឈ្មោះថា Abdulai Jalloh ខណៈពួកគេត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Manhattan ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ទំនិញក្លែងក្លាយដែលអាជ្ញាធរអាមេរិកបានរឹបអូសពីក្រុមជនខិលខូចទាំង ២រូបនេះគឺភាគច្រើនជាកាបូបប្រណិតរបស់មនុស្សស្រីដែលមានចំនួនប្រមាណជា ២១៩ ០០០កាបូប ខណៈបើគិតពីតម្លៃសរុបនៃកាបូបទាំងអស់នេះវិញគឺអាចតម្លៃខ្ទង់ ១,០៣ពាន់លានដុល្លារ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ពេលនេះក្រុមជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំការកាត់ទោសពីតុលាការ ខណៈពួកគេម្នាក់ៗអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ BCC

    November 17, 2023
  • អន្តរជាតិ

    អាមេរិក៖ តែមមួយសន្លឹកបានបំបែកកំណត់ត្រាជាតែមដែលមានតម្លៃខ្ពស់បំផុតនៅពិភពលោកជាមួយតម្លៃលក់ចេញ ២លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ តែមមួយសន្លឹកនេះមានឈ្មោះថា “Inverted Jenny” ត្រូវបានបោះពុម្ពឡើងនៅក្នុងឆ្នាំ ១៩១៨ ជាតែមដែលមានអត្ថន័យរម្លឹកដល់ការចាប់ផ្តើមដំបូងនៃសេវាកម្មផ្ញើសំបុត្រតាមយន្តហោះនៅសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា បើទោះជាតែមមួយសន្លឹកនេះមានអាយុកាលជាង ១០០ឆ្នាំហើយក៏ដោយ តែវានៅមានសភាពល្អស្ទើរតែ ១០០% ក្នុងពេលគេដាក់វាលក់នៅឯពិធីដេញថ្លៃក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍កន្លងទៅនេះ។ សូមបញ្ជាក់ជូនថា ដើមឡើយតែមសសម្រាប់បិទនៅលើសំបុត្រមួយសន្លឹកនេះគឺជាកម្មសិទ្ធរបស់លោក Charles Hack អាយុ ៧៦ឆ្នាំ ដែលជាមនុស្សម្នាក់ចូលចិត្តប្រមូលយកតែមគ្រប់ប្រភេទយកមករក្សាទុក ហើយអ្នកដែលបានទិញតែមតម្លៃ ២លានដុល្លារនេះគឺជាអ្នកវិនិយោគផ្នែកអចលនទ្រព្យម្នាក់ ដែលត្រូវការតែមនេះជាចាំបាច់ដើម្បីយកទៅបំពេញក្តីស្រមៃដ៏ធំមួយនៅក្នុងជីវិតរបស់គាត់ ពោលគឺសម្រេចក្តីស្រមៃប្រមូលយកតែមប្រភេទនេះយកទៅរក្សាទុកឲ្យបានគ្រប់ចំនួនដែលគាត់បានកំណត់៕ អត្ថបទ៖ ភក្តី

    November 14, 2023
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានច្រានចោលគម្រោងស្នើសុំដាក់ឲ្យមា​នការល្បាតរួមគ្នារវាងប៉ូលិសថៃនិងប៉ូលិសចិននៅតាមតំបន់ទេសចរណ៍នៅលើទឹកដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ ការបដិសេធនូវគម្រោងដ៏ចម្រូងចម្រូងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Sudawan Wangsuphakijkosol ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ និងក្រោយមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃ។ គួរបញ្ជាក់ជូនថា នៅលើបណ្តាញសង្គមក្នុងប្រទេសថៃនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានមតិដ៏រសើបមួយបានផ្ទុះឡើងយ៉ាងផុសផុល ពោលគឺមានមតិស្នើសុំឲ្យរដ្ឋាភិបាលថៃប្រើប្រាស់កម្លាំងប៉ូលិសចិនរួមគ្នាជាមួយកម្លាំងប៉ូលិសថៃនៅតាមតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនដើម្បីបង្កើនទំនុកចិត្តដល់ក្រុមភ្ញៀវទេសចរណ៍ចិនដែលគ្រោងមកដើរកំសាន្តនៅក្នុងប្រទេសថៃ ក៏ដូចជាបង្កើនទំនុកចិត្តសម្រាប់ពលរដ្ឋចិនដែលកំពុងរស់នៅក្នុងប្រទេសថៃ​​​​​​​​។ មតិដែលគេមិនបានដឹងពីប្រភពដើមពិតប្រាកដនេះបានអះអាងទៀតថា គម្រោងខាងលើនេះនឹងក្លាយជាវិធានការទាក់ទាញភ្ញៀវទេសចរណ៍ចិនយ៉ាងមានប្រសិទ្ធភាព ដែលអាចរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចថៃបានមួយផ្នែកធំផងដែរ។ យ៉ាងណាក្តី លោក Sudawan Wangsuphakijkosol បានបញ្ជាក់ថា ការអនុញ្ញាតឲ្យប៉ូលិសចិនមកធ្វើការល្បាតរួមគ្នាជាមួយប៉ូលិសថៃនៅលើទឹកថៃគឺវាបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព​ជាតិថៃយ៉ាងខ្លាំង ខណៈយើងមានជម្រើសល្អៗជាច្រើនទៀតដើម្បីអាចធានាបាននូវសុវត្ថិភាពយ៉ាងខ្ពស់ជូនក្រុមភ្ញៀវទេសចរណ៍ជនជាតិចិនក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗទាំងអស់នៅជុំវិញពិភពលោក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 14, 2023
  • អន្តរជាតិ

    អាមេរិក៖ រថយន្ត Ferrari ស៊េរីចាស់មួយគ្រឿងត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ ៥១,៧ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ រថយន្តដែលមានតម្លៃដ៏ខ្ពស់កប់ពពកនេះគឺជារថយន្ត Ferrari ប្រភេទ 330 LM / 250 GTO ផលិតនៅក្នុងឆ្នាំ ១៩៦២ និងត្រូវបានរចនាឡើងដោយលោក Scaglietti។ ប្រភពខាងលើបានបន្តថា ការដាក់លក់រថយន្តខាងលើនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធីដេញថ្លៃមួយមានឈ្មោះថា RM Sotheby ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក ខណៈកម្មវិធីនេះគឺជាកម្មវិធីដេញថ្លៃរថយន្តធំបំផុតលំដាប់ទី ១ នៅលើពិភពលោកផងដែរ។ សូមបញ្ជាក់ជូនថា ជាមួយនឹងតម្លៃខ្ពស់មហាសាលខាងលើនេះបានធ្វើឲ្យរថយន្ត Ferrari មួយគ្រឿងនេះបំបែកកំណត់ត្រាពិភពលោកក្លាយជារថយន្តស៊េរីចាស់ដែលមានតម្លៃថ្លៃជាងគេបំផុតផងដែរ៕  អត្ថបទ៖ ភក្តី

    November 14, 2023
  • អន្តរជាតិ

    នេប៉ាល់៖ រដ្ឋាភិបាលនៃប្រទេសនេប៉ាល់បាននិយាយថា នឹងធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់នោះទេនូវបណ្តាញសង្គម TikTok ដែលជាបណ្តាញសង្គមកំពុងពេញនិយមបំផុតមួយនៅលើពិភពលោក ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ ការសម្រេចហាមឃាត់នេះត្រូវបានធ្វើឡើងក្រោមហេតុផលថា មាតិកាជាច្រើននៅលើបណ្តាញសង្គម TikTok បានកំពុងតែធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។ យ៉ាងណាក្តីប្រភពខាងលើបានបញ្ជាក់ថា ការសម្រេចហាមឃាត់នេះទំនងជាមិនបានបង្កឲ្យមានការខាតបង់ច្រើ​នចំពោះក្រុមហ៊ុន TikTok នោះទេ ដ្បិតបណ្តាញសង្គមមួយនេះកំពុងមានអ្នកប្រើប្រាស់រហូតដល់ជាង ១ពាន់លាននាក់ឯណោះនៅជុំវិញពិភពលោក ខណៈនេប៉ាល់មានពលរដ្ឋសរុបត្រឹម ៣០លាននាក់ប៉ុណ្ណោះ។ គួររម្លឹកជូនថា ​TikTok ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនបានប្រឈមនឹងបញ្ហាចម្រូងចម្រាសជាច្រើននាពេលកន្លងមក ដោយប្រទេសមួយចំនួនរួមមានអាមេរិកផងដែរបានចោទប្រកាន់ថា TikTok គឺជាចារកម្មចិន ដែលបានលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ដោយសម្ងាត់ដើម្បីផ្តល់ជូនឲ្យទៅរដ្ឋាភិបាលចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 14, 2023
  • អន្តរជាតិ

    អ៊ីតាលី៖ សត្វតោមួយក្បាលត្រូវបានគេប្រទះឃើញដើរនៅតាមដងផ្លូវសំខាន់ៗជាច្រើនកន្លែងនៅក្នុងទីក្រុងរ៉ូម ដែលជារដ្ឋធានីរបស់ប្រទេសអ៊ីតាលី និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះបានបញ្ជាក់ថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងតាំងតែពីយប់ថ្ងៃសៅរ៍ម្ល៉េះ ខណៈការបង្ហាញខ្លួនរបស់សត្វតោមួយក្បាលនេះបានកើតឡើងអស់រយៈពេលប្រមាណជា ៥ម៉ោងទម្រាំគេអាចចាប់យកវាទៅវិញបាន។ ភ្លាមៗក្រោយប្រទះឃើញហេតុការណ៍ដ៏ចម្លែកនេះ អាជ្ញាធរក្រុងរ៉ូមបានជូនដំណឹងកុំឲ្យពលរដ្ឋចេញពីផ្ទះ ដើម្បីរក្សាសុវត្ថិភាពពីការវាយប្រហារណាមួយពីសំណាក់សត្វតោ និងបានបញ្ជាឲ្យក្រុមអ្នកជំនាញផ្នែកសត្វត្រូវចេញធ្វើអន្តរាគមន៍ចាប់សត្វតោនោះជាបន្ទាន់ មុនពេលវាអាចបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់។ ប្រភពខាងលើបានបន្តថា សត្វតោមួយក្បាលនេះបានរត់ចេញពីកន្លែងលេងសៀកមួយកន្លែងក្នុងទីក្រុងរ៉ូម ហើយវាមិនមែនជាពពួកសត្វតោកាចសាហាវនោះទេ។ យ៉ាងណាក្តី គេត្រូវប្រើពេលជាច្រើនម៉ោងនិងកម្លាំងមនុស្សសជាច្រើននាក់ទើបអាចចាប់សត្វតោនោះបាន ខណៈគ្មានពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ពីការវាយប្រហាររបស់សត្វតោនោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 12, 2023
  • អន្តរជាតិ

    ចិន៖​ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារដ៏គួរឲ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះ។ អគារដែលជាកន្លែងកើតហេតុនោះមានទីតាំងស្ថិតនៅកណ្តាលទីក្រុង Wenzhou ខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ហេតុការណ៍បាក់អគារបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈអគារកំពុងស្ថិតនៅក្នុងដំណាក់កាលជួសជុលនៅឡើយ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែក្រុមកម្មករសំណង់ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានខាងលើនេះតែម្តង។ គួររម្លឹកជូនថា​ ថ្មីៗនេះប្រទេសចិនបានកត់ត្រាករណីបាក់អគារជាបន្តបន្ទាប់ ដោយកាលពីសប្តាហ៍មុនមានហេតុការណ៍បាក់ដំបូលក្លឹបហាត់ប្រាណមួយកន្លែងបានកើតឡើងនៅក្នុងខេត្ត Heilongjiang ដែលបានបណ្តាលឲ្យមនុស្ស ៣នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយកាលពីខែកក្កដាកន្លងទៅនៅក្នុងខេត្តដដែលនេះក៏បានជួបប្រទះនូវហេតុការណ៍បាក់ដំបូលសាលារៀនដ៏កម្រមួយផងដែរ ដែលបានបណ្តាលឲ្យកូនសិស្សចំនួន ១១នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖​ The Strait  Time

    November 12, 2023
  • អន្តរជាតិ

    វៀតណាម៖ តុលាការក្រុងហូជីមិញ ប្រទេសវៀតណាមសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ១៨នាក់ដែលបានពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមជនល្មើសគ្រឿងញៀនទាំង ១៨នាក់នោះ គឺមានជនបរទេសចំនួ​ន ៣នាក់ ដោយម្នាក់ជាជនជាតិចិន និង ២នាក់ជាជនជាតិកូរ៉េខាងត្បូង ខណៈជនល្មើសចំ​នួន ១៥នាក់ផ្សេងទៀតគឺជាពលរដ្ឋវៀតណាម។ ប្រភពខាងលើបានបន្តថា ជនល្មើសជាជនជាតិចិនមានឈ្មោះ Li Tian Guan អាយុ ៥៨ឆ្នាំ ខណៈជនល្មើសជនជាតិកូរ៉េខាងត្បូងវិញគឺមានម្នាក់ជាអតីតប៉ូលិសមានឈ្មោះថា Kim Soon-sik អាយុ ៦៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Kang Seon-hok អាយុ ៣០ឆ្នាំ។

    November 12, 2023
  • អន្តរជាតិ

    ជប៉ុន៖ ក្តាមទឹកកក (Sow Crab) មួយក្បាលត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុនក្នុងតម្លៃជាង ៦,៥ម៉ឺនដុល្លារ ដែលជាតម្លៃដ៏ខ្ពស់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand កាលពីថ្ងៃសុក្រ ទី១០​ ខែវិច្ឆិកាកន្លងទៅនេះ។ ក្តាមទឹកកកដែលមានតម្លៃរាប់ម៉ឺនដុល្លារនេះគឺមានទម្ងន់ត្រឹមតែ ១,២គីឡូក្រាមប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ការលក់ក្តាមទឹកកកខាងលើនេះគឺត្រូវបានធ្វើឡើងតាមរយៈការដេញថ្លៃមួយ ដែលគេបានរៀបចំឡើងនៅក្នុងតំបន់កំពង់ផែ Hamasaka ក្រុង Shinonsen​​​ ភាគខាងជើងអាណាខេត្ត Hyogo ខណៈអ្នកដែលបានក្លាយជាម្ចាស់ក្តាមមួយក្បាលនេះគឺលោក Ryosuke Uemura អាយុ ៤៧ឆ្នាំ ដែលជាម្ចាស់ភោជនីយដ្ឋានដ៏ធំមួយនៅក្នុងប្រទេសជប៉ុនក្រោយរូបលោកហ៊ានឲ្យថ្លៃក្តាមមួយក្បាលនេះរហូតដល់ ១០លានយេន (៦៥,៩៩៥ដុល្លារ)។ គួរបញ្ជាក់ថា​ ក្តាមទឹកកកគឺជាប្រភេទក្តាមកម្របំផុតមួយហើយអ្នកដែលហ៊ានទិញក្តាមប្រភេទនេះយកទៅទទួលទានគឺសុទ្ធជាក្រុមអ្នកមានលំដាប់មហាសេដ្ឋី៕   អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand  

    November 11, 2023
  • អន្តរជាតិ

    អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា គិតជាមធ្យមគឺមានកុមារម្នាក់នៅតំបន់ហ្គហ្សាបានស្លាប់បាត់បង់ជីវិតនៅរៀងរាល់ ១០នាទីម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលប្រធានអង្គការសុខភាពពិភពលោករូបនេះត្រូវធ្វើសេចក្តីថ្លែងការពិសេសមួយនៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីយប់ម្សិលមិញនេះ។ លោក Tedros Adhanom បានបញ្ជាក់ទៀតថា គិតត្រឹមពេលនេះនៅក្នុងតំបន់ហ្គាហ្សាទាំងមូលគឺគ្មានកន្លែងណាមួយមានសុវត្ថិភាព និងគ្មានអ្នកណាម្នាក់មានសុវត្ថិភាពនោះទេ ពោលគឺពលរដ្ឋនៅតំបន់ហ្គាហ្សាទាំងអស់សុទ្ធតែអាចប្រឈមនឹងគ្រោះថ្នាក់រហូតដល់ការស្លាប់បាត់បង់ជីវិត បើទោះជាពួកគេព្យាយាមលាក់ខ្លួននៅក្នុងទីតាំងណាមួយក៏ដោយ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះតួលេខពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់បាត់បង់ជីវិតដោយការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងរហូតដល់ខ្ទង់ ១១,០០០នាក់ហើយ ខណៈកម្តៅនៃការប្រយុទ្ធគ្នាហាក់គ្មានតម្រុយនៃការបិទបញ្ចប់ទាល់តែសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 11, 2023