- Pheakdey
- អន្តរជាតិ
អាមេរិក៖ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងក្រុង Hawaiian សហរដ្ឋអាមេរិកបានកើនឡើងដល់ ៥៣នាក់ហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរអាមេរិកដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហានេះ។ អ្វីដែលកាន់តែអាក្រក់នោះគឺអាជ្ញាធរអាមេរិកបានបញ្ជាក់ថា តួលេខអ្នកស្លាប់អាចបន្តកើនឡើងផងដែរ ដ្បិតគិតត្រឹមពេលនេះគឺនៅមានអ្នករងរបួសធ្ងន់ធ្ងរ និងអ្នកកំពុងបាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។គួររម្លឹកជូនថា ក្រុង Hawaiian គឺជាក្រុងទេសចរណ៍ប្រវត្តិសាស្រ្តដ៏មានសក្តានុពលមួយរបស់សហរដ្ឋអាមេរិក ហើយឥទ្ធិពលរបស់ភ្លើងឆេះព្រៃបានបន្តរាលដាលនិងលេបត្របាក់ទីក្រុងមួយនេះអស់ប្រមាណជា ៨០%។ គិតត្រឹមពេលនេះអគ្គីភ័យបានបំផ្លាញអគារនៅក្នុងក្រុងអស់ជាង១,៧០០កន្លែង ខណៈពលរដ្ឋរាប់ពាន់នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់។ សូមបញ្ជាក់ជូនថា ដើម្បីគេចចេញពីអគ្គីភ័យខាងលើនេះមានពលរដ្ឋជាង ១០០នាក់បានសម្រេចលោតចូលក្នុងទឹកសមុទ្រ ខណៈគិតត្រឹមពេលនេះអាជ្ញាធរអាមេរិកទើបតែជួយស្រង់មនុស្សចេញពីក្នុងសមុទ្របានត្រឹម ៥០នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 11, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបង្កើតគោលនយោបាយថ្មីដើម្បីលើកកម្ពស់លើវិស័យ “ប្រព័ន្ធថែទាំវេជ្ជសាស្រ្តចំពោះសត្វចិញ្ចឹម” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១០ ខែសីហានេះ។ ការសម្រេចដាក់ចេញនូវគោលនយោបាយពិសេសនេះត្រូវបានធ្វើឡើងក្នុងគោលបំណងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋជាម្ចាស់សត្វចិញ្ចឹម ដែលជាមធ្យមពួកគាត់បានចំណាយប្រាក់ ៦០,០០០វ៉ុន (៤៥,៥ ដុល្លារអាមេរិក) ក្នុងមួយខែទៅលើសេវាថែទាំសុខភាពសត្វចិញ្ចឹមរបស់ពួកគាត់ជាមួយគ្លីនិកឯកជន។ប្រភពខាងលើបានបន្តថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋកូរ៉េខាងត្បូងចំនួន ៦,០២លាននាក់ ដែលមានសត្វចិញ្ចឹមដូចជាសត្វឆ្កែ និងសត្វឆ្មា ខណៈតួលេខនេះមានការកើនឡើងចំនួន ៦៥,៤% បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំ ២០១២ ដែលមានពលរដ្ឋកូរ៉េខាងត្បូងត្រឹម ៣,៦៤លាននាក់ប៉ុណ្ណោះមានសត្វចិញ្ចឹមផ្ទាល់ខ្លួននៅតាមផ្ទះរបស់ពួកគេ។ គួរបញ្ជាក់ជូនថា តាមគម្រោងគឺរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តើមអនុវត្តគោលនយោបាយខាងលើនេះចាប់ពីថ្ងៃទី ១ ខែតុលាខាងមុខនេះហើយ ខណៈគម្រោងផ្តល់សេវាកម្មថែទាំវេជ្ជសាស្រ្តចំពោះសត្វចិញ្ចឹមពីសំណាក់រដ្ឋាភិបាននេះក៏មានការលើកលែងចំពោះសេវាមិនសូវមានភាពចាំបាច់មួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី
August 11, 2023 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៦នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហានេះ។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅក្នុងក្រុង Hawaiian ដែលជាក្រុងទេសចរណ៍ប្រវត្តិសាស្រ្តដ៏មានសក្តានុពលមួយរបស់សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ នៅពេលពលរដ្ឋចំនួន ១២នាក់ផ្សេងទៀតបានរងរបួស ខណៈនៅក្នុងនោះមានពលរដ្ឋចំនួន ២នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ នៅក្នុងប្រតិបត្តិការណ៍ជួយជនរងគ្រោះ អាជ្ញាធរអាមេរិកក៏បានជួយសង្គ្រោះពលរដ្ឋជាច្រើននាក់ចេញពីទឹកសមុទ្រផងដែរ ក្រោយពួកគេបានបង្ខំចិត្តលោតចូលក្នុងសមុទ្រដើម្បីគេចឲ្យផុតពីអគ្គីភ័យ។ គិតត្រឹមពេលនេះអគ្គីភ័យបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងអគារអស់ជាង ២៧០កន្លែង ហើយពលរដ្ឋជាង ១២,០០០នាក់ត្រូវបានជម្លៀសខ្លនជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 10, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ព្យុះត្រូពិច Khanun បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងទីក្រុងប៊ូសាន ដែលជាក្រុងកំពង់ផែដ៏មានសក្តានុពលមួយរបស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហានេះ។ ឥទ្ធិពលរបស់ព្យុះបានបង្កើតឲ្យមានខ្យល់បក់បោកយ៉ាងខ្លាំង មានភ្លៀងធ្លាក់ក្នុងកម្រិតដ៏ច្រើន និងបង្កឲ្យមានបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សជាច្រើនកន្លែងផងដែរ។ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចបិទផ្លូវរថយន្តភ្លើងសម្រាប់ធ្វើដំណើរទៅកាន់ទីក្រុងប៊ូសានជាបណ្តោះអាសន្ន ខណៈជើងហោះហើរទៅកាន់ទីក្រុងមួយនេះចំនួន ៣៣០ជើងត្រូវបានលុបចោលជាបន្ទាន់ផងដែរ។ បន្ថែមពីលើនេះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានធ្វើការជម្លៀសពលរដ្ឋដែលរស់ក្បែរតំបន់ឆ្នេរសមុទ្រក្នុងទីក្រុងប៊ូសានជាង ១០,០០០នាក់ឲ្យទៅរស់នៅក្នុងកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ ទម្រាំឥទ្ធិពលរបស់ព្យុះត្រូវរលាយបាត់ទៅវិញ៕អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 10, 2023 - អន្តរជាតិ
អាមេរិក៖ ស្រ្តីម្នាក់ត្រូវបានត្រីឆ្លាមចេញមកខាំក្នុងអំឡុងពេលចុះទៅលេងទឹកសមុទ្រនៅក្នុងឆ្នេរ Rockaway ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលនេះជាគ្រោះថ្នាក់ដ៏កម្របំផុតមិនធ្លាប់កើតមាននោះទេក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៩ ខែសីហានេះបានបញ្ជាក់ថា ស្រ្តីរងគ្រោះមានឈ្មោះថា Tatyana Koltunyuk អាយុ ៦៥ឆ្នាំ ហើយក្នុងអំឡុងពេលត្រូវត្រីឆ្លាមខាំនោះគឺគាត់កំពុងតែហែលទឹកលេងតែម្នាក់ឯងប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ក្រោយពេលត្រូវត្រីឆ្លាមខាំត្របាក់ លោកស្រី Tatyana Koltunyuk បានស្រែកឲ្យគេជួយ ហើយពេលនោះឆ្មាំសមុទ្រក៏បានចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ និងអាចជួយសង្គ្រោះជីវិតគាត់បានទាល់ពេលវេលាផងដែរ។ យ៉ាងណាក្តី លោកស្រី Tatyana Koltunyuk បានរងរបួសជើងឆ្វេងយ៉ាងឆ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ គួរបញ្ជាក់ជូនថា តាមធម្មតានៅតំបន់ឆ្នេរសមុទ្រដែលគេបើកឲ្យសាធារណជនចុះទៅកំសាន្តនោះគឺត្រូវគេដាក់ប្រព័ន្ធត្រួតពិនិត្យ និងការពារសត្វសាហាវយ៉ាងហ្មត់ចត់ ហើយសម្រាប់នៅក្នុងសម័យដ៏ជឿនលឿននេះវាគឺជារឿងដ៏កម្របំផុត ដែលមានត្រីឆ្លាមអាចចេញមកវាយប្រហារមនុស្សដល់មាត់ឆ្នេរដូចនៅក្នុងខ្សែភាពយន្តហូលីវូដនោះ៕អត្ថបទ៖ ភក្តី
August 9, 2023 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានថ្លែងថា លោកនឹងអញ្ជើញទៅប្រទេសវៀតណាមនៅក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៩ ខែសីហានេះ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោកប្រធានាធិបតីវ័យ ៨០ឆ្នាំរូបនេះបានអញ្ជើញទៅចូលរួមក្នុងកម្មវិធីរៃអង្គាសប្រាក់នយោបាយមួយក្នុងរដ្ឋ New Mexico កាលពីពេលថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការនោះ លោក ចូ បៃឌិន បានបញ្ជាក់ថា គោលបំណងនៃការធ្វើដំណើររបស់គាត់ទៅកាន់ប្រទេសវៀតណាមលើកនេះគឺដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនិងវៀតណាម និងក្លាយជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់មួយ។ យ៉ាងណាក្តី សេតវិមានអាមេរិកនៅមិនទាន់បង្ហាញពីពេលវេលាជាក់លាក់នៃការធ្វើដំណើរទស្សនកិច្ចផ្លូវការមួយនេះនៅឡើយទេ ខណៈភាគីខាងវៀតណាមបានបង្ហាញនូវសេចក្តីសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានមេដឹកនាំប្រទេសមហាអំណាចរូបនេះ៕ ប្រភព៖ Channel News Asia
August 9, 2023 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៣នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់មួយមេធំនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៩ ខែសីហានេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់ថា ភ្លៀងដែលកំពុងតែបន្តធ្លាក់នៅក្នុងទីក្រុងប៉េកាំងនៅពេលនេះគឺជាបរិមាណទឹកភ្លៀងដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់ទីក្រុងដ៏ធំរបស់ចិនមួយនេះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយគឺនៅមានពលរដ្ឋចំនួន ១៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈឥទ្ធិពលរបស់ភ្លៀងក៏បានធ្វើឲ្យអគារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងមួយចំនួនត្រូវបានបំផ្លាញផងដែរ។ គួរកត់សម្គាល់ថា ជាច្រើនសប្តាហ៍ចុងក្រោយនេះប្រទេសចិនហាក់បានប្រឈមជាមួយនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរជាបន្តបន្ទាប់ ហើយបើគិតត្រឹមរយៈពេល ១ខែចុងក្រោយនេះមានពលរដ្ឋចិនដែលរស់នៅក្នុងតំបន់ផ្សេងៗគ្នាសរុបចំនួន ១៤៧នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតព្រោះតែគ្រោះធម្មជាតិដូចជា ទឹកជំនន់ ព្យុះ និងការកើនឡើងកម្តៅខ្លាំងជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 9, 2023 - អន្តរជាតិ
ន័រវេស៖ អាជ្ញាធរនៃប្រទេសន័រវេសនឹងធ្វើការពិន័យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម Facebook និង Instagram ជាប្រាក់ចំនួន ១លានក្រូនន័រវេស (៩៨,១០២ដុល្លារអាមេរិក) ក្នុងមួយថ្ងៃចាប់ពីថ្ងៃទី១៤ ខែសីហានេះហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៨ ខែសីហា។ តាមគម្រោងគឺការផាកពិន័យនេះនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ខណៈនីតិវិធីនៃការផាកពិន័យក៏អាចមានការកែសម្រួលផងដែរ ប្រសិនបើមានការយល់ព្រមព្រៀងគ្នាណាមួយរវាងក្រុមហ៊ុន Meta ជាមួយនិងអាជ្ញាធរន័រវេស។គួររម្លឹកជូនថា រឿងរ៉ាវចម្រូលចម្រាសខាងលើនេះបានកើតមានជាច្រើនខែមកហើយ ដោយអាជ្ញាធរន័រវេសបានចោទប្រកាន់ថា ក្រុមហ៊ុន Meta បានលួចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់ Facebook និង Instagram នៅក្នុងប្រទេសខ្លួនដោយគ្មានការអនុញ្ញាត។ បើតាមនិយតករន័រវេសបានបញ្ជាក់ថា ទិន្នន័យដែលក្រុមហ៊ុន Meta បានប្រមូលយកពីក្រុមអ្នកប្រើប្រាស់នោះមានដូចជាទីតាំងរបស់អ្នកប្រើប្រាស់
August 8, 2023 - អន្តរជាតិ
អាមេរិក៖ ការិយាល័យរដ្ឋាភិបាលអាមេរិកជាច្រើននៅក្នុងទីក្រុងវ៉ាស៊ីនតោនត្រូវបានបិទទ្វារព្រោះតែការមកដល់នូវព្យុះដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែសីហានេះ។ ព្យុះដែលកំពុងបង្កការគំរាមគំហែងនៅសហរដ្ឋអាមេរិកនៅពេលនេះគឺជាប្រភេទព្យុះកំបុតត្បូង ដែលអាចបង្កើតឲ្យមានផ្គររន្ទះ ខ្យល់កន្ត្រាក់ ភ្លៀង និងព្រឹលធ្លាក់យ៉ាងខ្លាំងផងដែរ។ បើតាមការិយាល័យសេវាកម្មអាកាសធាតុអាមេរិកបានបានបញ្ជាក់ថា ព្យុះកំបុតត្បូងខាងលើនេះអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋប្រមាណជា ២៩,៥ លាននាក់ ដែលកំពុងរស់នៅក្នុងរដ្ឋអាឡាបាម៉ានិងនៅក្នុងតំបន់ភាគខាងលិចរដ្ឋញូវយ៉កនៅពាក់កណ្តាលយប់នេះ ខណៈគិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ៨០០,០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់កណ្តាលនិងភាគខាងត្បូងនៃរដ្ឋអាត្លង់ទិកកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរអាមេរិកបានសម្រេចលុបចោលជើងហោះហើរក្នុងស្រុកចំនួន ២,៣០០ជើង ហើយជើងហោះហើរចំនួន ៦,៨០០ជើងផ្សេងទៀតត្រូវបានពន្យាពេលផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 8, 2023 - អន្តរជាតិ
ព័រទុយហ្គាល់៖ អគ្គីភ័យបានកំពុងតែលេបត្របាក់តំបន់ព្រៃដែលស្ថិតនៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់យ៉ាងសន្ធោសន្ធៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែសីហានេះ។ ភ្លើងបានចាប់ផ្តើមឆេះចេញពីក្រុង Odemira ក្នុងតំបន់ Alentejo និងបន្តរាលដាលទៅកាន់តំបន់ភាគខាងត្បូង Algarve យ៉ាងឆាប់រហ័ស ខណៈតំបន់នេះគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ព័រទុយហ្គាល់ផងដែរ។ នៅចំពោះមុនស្ថានភាពបន្ទាន់នេះ អាជ្ញាធរព័រទុយហ្គាល់បានដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ៨០០នាក់ ដើម្បីជួយពន្លត់ភ្លើងកុំឲ្យឆេះរាលដាលទៅកាន់តំបន់សំខាន់ៗមួយចំនួនបន្ថែមទៀត ខណៈអាជ្ញាធរក៏បានទាញសញ្ញាអាសន្នមួយដាស់តឿនឲ្យពលរដ្ឋ ដែលកំពុងរស់នៅក្បែរតំបន់កើតហេតុត្រូវបង្កើតការប្រុងប្រយ័ត្នផងដែរ។ បើតាមអាជ្ញាធរព័រទុយហ្គាល់បានឲ្យដឹងថា គិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ១,៤០០០នាក់បានសម្រេចធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នដើម្បីគេចចេញពីគ្រោះថ្នាក់ណាមួយដែលអាចកើតមានឡើងដោយយថាហេតុ ខណៈគេនៅមិនទាន់រកឃើញមានជនរងគ្រោះណាម្នាក់ត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 8, 2023









