Pheakdey
  • អន្តរជាតិ

    ហុងកុង៖ លោកមហាសេដ្ឋី Jack Ma បានសម្រេចទទួលយកតួនាទីជាសាស្រ្តាចារ្យនៅក្នុងសាកលវិទ្យាល័យហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២១ ខែមេសានេះ។ សាកលវិទ្យាល័យដែលស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះនឹងទៅ​បង្រៀននោះគឺសាកលវិទ្យាល័យហុងកុង (Hong Kong University) ហើយមុខវិជ្ជាដែលរូបគាត់បង្រៀននោះគឺមុខវិជ្ជាពាណិជ្ជកម្ម។ គួររម្លឹកជូនថា លោកមហាសេដ្ឋី Jack Ma បានខកខាន​ក្នុងការបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលប្រមាណជា ២ឆ្នាំមកហើយ ក្រោយក្រុមហ៊ុនលក់ទំនិញ Online របស់លោកបានជួបប្រទះនឹងរឿងចម្រូងចម្រាសក្នុងការបង់ពន្ធមួយចំនួនជាមួយនិងរដ្ឋាភិបាលចិន។ លោកមហាសេដ្ឋី Jack Ma បច្ចុប្បន្នមានអាយុ ៥៨ ឆ្នាំ

    April 22, 2023
  • អន្តរជាតិ

    ថៃ៖​ ខ្យល់កខ្វក់នៅតែជាបញ្ហាចម្បងមួយនៅក្នុងប្រទេសថៃ ខណៈនៅក្នុងសប្តាហ៍មានពលរដ្ឋថៃជាង ១,៨ សែននាក់ត្រូវបានរាយការណ៍ថា បានកើតមានបញ្ហាសុខភាពដែលត្រូវទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ។ តំបន់ដែលកំពុងតែប្រឈមនឹងបញ្ហាអាកាសធាតុដ៏អាក្រក់នេះទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ដែលស្ថិតនៅក្នុងភាគខាងជើងនៃប្រទេសថៃ។ បើយោងតាមរបាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលថៃ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសានេះបានបង្ហាញថា បើគិតចាប់តាំងពីដើមឆ្នាំ ២០២៣ រហូតមកទល់នឹងពេលនេះ គឺបញ្ហាខ្យល់កខ្វក់បានបណ្តាលឲ្យពលរដ្ឋថៃជាង ២,៤លាននាក់បានកើតមានបញ្ហាសុខភាពដែលត្រូវទៅរកការព្យាបាលនៅមន្ទីរពេទ្យ ពោលគឺជាការប៉ះពាល់សុខភាពកម្រិតធ្ងន់។ សូមបញ្ជាក់ជូនថា បញ្ហាខ្យល់កខ្វក់ដែលកំពុងបង្កការគំរាមគំហែងនៅក្នុងប្រទេសថៃនោះ គឺជាស្ថានភាពដែលបរិយាកាយមានផ្ទុកនូវភាគល្អិតនៃធូលីក្នុងកម្រិតដ៏ខ្ពស់លើសពីស្តង់ដារសុខភាព និងបន្ថែមដោយការមានផ្សែងពុលក្នុងបរិយាកាសផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 21, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ វីដេអូមួយដែលបង្ហាញថា គេអាចចម្អិនស៊ុតទានៅក្រោមពន្លឺព្រះអាទិត្យបាននោះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Facebook និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌា និងនៅតាមបណ្តាប្រទេសមួយចំនួនដែលកំពុងប្រឈមនឹងបញ្ហារលកកម្តៅ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា សកម្មភាពចម្អិនស៊ុតដោយប្រើពន្លឺព្រះអាទិត្យបានកើតឡើងនៅក្នុងរដ្ឋ West Bengal ស្ថិតនៅក្នុងភាគខាងលិចនៃប្រទេសឥណ្ឌា ដែលសីតុណ្ហភាពនៅទីនោះបានកើតឡើងរហូតដល់ជាង ៤០អង្សាសេ។ លោកអ្នកអាចទស្សនាសកម្មភាពដ៏កម្រនេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    April 21, 2023
  • អន្តរជាតិ

    អាមេរិក៖ រ៉ុកកែត Starship ដែលជាប្រភេទរ៉ុកកែតអវកាសដ៏ខ្លាំងខ្លាបំផុតនៅក្នុងប្រវត្តិសាស្រ្តអវកាសបានផ្ទុះនៅក្នុងការបាញ់សាកល្បងជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសានេះ។ រ៉ុកកែត Starship ត្រូវបានគេគ្រោងធ្វើការបាញ់សាកល្បងតាំងតែពីថ្ងៃចន្ទ ដើមសប្តាហ៍នេះម្លេះ ប៉ុន្តែដោយសារមានបញ្ហាបច្ចេកទេសមួយចំនួនទើបដំណើរការនៃការបាញ់សាកល្បងនេះត្រូវអូសបន្លាយមកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បើទោះជាយ៉ាងនេះក្តី លោក Elon Musk ដែលជាប្រធានក្រុមហ៊ុន SpaceX នៅតែសម្តែងការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់លោក និងបាននិយាយលើកទឹកចិត្តពួកគេថា អ្វីដែល​បានកើតឡើង​នៅថ្ងៃនេះ​នឹង​ក្លាយជា​បទពិសោធន៍សម្រាប់​ត្រៀម​រៀបចំ​ការ​បាញ់បង្ហោះ​សាកល្បង​សាជាថ្មីម្តងទៀតនៅ​ក្នុងក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមបញ្ជាក់ជូនផងដែរថា ការបាញ់រ៉ុកកែត Starship ទៅកាន់ទីអវកាស គឺជាមហិច្ឆតាដ៏មុតមាំមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្ត ហើយនាពេលកន្លងមកគេក៏បានព្យាយាមបាញ់សាកល្បងគ្រាប់រ៉ុកកែតប្រភេទនេះជាច្រើនដងហើយដែរ តែការបាញ់ជាក់ស្តែងមិនធ្លាប់កើតមាននោះទេ ខណៈការបាញ់សាកល្បងនៅលើកទី១ នេះក៏ត្រូវទទួលបានបរាជ័យទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    April 21, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ ការសិក្សាមួយបានបង្ហាញថា រលកកម្តៅនឹងបន្តគំរាមគំហែងប្រទេសឥណ្ឌាកាន់តែអាក្រក់ខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសានេះ។​ នៅក្នុងការសិក្សាដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge ក្នុងចក្រភពអង់គ្លេសមួយនេះបានបង្ហាញថា ផលប៉ះពាល់ដែលឥណ្ឌាត្រូវទទួលរងពីរលកកម្តៅនោះមានដូចជា ត្រូវបិទសាលារៀន ពលរដ្ឋធ្លាក់ខ្លួនឈឺ និងស្លាប់ ខណៈផលដំណាំជាច្រើននឹងត្រូវបំផ្លាញ។ ប្រភពខាងលើបានបន្តថា រលកកម្តៅនឹងរុញច្រានឲ្យពលរដ្ឋឥណ្ឌាប្រមាណជា ៨០% នៅក្នុងចំណោមពលរដ្ឋសរុបចំនួន ១,៤ពាន់លាននាក់ត្រូវរស់នៅក្នុងស្ថានភាពគ្រោះថ្នាក់។ ចំពោះទំហំនៃការខាតបង់សរុបវិញនៅមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈនៅពេលនេះក្រុមសមាជិកសភាឥណ្ឌាកំពុងបើកការសិក្សាជាពិសេសមួយ ដើម្បីធ្វើការប៉ាន់ប្រមាណថា តើបញ្ហារលកកម្តៅនេះនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិឥណ្ឌាក្នុងទំហំកម្រិតណា។ សូមបញ្ជាក់ជូនថា ថ្មីៗនេះសីតុណ្ហភាពជាមធ្យមនៅតាមរដ្ឋមួយចំនួនក្នុងប្រទេសឥណ្ឌាបានកើនដល់ ៣៨អង្សាសេ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះរលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ១១នាក់ ខណៈពលរដ្ឋជាច្រើនរយនាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ៕ អត្ថបទ៖ ភក្តី

    April 20, 2023
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Meta គ្រោងនឹងធ្វើការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំមួយសម្រាប់ផែនការនៅក្នុងឆ្នាំ ២០២៣នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០​ ខែមេសានេះ។ បើតាមលោក Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិ​បត្តិនៃក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះបានបញ្ជាក់ថា បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងកាត់បន្ថយនេះគឺជាក្រុមបុគ្គលិកនៅក្នុងផ្នែកវិស្វករ និងបច្ចេកវិទ្យា។ នាយកប្រតិបត្តិវ័យ ៣៨ឆ្នាំរូបនេះបានបន្តថា គម្រោងបញ្ឈប់បុគ្គលិកខាងលើនេះនឹងត្រូវធ្វើឡើងជា ៣ដំណាក់កាល សម្រាប់បុគ្គលិក ៣ក្រុមផ្សេងគ្នា និងត្រូវប្រើពេលប្រហែលជា ៣-៤ខែ ដោយគិតចាប់ពីពេលជូនដំណឹងនេះតទៅ ខណៈគម្រោងបញ្ឈប់បុគ្គលិកនៅពេលនេះអាចនឹងប៉ះពាល់ដល់បុគ្គលិកសរុបប្រមាណជា ១០,០០០នាក់។ ចំពោះហេតុផលនៃការអនុវត្តគម្រោងខាងលើនេះវិញគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ពោលគឺជាគោលការណ៍រក្សាតុល្យភាពរវាងប្រាក់ចំណូលនិងការចំណាយជាក់ស្តែងរបស់ក្រុមហ៊ុន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    April 20, 2023
  • អន្តរជាតិ

    អាមេរិក៖ តារាចម្រៀងរ៉េបដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិក គឺលោក Pras Michel បានសារភាពប្រាប់ចៅក្រមនៅក្នុងតុលាការក្រុងវ៉ាស៊ីនតោនថា គាត់បានទទួលលុយខុសច្បាប់ចំនួន ២០លានដុល្លារពីមហាសេដ្ឋីម៉ាឡេស៊ីម្នាក់ជាថ្នូរនិងការជួយរៀបចំឲ្យមហាសេដ្ឋីរូបនោះបានថតរូបជាមួយអតីតប្រធានាធិបតីអាមេរិកគឺលោក Barack Obama។ ​គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងពីឆ្នាំ ២០១២ ម្ល៉េះ ពោលគឺនៅជំនាន់ដែលលោក Barack Obama កំពុងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ តារាចម្រៀងរ៉េប Pras Michel មហាសេដ្ឋីម៉ាឡេស៊ីដែលជាអ្នកនៅពីក្រោយករណីដ៏រសើបនេះគឺលោក Jho Low ហើយមូលហេតុដែលរូបគាត់ចង់ថតរូបជាមួយលោក Barack Obama គឺដើម្បីយករូបថតនោះទៅបន្លំភ្នែកសប្បុរសជនឲ្យចូលរួមបរិច្ចាគប្រាក់ក្នុងមូលនិធិសប្បុរសធម៌ Jho Low សម្រាប់ការគាំទ្រយុទ្ធនាការ Mr Obama’s campaign។ ប្រភពខាងលើបានបន្តថា មហាសេដ្ឋី​ Jho Low ក៏ធ្លាប់បានចាយលុយខុសច្បាប់ប្រហែល ៧០លានដុល្លារផងដែរ នៅក្នុងជំនាន់ដឹកនាំរបស់លោកប្រធានាធិបតី

    April 19, 2023
  • អន្តរជាតិ

    ម៉ាឡេស៊ី​៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានណែនាំឲ្យប្រជាពលរដ្ឋខ្លួនត្រូវពាក់ម៉ាស់ និងអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីឆ្លើយតបជាមួយនឹងបញ្ហាកើនឡើងកម្តៅនិងខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃពុធ ទី ១៩ ខែមេសានេះ។ តំបន់ដែលកំពុងរងការវាយប្រហារដោយបញ្ហាអាកាសធាតុអាក្រក់ខាងលើនេះមានដូចជា ទីក្រុង Johan Setia នៃរដ្ឋ Selangor និងក្រុង Kota Bharu ដែលស្ថិតនៅក្នុងរដ្ឋ Kelantan ភាគខាងជើងប្រទេសម៉ាឡេស៊ី។ បើតាមលោកស្រី Zaliha Mustafa រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា បញ្ហាអាកាសធាតុមិនអំណោយផលនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសអាសន្នធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែបើពលរដ្ឋមិនមានការប្រុងប្រយ័ត្ននោះទេគឺវាអាចបង្កឲ្យពួកគេអាចធ្លាក់ខ្លួនឈឺបាន។ ដើម្បីការពារខ្លួនឲ្យមានសុវត្ថិភាព ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ហានិភ័យខាងលើនេះ ត្រូវពាក់ម៉ាស់ ពាក់មួក ប្រើប្រាស់ឆ័ត្រពេលចេញក្រៅ ញ៉ាំទឹកឲ្យបានច្រើនដើម្បីរក្សាបរិមាណជាតិទឹកនៅក្នុងខ្លួន និងត្រូវកាត់បន្ថយការធ្វើសកម្មភាពនៅខាងក្រៅផ្ទះប្រសិនបើមិនចាំបាច់។

    April 19, 2023
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី ១៩ ខែមេសានេះ។ មន្ទីរពេទ្យដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Beijing Changfeng Hospital ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Fengtai នៃទីក្រុងប៉េកាំងប្រទេសចិន។ ប្រភពខាងលើបានបន្តថា អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងរយៈពេលប្រមាណជាកន្លះម៉ោង​ យ៉ាងណាក្តីក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើប្រាស់ពេលវេលារហូតដល់ ២ម៉ោង ទើបអាចពន្លត់ភ្លើងបានទាំងស្រុង។ នៅក្នុងប្រតិបត្តិការណ៍ជួយជនរងគ្រោះគឺគេបានជួយសង្គ្រោះអ្នកជំងឺចំនួន ៧១នាក់ឲ្យចេញផុតពីអគ្គីភ័យបានទាន់ពេលវេលា ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២៩នាក់នោះនៅមិនទាន់ត្រូវបានគេបង្ហាញជូននៅឡើយទេ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គីភ័យវិញក៏នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ដែរ​ ខណៈអាជ្ញាធរចិនកំពុងបើកការស៊ើបអង្កេតជាបន្ទាន់ដើម្បីស្វែងរកអ្នកទទួលខុសត្រូវចំពោះករណីនេះឲ្យចូលមកដោះស្រាយនៅចំពោះមុខច្បាប់៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 19, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ រលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ១១នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ ហេតុការណ៍អកុសលនេះបានកើតនៅក្នុងអំឡុងពេលដែលរដ្ឋាភិបាលឥណ្ឌាបានរៀបចំវេទិកាសាធារណៈមួយនៅតំបន់ភាគខាងលិចទីក្រុងបុមបៃ ខណៈកម្មវិធីនោះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជា ១លាននាក់។ វេទិកាសាធារណៈនោះត្រូវបានរៀបចំឡើងដោយតម្រូវឲ្យពលរដ្ឋត្រូវអង្គុយនៅក្រោយកម្តៅថ្ងៃដែលមានកម្រិតសីតុណ្ហភាពរហូតដល់ ៣៨អង្សាសេ ហើយពលរដ្ឋត្រូវអង្គុយក្នុងរយៈពេលយ៉ាងយូរ ដើម្បីរង់ចាំទទួលប្រាក់រង្វាន់នៅចុងបញ្ចប់នៃកម្មវិធី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គឺមានពលរដ្ឋចំនួន ២០នាក់ផ្សេងទៀតបានដួលសន្លប់និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ខណៈពលរដ្ឋប្រមាណជា ៣០០នាក់បានធ្លាក់ខ្លួនឈឺ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីឆ្នាំ ២០១០មក គឺមានពលរដ្ឋឥណ្ឌាប្រមាណជា ៦,៥០០នាក់ហើយ​ ដែលបានស្លាប់ព្រោះតែរលកកម្តៅ៕   អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    April 18, 2023