- Pheakdey
- អន្តរជាតិ
តៃវ៉ាន់៖ រដ្ឋាភិបាលកោះតៃវ៉ាន់គ្រោងនឹងបញ្ជាទិញមីស៊ីលសម្រាប់បាញ់នាវាចំនួន ៤០០គ្រាប់ពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអង្គារ ទី១៨ ខែមេសានេះ។ ការបញ្ជាទិញមីស៊ីលនៅក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានកោះតៃវ៉ាន់បញ្ជាក់ថា ទុកសម្រាប់ប្រើប្រាស់ប្រឆាំងនឹងការគំរាមគំហែងពីសំណាក់ប្រទេសចិន ដែលជារឿយៗចិនតែងដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតំបន់ឆ្នេរសមុទ្រជុំវិញកោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា មីស៊ីលទាំង ៤០០គ្រាប់នោះមានតម្លៃសរុបចំនួន ១,១៧ពាន់លានដុល្លារ ខណៈកិច្ចសន្យាទិញ-លក់មីស៊ីលទាំងនេះនឹងធ្វើឡើងជាច្រើនដំណាក់កាល ពោលគឺកិច្ចសន្យានឹងត្រូវបញ្ចប់សុពលភាពរហូតដល់ឆ្នាំ ២០២៩ឯណោះ។ គួររម្លឹកជូនថា កាលពីថ្មីៗនេះចិនបានបញ្ជូនកងទ័ពរបស់ខ្លួនឲ្យទៅធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ជាថ្មីម្តង ក្រោយលោកស្រីប្រធានាធិបតីតៃវ៉ាន់បានអញ្ចើញចូលជួបជាមួយនឹងអ្នកនាំពាក្យសេតវិមានអាមេរិក ហើយនៅក្នុងការធ្វើសមយុទ្ធយោធានោះចិនថែមទាំងបានប្រើប្រាស់គ្រាប់ពិតទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 18, 2023 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានសម្រេចកែប្រែយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មួយចំនួន ដើម្បីឆ្លើយតបនឹងកំណើននៃអ្នកឆ្លងថ្មីនៅឱកាសនៃពិធី “បុណ្យសង្ក្រាន្ត” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ យុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ថ្មីនោះគឺអាជ្ញាធរថៃនឹងធ្វើការកំណត់ក្រុមមានហានិភ័យខ្ពស់នៃការឆ្លងជំងឺ ខណៈក្រុមពលរដ្ឋទាំងនេះនឹងត្រូវបានលើកទឹកចិត្តឲ្យមកចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន។ បើតាមលោកវេជ្ជបណ្ឌិត Tares Krassanairawiwong ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា កាលពីសប្តាហ៍មុនអាជ្ញាធរថៃបានរកឃើញករណីឆ្លងថ្មីចំនួន ៤៣៥នាក់ ឬគិតជាមធ្យមមានអ្នកឆ្លងថ្មីប្រហែលជា ៦២នាក់ក្នុងមួយថ្ងៃ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួនអ្នកឆ្លងថ្មីនេះនឹងបន្តកើនឡើងយ៉ាងគំហុកក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីថៃរួច។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្រុមអ្នកជំនាញថៃកំពុងមានការព្រួយបារម្ភចំពោះករណីឆ្លងនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីចុងក្រោយមួយប្រភេទគឺមេរោគបំប្លែងខ្លួនប្រភេទ XBB.1.16 ដែលជាប្រភេទមេរោគដ៏មានគ្រោះថ្នាក់មួយបំប្លែងខ្លួនចេញពីមេរោគអូមីក្រុង៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 17, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កងទ័ពជើងទឹកនៃប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ សមយុទ្ធយោធាដែលប្រទេសធំៗចំនួន ៣កំពុងធ្វើរួមគ្នានៅពេលនេះគឺជាសមយុទ្ធបែបការពារជាតិ និងផ្តោតសំខាន់ទៅលើការការពារពីការវាយប្រហារដោយមីស៊ីល។ ប្រភពខាងលើបានបន្តថា សមយុទ្ធយោធាបែបការពារការវាយប្រហារដោយមីស៊ីលខាងលើនេះគឺត្រូវបានរៀបចំឡើងនៅក្នុងគោលបំណងជាក់លាក់រួមគ្នាមួយគឺដើម្បីប្រឆាំងនឹងកូរ៉េខាងជើង ដែលតែងតែបាញ់មីស៊ីលគំរាមពិភពលោក។ គួរបញ្ជាក់ជូនថា សមយុទ្ធយោធាខាងលើនេះត្រូវបានរៀបចំឡើងនៅក្នុងតំបន់ដែនសមុទ្រអន្តរជាតិរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ខណៈនៅក្នុងសមយុទ្ធយោធានេះអាមេរិកនឹងប្រើប្រាស់សាកល្បងនូវប្រព័ន្ធចាប់មីស៊ីលដែលទំនើបនិងចុងក្រោយបំផុតរបស់ខ្លួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 17, 2023 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនសម្រេចលុបចោលវិញហើយនូវការទាញសញ្ញាអាសន្នបន្ទាន់ជុំវិញករណីដែលប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ១គ្រាប់កាលពីព្រឹកមិញ នេះបើយោងតាមសេចក្តីរាយការណ៍ចុងក្រោយមួយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះ។ ទន្ទឹមនឹងការលុបចោលការទាញសញ្ញាអាសន្ននោះ អាជ្ញាធរជប៉ុនបានបញ្ជាក់ថា សំឡេងរោទិ៍នៃសញ្ញាអាសន្នកាលពីព្រឹកមិញនេះគឺបានបន្លឺឡើងដោយសារតែកំហុសបច្ចេកទេសប៉ុណ្ណោះ។ គួរកត់សម្គាល់ថា កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះ ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយចំនួនមួយគ្រាប់ទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះហុកកៃដូរបស់ជប៉ុន។ ភ្លាមៗក្រោយមីស៊ីលបានផ្ទុះនៅលើផ្ទៃសមុទ្រ គឺគេបានឮសំឡេងរោទិ៍នៃសញ្ញាអាសន្នដែលអាជ្ញាធរកោះហុកកៃដូបានបន្លឺឡើង ហើយតាមរយៈសញ្ញាអាសន្ននោះគឺតម្រូវឲ្យពលរដ្ឋនៅក្នុងតំបន់កើតហេតុត្រូវប្រញាប់រត់ចេញពីផ្ទះ ឬពីកន្លែងធ្វើការដើម្បីទៅសម្ងំលាក់ខ្លួននៅក្នុងកន្លែងសុវត្ថិភាពដែលអាជ្ញាធរបានរៀបចំទុកជូនពួកគេក្នុងគ្រាមានអាសន្ន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 13, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់មីស៊ីលគួរឲ្យភ្ញាក់ផ្អើលមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះ។ មីស៊ីលដែលព្យុងយ៉ាងបានបាញ់នោះត្រូវបានក្រុមអ្នកជំនាញអះអាងថា អាចជាប្រភេទមីស៊ីលបាលីស្ទីកសម្រាប់បាញ់ក្នុងរយៈចម្ងាយមធ្យម ឬក្នុងរយៈចម្ងាយឆ្ងាយ។ ប្រភពខាងលើបានបន្តថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះហាក់មានឥទ្ធិពលខ្លាំងខុសពីការបាញ់សាកល្បងមុនៗ ពោលគឺវាបានធ្វើឲ្យអាជ្ញាធរជប៉ុនសម្រេចទាញសញ្ញាអាសន្នជាបន្ទាន់ផងដែរ។ តំបន់ដែលបានទទួលសញ្ញាអាសន្ននោះគឺតំបន់ភាគខាងជើងនៃកោះហុកកៃដូ ហើយតាមរយៈការទាញសញ្ញាអាសន្ននោះគឺតម្រូវឲ្យពលរដ្ឋត្រូវរត់ចេញពីផ្ទះដើម្បីទៅរកកន្លែងលាក់ខ្លួនមានសុវត្ថិភាពដែលអាជ្ញាធរបានរៀបចំទុក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 13, 2023 - ព័ត៌មានជាតិ
ជប៉ុន៖ បុគ្គលិកបម្រើការងារនៅក្នុងហាងកាហ្វេមួយកន្លែងត្រូវបានបញ្ឈប់ពីការងារជាបន្ទាន់ ក្រោយអ្នកគ្រប់គ្រងហាងបានរកឃើញថា បុគ្គលិករោគចិត្តរូបនេះបានលួចដាក់ឈាមរបស់ខ្លួននៅក្នុងស្រាក្រឡុក (Cocktail) ដើម្បីឲ្យភ្ញៀវពិសារ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងកាហ្វេ The Mondaiji Con Cafe Daku ដែលស្ថិតនៅក្នុងតំបន់ Susukino ភាគខាងលិចប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា នៅក្នុងហាងកាហ្វេខាងលើនេះមានការផ្តល់ជូនកម្មវិធីទទួលទានស្រាក្រឡុកពិសេសមួយ ដោយអតិថិជនគ្រាន់តែចំណាយប្រាក់ ២,៥០០យេន (១៩ ដុល្លារ) នោះពួកគេនឹងមានសិទ្ធអាចញ៉ាំស្រាក្រឡុកបានគ្រប់ប្រភេទនៅក្នុងរយៈពេល ១ម៉ោង។ កម្មវិធីផ្តល់ជូនពិសេសនេះទំនងជាបានធ្វើឲ្យអ្នកក្រឡុកស្រាមិនសូវសប្បាយចិត្តនោះទេ ដ្បិតពួកគេនឹងត្រូវមមាញឹកនឹងការងារជាធម្មតា។ យ៉ាងណាក្តី គេមិនបានដឹងពីមូលហេតុជាក់លាក់ដែលជម្រុញឲ្យអ្នកក្រឡុកស្រាក្នុងករណីខាងលើនេះសម្រេចចិត្តលួចដាក់ឈាមក្នុងខ្លួនឯងក្នុងកែវស្រាឲ្យភ្ញៀវទទួលទាននោះទេ ខណៈសកម្មភាពដ៏ចម្លែកនេះអាចបង្កការចម្លងមេរោគខ្ពស់បំផុតក្នុងករណីដែលបុគ្គលិកជាអ្នកក្រឡុកស្រានោះមានផ្ទុកនូវមេរោគណាមួយដែលអាចបង្កការចម្លងតាមរយៈឈាម៕ អត្ថបទ៖
April 13, 2023 - អន្តរជាតិ
ថៃ៖ ភ្ញៀវទេសចរអន្តរជាតិ និងពលរដ្ឋថៃរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងនាំគ្នាអបអរពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ឬជាបុណ្យចូលឆ្នាំប្រពៃណីថៃ ដែលនឹងឈានចូលមកដល់នៅចុងសប្តាហ៍នេះ។ តាមគម្រោងផ្លូវការគឺថៃនឹងប្រារព្ធពិធី “សង្ក្រាន្តឆ្នាំថ្មី” ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៣ រហូតដល់ ថ្ងៃសោរ៍ ទី ១៥ ខែមេសា តែកាលពីសប្តាហ៍មុនរដ្ឋាភិបាលថៃបានសម្រេចបន្ថែមថ្ងៃឈប់សម្រាកនៅទូទាំងប្រទេសមួយថ្ងៃបន្ថែមទៀតគឺនៅថ្ងៃចន្ទ ទី១៧ ខែមេសា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋខ្លួនអាចមានពេលវេលាឈប់សម្រាកបានយូរ ពោលគឺមានរយៈពេលចំនួន ៥ថ្ងៃជាប់គ្នា។ មុនពេលពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ចូលមកដល់ សកម្មភាពទិញ-លក់ ខោអាវ អាហារ សម្ភារៈកំសាន្ត សេវាកំសាន្ត ការស្នាក់នៅ និងទំនិញផ្សេងៗត្រូវគេកត់សម្គាល់ថា មានការកើនឡើងយ៉ាងគំហុក ហើយការធ្វើដំណើរតាមមធ្យោបាយផ្សេងៗ និងជាពិសេសគឺការធ្វើដំណើរតាមជើងហោះហើរនោះក៏មានភាពមមាញឹកគួរឲ្យកត់សម្គាល់ផងដែរ។
April 12, 2023 - អន្តរជាតិ
អ៉ីតាលី៖ រដ្ឋាភិបាលនៃប្រទេសអ៉ីតាលីបានសម្រេចប្រកាសអាសន្នជុំវិញករណីជនអន្តោប្រវេសន៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសានេះ។ ការប្រកាសអាសន្ននេះត្រូវបានធ្វើឡើងក្រោយជនអន្តោប្រវេសន៍ជាច្រើននាក់បានសម្រុកឆ្លងដែនចូលក្នុងទឹកដីអ៉ីតាលីយ៉ាងគំហុក ពោលគឺលំហូរនៃជនអន្តោប្រវេសន៍ទាំងអស់នោះមានចំនួនច្រើនលើសពីការគ្រប់គ្រងរបស់អាជ្ញាធរអ៉ីតាលី។ បើតាមលោក Nello Musumeci រដ្ឋមន្រ្តីក្រសួងការពារដែនសមុទ្រនិងជនស៊ីវិលបានបញ្ជាក់ថា ជនអន្តោប្រវេសន៍ទាំងអស់នោះបានធ្វើការភៀសខ្លួនចូលមកកាន់ទឹកដីអ៉ីតាលីដោយធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ខណៈបើគិតចាប់តាំងពីខែតុលា ឆ្នាំ២០២២ រហូតមកទល់នឹងពេលនេះ គឺអាជ្ញាធរអ៉ីតាលីបានទទួលជនអន្តោប្រវេសន៍ប្រមាណជា ៣១,៣០០នាក់ហើយ។ គួរបញ្ជាក់ជូនថា ចំនួនដ៏ច្រើននៃជនអន្តោប្រវេសន៍ទាំងអស់នេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយរបស់អាជ្ញាធរអ៉ីតាលី ហើយក្រោយការប្រកាសអាសន្នជុំវិញបញ្ហានេះ គឺអាជ្ញាធរអ៉ីតាលីនឹងទទួលបានកញ្ចប់ថវិកាគាំទ្រចំនួន ៧,២លានដុល្លារ សម្រាប់យកមកដោះស្រាយបញ្ហាផ្សេងៗក្នុងចំណោមជនអន្តោប្រវេសន៍នៅក្នុងរយៈពេល ៦ខែ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 12, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ភ្លើងបានឆាបឆេះព្រៃមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងឆាប់រហ័ស និងបានបង្ខំឲ្យពលរដ្ឋប្រមាណជា ៣០០នាក់ត្រូវបង្ខំចិត្តរត់ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី១១ ខែមេសានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ព្រៃក្នុងទីក្រុង Gangneung ភាគខាងលិចនៃប្រទេសកូរ៉េខាងត្បូង ខណៈក្រុងមួយនេះមានពលរដ្ឋរស់នៅសរុបប្រមាណជា ២០០,០០០នាក់។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូងបានបញ្ជាក់ថា ភ្លើងបានចាប់ផ្តើមឆេះតាំងតែពីម៉ោង ៨ និង ៣០នាទីព្រឹកមកម្លេះ ហើយមូលហេតុដែលបង្កឲ្យភ្លើងឆេះគឺបណ្តាលមកពីអាធាតុឡើងកម្តៅខ្ពស់ខ្លាំងពេករហូតបង្កឲ្យមានភ្លើងឆេះព្រៃដោយខ្លួនឯង។ ប្រភពខាងលើបានបញ្ជាក់ថា ពលរដ្ឋប្រហែលជា ៣០០នាក់ ដែលបានរត់ភៀសខ្លួននោះគឺបានទៅដល់កន្លែងមានសុវត្ថិភាពទាំងអស់គ្នាហើយ ខណៈគិតត្រឹមពេលនេះគឺគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះធ្ងន់ធ្ងរនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 11, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ និយតករប្រឆាំងនឹងបទល្មើលរំលោភលើទំនុកចិត្តរបស់ប្រទេសកូរ៉េខាងត្បូងបានសម្រេចធ្វើការផាកពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ៤២,១ ពាន់លានវ៉ុន (៣១,៨៨លានដុល្លារ) ក្រោយបានរកឃើញថា ក្រុមហ៊ុនរបស់អាមេរិកមួយនេះបានទប់ស្កាត់មិនឲ្យគេស្វែងរកហ្គេមមួយចំនួន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសានេះបានបញ្ជាក់ថា ហ្គេមដែលបានរងផលប៉ះពាល់ពីសកម្មភាពមិនស្មោះត្រង់របស់ក្រុមហ៊ុន Google នោះមានដូចជា ហ្គេម Netmarble, Nexon, NCSOFT និងប្រភេទហ្គេមតូចៗជាច្រើនទៀត។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងនៅក្រោមរូបភាពថា ក្រុមហ៊ុនហ្គេមបានបង់ប្រាក់ត្រឹមត្រូវឲ្យទៅក្រុមហ៊ុន Google ដើម្បីដាក់លក់ហ្គេមរបស់ពួកគេនៅលើ Google Play ដែលជាប្រភពសម្រាប់ទាញយកកម្មវិធីផ្សេងៗចំពោះទូរស័ព្ទប្រព័ន្ធ Android។ យ៉ាងណាក្តី ក្រុមហ៊ុន Google មិនបានដាក់បង្ហាញហ្គេមមួយចំនួនឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់នោះទេ ខណៈសកម្មភាពនេះបានធ្វើឲ្យក្រុមហ៊ុនផលិតហ្គេមមួយចំនួនត្រូវខាតបង់ប្រាក់យ៉ាងច្រើននៅក្នុងទីផ្សារលក់ហ្គេមនៅជុំវិញពិភពលោក។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២១ កន្លងទៅ គណៈកម្មាការពាណិជ្ជកម្មយុត្តិធម៌កូរ៉េធ្លាប់បានពិន័យក្រុមហ៊ុន Google
April 11, 2023









