Pheakdey
  • អន្តរជាតិ

    អាមេរិក៖ ជាទូទៅករណីចោរប្លន់ត្រូវបានគេចាត់ទុកជារឿងគួរឲ្យភ័យខ្លាចនិងគ្រោះថ្នាក់មួយ​ តែសម្រាប់ករណីប្លន់មួយនេះបានក្លាយជារឿងគួរឲ្យអស់សំណើចទៅវិញ ក្រោយបុរសជាចោរម្នាក់បានដើរចូលទៅក្នុងហាងធ្វើក្រចកមួយកន្លែងដើម្បីប្លន់យកប្រាក់ តែគ្មានអ្នកណាម្នាក់និយាយជាមួយគាត់ ខ្លាចគាត់ ឬផ្តល់ប្រាក់តាមការសម្លុតរបស់គាត់ឡើយ ហើយចុងក្រោយគាត់បានត្រឹមដើរចេញទៅវិញដោយគ្មានបានអ្វីសោះ ក្រៅតែពីការតាមចាប់ខ្លួនរបស់ប៉ូលិស។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដាបានឲ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ តាមរយៈវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងធ្វើក្រចកឈ្មោះ Nail First ដែលជាកន្លែងកើតហេតុបានបង្ហាញថា នៅក្នុងហាងនោះមានមនុស្សស្រី ៣នាក់កំពុងអង្គុយនៅលើកៅអី និងមានបុរសម្នាក់កំពុងឈរនៅកន្លែងគិតលុយ។ បន្តិចក្រោយមក ស្រាប់តែមានបុរសម្នាក់ដើរចូលទៅក្នុងហាងដោយដៃម្ខាងបានកាន់កាតាបមួយផងនោះនិងបានស្រែកគំរាមថា គ្រប់គ្នាត្រូវប្រមូលលុយមកឲ្យគាត់។ យ៉ាងណាក្តី មនុស្សគ្រប់គ្នាដែលមានវត្តមាននៅក្នុងបន្ទប់នោះហាក់មិនតក់ស្លុតអ្វីទាល់សោះ​ ខណៈមានស្រ្តីម្នាក់បានលើកដៃនិងដើរចេញទៅក្រៅបន្ទប់។ ដោយគ្មានអ្នកណាខ្លាច និងគ្មានអ្នកនិយាយឆ្លើយឆ្លងជាមួយនោះ បុរសជាចោរក៏បានដើរចេញពីបន្ទាប់វិញយ៉ាងលឿនតែម្តង។

    July 10, 2023
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ទីក្រុងព្យុងយ៉ាងបានធ្វើការថ្តោលទោសចំពោះសហរដ្ឋអាមេរិកយ៉ាងខ្លាំង ក្រោយអាមេរិកបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកទៅកាន់ឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដានេះ។ បើតាមទីក្រុងព្យុងយ៉ាងបានអះអាងថា ទង្វើរបស់អាមេរិកបានកំពុងតែជំរុញឲ្យសង្គ្រាមនុយក្លេអ៊ែរជិតកើតឡើងជាការពិតហើយ។ បើតាមអ្នកនាំពាក្យឲ្យរដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់ថា ការបញ្ជូននាវាដែលមានផ្ទុកនូវអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅកាន់ឧបទ្វីបកូរ៉េនៅពេលនេះ គឺមានចេតនាចង់បង្កាច់បង្ខូច ឬទម្លាក់កំហុសឲ្យប្រទេសកូរ៉េខាងជើងថា ជាអ្នកបង្កឲ្យមានការគំរាមគំហែងដល់សន្តិសុខពិភពលោកផងដែរ។ អ្នកនាំពាក្យដដែលនេះបានបន្តទៀតថា  ថ្មីៗនេះយន្តហោះដែលជាឈ្លបយកការណ៍របស់អាមេរិកក៏បានហោះកាត់ដែនអាកាសរបស់កូរ៉េខាងជើងនៅត្រង់តំបន់សមុទ្រខាងកើតដោយគ្មានការអនុញ្ញាតផងដែរ ខណៈកូរ៉េខាងជើងមិនធានាថា នឹងគ្មានការបាញ់ទម្លាក់នោះទេ ប្រសិនបើសកម្មភាពដដែលនេះបានកើតឡើងសារជាថ្មីម្តងទៀត៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 10, 2023
  • អន្តរជាតិ

    ជប៉ុន៖ ព្យុះភ្លៀងដ៏អាក្រក់មួយបានកំពុងតែផ្តល់ការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងតំបន់កោះភាគខាងត្បូងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដានេះ។ ឥទ្ធិពលនៃព្យុះភ្លៀងបានបណ្តាលឲ្យកើតមានបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សជាច្រើនកន្លែង និងបានបំផ្លាញសម្បត្តិសាធារណៈដូចជាអគារ និងស្ពានអស់មួយចំនួនផងដែរ។ បើយោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា ក្នុងអំឡុងពេលបាក់ដីនោះបានបណ្តាលឲ្យស្រ្តីជនជាតិជប៉ុនម្នាក់អាយុជាង ៧០ឆ្នាំ ដែលកំពុងសម្ងំនៅក្នុងផ្ទះរបស់គាត់ក្នុងអាណាខេត្ត Fukuoka ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ នៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ អាជ្ញាធរជប៉ុនបានធ្វើការណែនាំឲ្យពលរដ្ឋខ្លួនរាប់ម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនដើម្បីគេចចេញពីគ្រោះថ្នាក់ផ្សេងៗរហូតដល់ពេលដែលអាកាសធាតុអាចត្រលប់មករកភាពប្រក្រតីឡើងវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 10, 2023
  • អន្តរជាតិ

    ​សិង្ហបុរី៖ រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានធ្វើការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងការប្រលងថ្នាក់ជាតិ ពោលគឺប្រើប្រាស់ការប្រលងអេឡិចត្រូនិចជំនួសឲ្យការប្រលងបែបបុរាណដែលបេក្ខជនត្រូវប្រើប្រាស់ប៊ិកនិងក្រដាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែកក្កដានេះ។ នៅក្នុងការប្រលងអេឡិចត្រូនិចនេះគឺសិង្ហបុរីនឹងប្រើប្រាស់កុំព្យួទ័រដៃ (Laptop) សម្រាប់ឲ្យបេក្ខជនធ្វើការប្រលងលើគ្រប់វិញ្ញាសាទាំងអស់ រួមទាំងវិញ្ញាសាផ្ទាល់មាត់ផងដែរ។ បើតាមក្រសួងអប់រំសិង្ហបុរីបានបញ្ជាក់ថា  E-exam ឬការប្រលងអេឡិចត្រូនិច គឺជាជម្រើសដ៏ល្អប្រសើរមួយនៅក្នុងពេលបច្ចុប្បន្ននេះ ពោលគឺជាអំឡុងពេលដែលពិភពលោកកំពុងតែព្យាយាមប្រើប្រាស់បច្ចេកវិទ្យាមកជំនួយកម្លាំងពលកម្ម​មនុស្ស។ ការប្រលងអេឡិចត្រូនិចមិនត្រឹមតែផ្តល់ភាពងាយស្រួលសម្រាប់បេក្ខជនប្រលងនោះទេ តែវាក៏ផ្តល់ភាពងាយស្រួលក្នុងការកែវិញ្ញាសាប្រលងផងដែរ ដោយគេនឹងត្រូវការអ្នកកែវិញ្ញាសាក្នុងចំនួនតិច និងត្រូវការពេលវេលាខ្លីជាងការកែវិញ្ញាសានៅលើក្រដាសប្រលង៕ អត្ថបទ៖ ភក្តី ប្រលង៖ The Strait Time

    July 8, 2023
  • អន្តរជាតិ

    អាមេរិក៖ អង្គការសហប្រជាជាតិ (UN) បានធ្វើការថ្កោលទោសជាថ្មីម្តងទៀតជុំវិញការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយភ្លើងសង្គ្រាមបានអូសបន្លាយអស់រយៈពេល ៥០០ថ្ងៃហើយ និងគ្មានសញ្ញានៃការបិទបញ្ចប់ទាល់តែសោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែកក្កដានេះ។ នៅក្នុងរបាយការណ៍របស់បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបង្ហាញថា គិតត្រឹមពេលនេះភ្លើងសង្គ្រាមបានសម្លាប់ជនស៊ីវិលអស់ជាង​ ៩,០០០នាក់ ខណៈនៅក្នុងនោះក៏មានកុមារប្រមាណជា ៥០០នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់ជនស៊ីវិលអស់ជារាប់ពាន់ហើយ ភ្លើងសង្គ្រាមដែលបានចាប់ផ្តើមពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២មក បានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនអស់រាប់ពាន់លានដុល្លារ និងបានជះឥទ្ធិអាក្រក់មួយចំនួនទៅកាន់សេដ្ឋកិច្ចពិភពលោកផងដែរ។ សូមបញ្ជាក់ជូនថា ទន្ទឹមនឹងមានការអំពាវនាវឲ្យបិទបញ្ចប់សង្គ្រាមពីសំណាក់អង្គការសហប្រជាជាតិ រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយយោធានិងជំនួយសេដ្ឋកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់យកទៅប្រើប្រាស់នៅក្នុងសមរភូមិ ខណៈអាមេរិកបានសន្យាថានឹងបន្តគាំទ្រប្រទេសអ៊ុយក្រែនគ្រប់បែបយ៉ាងរហូតដល់ភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទាំងស្រុង៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    July 8, 2023
  • អន្តរជាតិ

    ស្វីស៖ “ពួកយើងអាចបម្រើពិភពលោកបានល្អប្រសើរជាងមនុស្ស” នេះជាពាក្យសំដីរបស់មនុស្សយន្តដើរដោយបច្ចេកវិទ្យា AI និយាយនៅក្នុងសន្និសិទ្ធរបស់អង្គការសហប្រជាជាតិ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ ទី៧ ខែកក្កដាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សន្និសិទ្ធខាងលើនេះមានឈ្មោះថា​ Good Global Summit ដែលមានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាមកពីជុំវិញពិភពលោកចំនួន ៣,០០០នាក់។ ប្រភពខាងលើបានបន្តថា គោលបំណងនៃការរៀបចំកិច្ចប្រជុំខាងលើនេះគឺដើម្បីពិភាក្សាអំពីលទ្ធភាព​នៃការទាញយកថាមពលពីបច្ចេកវិទ្យា AI ប្រកបដោយគុណភាពខ្ពស់ និងរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះក្នុងការបម្រើការងារឲ្យពិភពលោកប្រកបដោយសក្តានុពលខ្ពស់បំផុត។ យ៉ាងណាក្តី ទន្ទឹមនឹងការមើលឃើញពីភាពឆ្លាតវ័យដ៏អស្ចារ្យរបស់បច្ចេកវិទ្យា AI ក្រុមអ្នកជំនាញក៏បានរម្លឹកឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់បញ្ញាសិប្បនិមិ្មត្តនេះផងដែរ ដ្បិតវានៅមិនទាន់មានសមត្ថភាពអាចយល់ពីអារម្មណ៍របស់មនុស្សបាននៅឡើយទេ បើទោះជាវាអាចធ្វើការងារគ្រប់បែបយ៉ាងតាមការកំណត់របស់មនុស្សក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    July 8, 2023
  • អន្តរជាតិ

    វៀតណាម៖ រូបភាពមួយសន្លឹកដែលបង្ហាញថា មានស្រ្តីម្នាក់បានអង្គុយ​នៅក្នុងពោងទាំងកំពុងស្លៀកពាក់ឈុតជាក្រមុំកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមនៃប្រទេសវៀតណាម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា សកម្មភាពក្នុងរូបភាពមួយសន្លឹកនេះមិនមែនជាការសម្តែងឡើយ តែវាជាទិដ្ឋភាពជាក់ស្តែងក្នុងពិធីមង្គលការ ដែលបានរៀបចំឡើងក្នុងក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមកាលពីប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាក្តី អត្តសញ្ញាណរបស់កូនកំលោះនិងកូនក្រមុំ ដែលបានសម្រេចរៀបការទាំងមានទឹកលិចនោះមិនត្រូវបានគេបង្ហាញជាសាធារណៈឡើយ។ ប្រភពខាងលើបានបន្តថា តំបន់ភាគខាងត្បូងប្រទេសវៀតណាមកំពុងទទួលរងសម្ពាធទឹកភ្លៀងយ៉ាងខ្លាំង ដែលបង្កឲ្យមានទឹកជន់លិចតំបន់សំខាន់ៗជាច្រើន រួមទាំងក្នុងទីក្រុងផងដែរ។ ដោយសារតែជំនន់ទឹកភ្លៀងបានជន់លិចឆាប់រហ័សខ្លាំងពេក ទើបគេមិនអាចលុបចោលពិធីមង្គលការខាងលើនេះឲ្យ​បានទាន់ពេលវេលានោះទេ ហើយដើម្បីការពារឈុតកូនក្រមុំកុំឲ្យទទឹកនោះ ការដាក់ឲ្យ​គាត់អង្គុយនៅក្នុងពោងជាជម្រើសល្អបំផុត៕ រូបតំណាង អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger

    July 7, 2023
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ ព្យុះមូសុងដ៏កំណាចមួយកំពុងបង្កការគំរាមគំហែងដល់ប្រទេសប៉ាគីស្ថានយ៉ាងខ្លាំង នេះបើយោងតាម​ការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃសុក្រ ទី៧ ខែកក្កដានេះ។ ព្យុះដែលបានកើតមានឡើងតាំងពីថ្ងៃទី ២៥ ខែមិថុនាមក បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្តបន្ទាប់គ្នា​ រហូតធ្វើឲ្យតំបន់ខ្លះត្រូវប្រឈមនឹងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សនិងបង្កឲ្យមានទឹកជំនន់ផងដែរ។ ប្រភពខាងលើបានបន្តថា បាតុភូតធម្មជាតិដ៏ធ្ងន់ធ្ងរនេះបានបណ្តាលឲ្យមានពលរដ្ឋប៉ាគីស្ថានចំនួន ៥០នាក់បានស្លាប់បាត់បង់ជីវិត បើគិតចាប់តាំងពីថ្ងៃទី ២៥ ខែមិថុនារហូតមកទល់នឹងពេលនេះ។ បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ចុះមកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺមានទំហំស្មើនឹង ៧០-៨០% នៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំនៅក្នុងប្រទេសប៉ាគីស្ថាន ហើយ​បរិមាណទឹកភ្លៀងនេះគឺគ្រប់គ្រាន់អាចធ្វើការស្រោចស្រពផលដំណាំរបស់ប្រជាកសិករប៉ាគីស្ថានបានប្រមាណជា ២លាននាក់ផងដែរ។ យ៉ាងណាក្តី ដោយសារតែភ្លៀងបានធ្លាក់មកយ៉ាងគំហុកនោះគឺវាមិនបានផ្តល់ផលប្រយោជន៍ដល់ផលដំណាំរបស់ប្រជាពលរដ្ឋនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 7, 2023
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរក្រុងបាងកកគ្រោងធ្វើបច្ចុប្បន្នភាពក្នុងប្រព័ន្ធការងាររដ្ឋបាលរបស់ខ្លួន​ ដើម្បីពន្លឿនការផ្តល់ជូនសេវាសាធារណៈមួយចំនួនទៅកាន់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សជាងមុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកក្កដានេះ។ បើតាមរបាយការណ៍របស់អាជ្ញាធរក្រុងបាងកកបានបង្ហាញថា ចាប់តាំងពីខែមករារហូតមកដល់ខែមិថុនានេះ គឺមានពលរដ្ឋចំនួន ៧០,០០០នាក់បានមកស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ និងមានពលរដ្ឋចំនួន ៤០០,០០០នាក់បានមកស្នើសុំសេវាចុះបញ្ជីផ្ទះ។  នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញទៀតថា ៥២%ក្នុងចំណោមពលរដ្ឋទាំងអស់ខាងលើនេះ បានចំណាយពេលច្រើនជាង ១៥នាទីក្នុងពេលមកសុំសេវាធ្វើអត្តសញ្ញាណប័ណ្ណ ឬចុះបញ្ជីផ្ទះ ហើយពួកគេត្រូវឈរតម្រង់ជួរយ៉ាងយូរនៅក្រៅការិយាល័យរដ្ឋបាលមូលដ្ឋានក្នុងខណ្ឌចំនួន ៥០ផ្សេងគ្នា។ ផ្អែកលើទិន្នន័យក្នុងរបាយការណ៍ខាងលើនេះ អាជ្ញាធរក្រុងបាងកកបានរកឃើញទៀតថា ភាពយឺតយ៉ាវក្នុងការផ្តល់សេវាសាធារណៈទាំងនោះគឺបណ្តាលមកពីខ្វះខាតបច្ចេកវិទ្យាទំនើបក្នុងការបំពេញការងាររបស់មន្ត្រីនៅតាមមូលដ្ឋាន។ តាមផែនការគឺអាជ្ញាធរក្រុងបាងកកនឹងធ្វើបច្ចុប្បន្នភាពក្នុងការងាររដ្ឋបាលគ្រប់ផ្នែកទាំងអស់ ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈជូនពលរដ្ឋម្នាក់ៗមិនឲ្យលើសពី ១៥នាទីនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    July 7, 2023
  • អន្តរជាតិ

    បារាំង៖ សភាបារាំងបានអនុម័តលើច្បាប់លើថ្មីមួយ ដែលអនុញ្ញាតឲ្យប៉ូសិសអាចធ្វើការតាមដានក្រុមជនសង្ស័យតាមរយៈទូរស័ព្ទដៃបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដានេះ។ តាមរយៈច្បាប់ថ្មីនេះគឺប៉ូលិសបារាំងអាចធ្វើការតាមដានជនសង្ស័យពីចំងាយបាន​​ ពោលគឺប្រើប្រាស់ GPS នៅក្នុងទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗផ្ទាល់ខ្លួនរបស់ពួកគាត់តែម្តង។ ប្រភពខាងលើបានបន្តថា ច្បាប់ថ្មីខាងលើនេះក៏បានអនុញ្ញាតឲ្យប៉ូលិសបារាំងអាចប្រើប្រាស់បច្ចេកទំនើបមួយចំនួនផ្សេងទៀតក្នុងការបំបែកសំណុំរឿងឧក្រិដ្ឋកម្មផងដែរ ដូចជាកាមេរ៉ា មីក្រូហ្វូន ឬកម្មវិធីសំខាន់ៗមួយចំនួន ដែលមាននៅក្នុងទូរស័ព្ទដៃរបស់ពួកគាត់។ បើតាមលោក Eric Dupond-Moretti ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំងបានបញ្ជាក់ថា តាមរយៈច្បាប់ថ្មីនេះនឹងជួយសម្របសម្រួលឲ្យប៉ូលិសបារាំងងាយស្រួលក្នុងការបំបែកសំណុំរឿងឧក្រិដ្ឋកម្មផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចំណេញពេលវេលាផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    July 7, 2023