- Pheakdey
- អន្តរជាតិ
កូសូវ៉ូ៖ ការកើនឡើងនៃតម្លៃថាមពលសកលបានជះឥទ្ធិពលអាក្រក់ទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក ខណៈប្រទេសនីមួយៗអាចប្រឈមនឹងការប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នានិងបានជ្រើសរើសដំណោះស្រាយក្នុងប្រភេទផ្សេងៗគ្នាផងដែរ។ ជាក់ស្តែងការពីថ្ងៃចន្ទ ដើមសប្តាហ៍នេះក្រុមហ៊ុនផ្គត់ផ្គង់ថាមពលនៅប្រទេសកូសូវ៉ូបានសម្រេចកាត់បន្ថយការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅទូទាំងប្រទេស ដ្បិតថាមពលអគ្គិសនីដែលផលិតបានក្នុងស្រុកគឺមានចំនួនតិចតួចមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ហើយថាមពលអគ្គិសនីដែលអាចនាំចូលពីក្រៅប្រទេសបាននោះគឺមានតម្លៃខ្ពស់ខ្លាំងពេក។ នៅចំពោះមុខស្ថានភាពដ៏លំបាកនេះក្រុមផ្គត់ផ្គង់ថាពលធំជាងគេនៅក្នុងប្រទេសកូសូវ៉ូ KEDS បានសម្រេចកាត់បន្ថយការផ្គត់ផ្គង់ថាមពលអគ្គិសនីដោយប្រើរូបមន្ត បើក ៦ម៉ោង និងបិទ ២ម៉ោង។ បើតាមលោក Viktor Buzhala ដែលជាអ្នកនាំពាក្យឲ្យក្រុមហ៊ុន KEDS បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនមានសមត្ថភាពអាចផ្គង់ផ្គង់ថាមអគ្គិសនីបានក្នុងបរិមាណត្រឹមតែ ៥០០MWh/h ប៉ុណ្ណោះ ខណៈតម្រូវការជាក់ស្តែងមានរហូតដល់ ៨០០ MWh/h។ អ្នកនាំពាក្យរូបនេះបានបន្តថា រូបមន្តបើកឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ ៦ម៉ោង និងបិទ ២ម៉ោងនេះ អាចនឹងត្រូវបន្តអនុវត្តក្នុងរយៈពេលយូរបន្ថែមទៀត ពោលគឺរហូតដល់តម្លៃថាមលនៅលើពិភពលោកអាចត្រលប់មកកម្រិតធម្មតាវិញ ឬរហូតដល់ពេលក្រុមហ៊ុនមានថាមពលអគ្គិសនីគ្រប់់គ្រាន់សម្រាប់ផ្គត់ផ្គត់ទៅតាមតម្រូវការជាក់ស្តែង៕
August 16, 2022 - អន្តរជាតិ
ជប៉ុន៖ ប៉ូលិសជនជាតិជប៉ុនម្នាក់បានធ្វេសប្រហែសធ្វើឲ្យបាត់បង់ឯកសារស៊ើបអង្កេតដែលមានព័ត៌មានលំអិតផ្ទាល់ខ្លួនរបស់មនុស្សប្រមាណជា ៤០០នាក់ ក្រោយរូបគាត់បានផឹកស្រាច្រើនជ្រុលរហូតដេកលក់តាមផ្លូវក្នុងពេលធ្វើដំណើរត្រលប់ទៅផ្ទះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង ១១យប់ថ្ងៃសុក្រឆ្លងចូលដល់ព្រឹកម៉ោង ៥ ថ្ងៃសោរ៍ចុងសប្តាហ៍កន្លងទៅនេះ ខណៈអត្តសញ្ញាណពិតប្រាកដរបស់មន្ត្រីប៉ូលិសដែលបានផឹកស្រាស្រវឹងជោគជាំរហូតបាត់បង់ស្មារតីរូបនេះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេដើម្បីរក្សាកិត្តិយសរបស់គាត់។ យ៉ាងណាក្តី គេអាចដឹងត្រឹមថាមន្ត្រីប៉ូលិសរូបនេះមានអាយុ ៤៩ឆ្នាំ មានទីតាំងបំពេញការងារនៅក្នុងអាណាខេត្ត Hyogo ភាគខាងលិចប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុលោកប៉ូលិសវ័យ ៤៩ឆ្នាំរូបនេះបានទទួលទានគ្រឿងស្រវឹងយ៉ាងច្រើនក្រោយពេលចប់ម៉ោងការងារ ហើយរូបគាត់ក៏បានដេកលក់នៅក្នុងស្ថានីយ៍រថភ្លើងមួយកន្លែងតែម្តងក្នុងពេលព្យាយាមត្រលប់ទៅផ្ទះវិញ។ លុះព្រឹកឡើងកាបូបដែលគាត់បានស្ពាយជាប់នឹងខ្លួនមុនពេលស្រវឹងនោះក៏បានបាត់ ខណៈនៅក្នុងកាបូបមានផ្ទុកនូវឯកសារស៊ើបអង្កេតដែលមានព័ត៌មានលំអិតផ្ទាល់ខ្លួនរបស់មនុស្សប្រមាណ ៤០០នាក់ ហើយក្នុងនោះក៏មានទាំងឯកសារលំអិតរបស់ជនសង្ស័យជាឧក្រិដ្ឋជនម្នាក់ផងដែរ។ ក្រោយកើតមានករណីដ៏ហួសចិត្តនេះ លោកប៉ូលិសដែលជាអ្នកធ្វើឲ្យបាត់ឯកសារសំខាន់របស់អាជ្ញាធរជប៉ុនត្រូវបានគេកោះហៅឲ្យមកធ្វើការបំភ្លឺនៅប៉ុស្តិ៍ប៉ូលិស ហើយរូបគាត់ក៏ត្រូវរងនូវការពិន័យមួយចំនួនផងដែរ ដ្បិតរូបគាត់បានប្រព្រឹត្តខុសពីបទបញ្ជានិងវិន័យក្នុងនាមជាមន្ត្រីប៉ូលិសជាតិជប៉ុន៕ អត្ថបទ៖ ភក្តី ប្រភព៖ The
August 15, 2022 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា មានបុរសម្នាក់បានបាញ់សម្លាប់ខ្លួននៅក្បែរវិមានកាពីតូល សហរដ្ឋអាមេរិក ខណៈហេតុការណ៍ដ៏កម្រនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហាម្សិលមិញនេះ។ បុរសដែលបានសម្រេចចិត្តធ្វើអត្តឃាតដោយមិនស្ទាក់ស្ទើរនោះនៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណបាននៅឡើយទេ ហើយហេតុផលចម្បងដែលជំរុញឲ្យរូបគាត់ហ៊ានផ្តាច់ជីវិតខ្លួនឯងដោយមិនស្តាយស្រណោះដូចនេះក៏មិនទាន់ត្រូវបានគេរកឃើញនៅឡើយដែរ។ បើតាមប៉ូលិសប្រចាំការនៅវិមានកាពីតូលអាមេរិកបានឲ្យដឹងថា មុនពេលបាញ់សម្លាប់ខ្លួនបុរសជាជនរងគ្រោះបានបើករថយន្តបំបុករបាំងមួយ ដែលគេដាក់ឃាំងមិនឲ្យរថយន្តឆ្លងកាត់នៅលើផ្លូវផ្នែកខាងកើតនៃវិមានកាពីតូល និងទម្លុះចូលទៅដល់ផ្លូវទី ២ ដែលជាផ្លូវនៅជាប់នឹងវិមានកាតូលតែម្តង។ បន្ទាន់មកគាត់ក៏បានចុះពីលើរថយន្តហើយដកកាំភ្លើងបាញ់លើរថយន្ត និងបាញ់ទៅលើអាកាសអស់ជាច្រើន និងចុងក្រោយក៏បានសម្លាប់ខ្លួនឯងតែម្តង។ សូមបញ្ជាក់ជូនថា ថ្មីៗនេះនៅអាមេរិកកំពុងមានរឿងចម្រូងចម្រាស់មួយចំនួនបានកើតឡើងដូចជា ការសម្រេចរបស់តុលាការកំពូលអាមេរិកជុំវិញច្បាប់រំលូតកូនដែលធ្វើឲ្យពលរដ្ឋជាច្រើនមិនសប្បាយចិត្តនិងមានការតវ៉ា ហើយរឿងមួយទៀតគឺប៉ូលិស FBI បានចុះទៅរឹបអូសយកប្រអប់មួយចំនួននៅឯរមណីដ្ឋានរបស់អតីតប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ ដ្បិតនៅក្នុងប្រអប់ទាំងនោះមានផ្ទុកនូវឯកសារសំខាន់ជាច្រើនរបស់រដ្ឋាភិបាលអាមេរិក។ យ៉ាងណាក្តី ពេលនេះប៉ូលិសអាមេរិកកំពុងបើកការស៊ើបអង្កេតជាពិសេសមួយជុំវិញករណីដ៏រសើបនេះហើយ ដើម្បីស្វែងរកឲ្យឃើញមូលហេតុពិតប្រាកដ
August 15, 2022 - អន្តរជាតិ
របាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអាទិត្យ ទី១៤ ខែសីហានេះបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហាក្នុងឆ្នាំ ២០២២នេះអឺរ៉ុបបានជួបប្រទះនូវបអញ្ហាភ្លើងឆេះព្រៃអស់ច្រើនបំផុត ពោលគឺជាកំណត់ត្រាថ្មីដែលភ្លើងបានបំផ្លាញព្រៃក្នុងផ្ទៃដីដ៏ធំមិនធ្លាប់មាន។ បើយោងតាមសេវាត្រួតពិនិត្យផ្កាយរណបរបស់សហភាពអឺរ៉ុបបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហានេះគឺអគ្គិភ័យបានលេបត្របាក់អស់ព្រៃក្នុងព្រៃដីប្រមាណជា ៦៦០,០០០ ហិចតារួចទៅហើយ ខណៈអគ្គិភ័យអាចនឹងបន្តឆាបឆេះព្រៃក្នុងរយៈពេលយូរបន្ថែមទៀតផងដែរ។ បើធ្វើការប្រៀបធៀបកាលពីឆ្នាំ ២០១៧ ដែលជាឆ្នាំមានភ្លើងឆេះនៅតំបន់អឺរ៉ុបខ្លាំងដែរនោះ គឺគិតត្រឹមពាក់កណ្តាលខែសីហាដូចគ្នានេះភ្លើងបានលេបត្របាក់អស់ព្រៃប្រមាណជា ៤២០,៩១៣ហិចតាប៉ុណ្ណោះ តែភ្លើងបានបន្តឆេះរហូតដល់ចុងឆ្នាំហើយបើគិតដល់ពេលដែលភ្លើងអាចរលត់អស់ទាំងស្រុងនោះគឺព្រៃដែលបានបំផ្លាញសរុបមានទំហំរហូតដល់ ៩៨៨,០៨៧ ហិចតាឯណោះ។ សូមបញ្ជាក់ជូនថា ប្រទេសនៅតំបន់អឺរ៉ុបដែលកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃនៅពេលនេះមានដូចជា អូទ្រីស ក្រូអាត បារាំង ក្រិក អ៊ីតាលី ព័រទុយហ្គាល់ និងអេស្ប៉ាញជាដើម៕ អត្ថបទ៖ ភក្តី
August 14, 2022 - អន្តរជាតិ
វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៤ ខែសីហានេះបានឲ្យដឹងថា វៀតណាមគ្រោងនឹងសាងសង់ផ្លូវរត់ភ្លើងល្បឿនលឿនមួយខ្សែកាត់តាមបណ្តោយប្រទេសរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ៥៨,៧ ពាន់លានដុល្លារអាមេរិក។ បើតាមក្រសួងដឹកជញ្ជូនវៀតណាមបានបញ្ជាក់ថា ក្រសួងនឹងបញ្ជូនសំណើសុំបង្កើតផ្លូវរត់ភ្លើងនេះទៅកាន់ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាមនៅខែក្រោយ ហើយគេរំពឹងថាសេចក្តីសម្រេចផ្លូវនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់រហ័សផងដែរ។ ប្រភពខាងលើបានបន្តថា ផ្លូវរត់ភ្លើងល្បឿនលឿនដែលតម្លៃដ៏ច្រើនសម្បើមមួយខ្សែរនោះគឺមានប្រវែងសរុប ១,៥៤៥ គីឡូម៉ែត្រ ខណៈការសាងសង់នឹងត្រូវបែងចែកជា ២ដំណាក់កាល។ នៅក្នុងដំណាក់កាលទី ១ គេនឹងសាងសង់ផ្លូវប្រវែង ៦៦៤គីឡូម៉ែត្រជាមុនសិន ដោយនៅក្នុងដំណាក់កាលនេះគេនឹងប្រើប្រាស់លុយចំនួន ២៤,៧២ពាន់លានដុល្លារអាមេរិក ខណៈផ្លូវរត់ភ្លើងមួយកំណាត់នេះនឹងអាចដាក់ឲ្យប្រើប្រាស់ជាផ្លូវការបាននៅក្នុងឆ្នាំ ២០៣២។ បន្ទាប់មកទើបគេបន្តសាងសង់ផ្លូវរត់ភ្លើងដែលនៅសល់ទាំងអស់ ខណៈគម្រោងទាំងមូល ពោលគឺផ្លូវរត់ភ្លើងសរុបដែលមានប្រវែងរហូតដល់ ១,៥៤៥គីឡូម៉ែត្រនោះនឹងត្រូវបញ្ចប់ការសាងសង់ក្នុងចន្លោះពីឆ្នាំ ២០៤៥-២០៥០៕
August 14, 2022 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហានេះបានប្រកាសថា នឹងជំរុញការធ្វើពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់ឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀត ដើម្បីឆ្លើយតបនឹង “អាកប្បកិរិយាបង្កហេតុ” របស់ទីក្រុងប៉េកាំង។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងនៃការជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងអាមេរិកនិងកោះតៃវ៉ាន់នោះនឹងត្រូវធ្វើឡើងដោយប្រើមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស និងតាមរយៈផ្លូវទឹកដែលជាដែនសមុទ្រនៅជុំវិញកោះតៃវ៉ាន់ផ្ទាល់តែម្តង។ លោក Kurt Campbell ដែលជាអ្នកសម្របសម្រួលកិច្ចអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងធ្វើពាណិជ្ជកម្មថ្មីរវាងរដ្ឋាភិបាលអាមេរិកជាមួយនិងកោះតៃវ៉ាន់នោះនឹងត្រូវបង្ហាញជូនសាធារណៈនៅក្នុងរយៈពេល ២-៣ថ្ងៃខាងមុខនេះ ខណៈសកម្មភាពនៃការធ្វើពាណិជ្ជកម្មជាក់ស្តែងនោះនឹងត្រូវចាប់ផ្តើមនៅក្នុងរយៈ ២-៣សប្តាហ៍បន្ទាប់ទៀតផងដែរ។ គួររម្លឹកជូនថា ភាពតានតឹងរវាងចិននិងអាមេរិកបានកើនឡើងកាន់តែខ្លាំង ក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមរិកបានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍កន្លងទៅនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 13, 2022 - អន្តរជាតិ
ចិន៖ ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មចំពោះមន្ត្រីជាន់ខ្ពស់នៃប្រទេសលីទុយអានីម្នាក់ ដែលបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហានេះ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសលីទុយអានីរូបនោះមានឈ្មោះថា Agne Vaiciukeviciute ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន ហើយលោកស្រីបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីពាក់កណ្តាលសប្តាហ៍នេះ ពោលគឺចំពេលដែលចិនកំពុងខឹងតៃវ៉ាន់ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកផងដែរ។ លោកស្រី Agne Vaiciukeviciute តាមរយៈការដាក់ទណ្ឌកម្មខាងលើនេះគឺប្រទេសចិននឹងផ្អាក់ធ្វើការទំនាក់ទំនងផ្ទាល់ជាមួយលោកស្រី Agne Vaiciukeviciute និងផ្អាកកិច្ចសហប្រតិបត្តិលើការដឹកជញ្ជូនមួយចំនួនរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលលីទុយអានីផងដែរ។ ភ្លាមៗក្រោយពីបានរងនូវទណ្ឌកម្មពីរដ្ឋាភិបាលចិន លោកស្រី Agne Vaiciukeviciute បានថ្លែងថា គាត់ពិតជាសោកស្តាយដែលប្រទេសចិនបានសម្រេចផ្តាច់ទំនាក់ទំនងចំពោះរូបលោកស្រីនិងប្រទេសលីទុយអានីដូចនេះ។ សូមបញ្ជាក់ជូនថា ការដាក់ទណ្ឌកម្មរបស់ចិននៅពេលនេះគឺត្រូវបានគេមើលឃើញថា គឺជាការព្រមានមួយទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបជុំវិញសំណុំរឿងកោះតៃវ៉ាន់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
August 13, 2022 - អន្តរជាតិ
កាណាដា៖ ការសិក្សាមួយបានបង្ហាញថា ក្រុមស្រ្តីដែលមានផ្ទៃពោះគឺមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការមកទទួលយកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ mRNA ដែលជាប្រភេទវ៉ាក់សាំងត្រូវបានបង្កើតឡើងតាមរយៈការកែច្នៃសំណាកដើមរបស់មេរោគដើម្បីបង្កើតទៅជាប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយមនុស្ស។ ការសិក្សាដ៏ពិសេសមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសកាណាដា និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី១២ ខែសីហានេះ។ លទ្ធផលនៃការសិក្សាក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលធំមួយចំពោះក្រុមអ្នកស្រាវជ្រាវផងដែរ ដ្បិតគេបានរកឃើញថា កម្រិតនៃផលប៉ះពាល់ក្រោយពេលចាក់វ៉ាក់សាំងរួចរបស់ក្រុមស្រ្តីទូទៅគឺមានខ្ពស់ជាងក្រុមស្រ្តីដែលមានផ្ទៃពោះទៅទៀត។ ទិន្នន័យជារួមនៅក្នុងការសិក្សាខាងលើនេះបានបង្ហាញថា ផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើងក្នុងចំណោមស្រ្តីពេញវ័យទូទៅក្រោយពេលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩រួច គឺមានកម្រិត ១១% ខណៈនៅចំណោមស្រ្តីមានផ្ទៃពោះវិញគឺកម្រិតនៃផលប៉ះពាល់នេះមានត្រឹម ៧,៣%ប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
August 12, 2022 - អន្តរជាតិ
ឥណ្ឌា៖ ទីក្រុងញូវដេលីនៃប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហាម្សិលមិញនេះបានប្រកាសតម្រូវឲ្យប្រជាពលរដ្ឋត្រូវអនុវត្តវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈជាថ្មីម្តងទៀតហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ កាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរសុខាភិបាលឥណ្ឌា ខណៈទីតាំងដែលនឹងត្រូវមានការរឹតបន្តឹងការពាក់ម៉ាស់ខ្លាំងបំផុតនោះមានដូចជា នៅតាមផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងនៅតាមកម្មវិធីផ្សេងៗដែលមានការប្រមូលផ្តុំមនុស្សច្រើន។ នៅក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់នេះគឺអាជ្ញាធរនឹងធ្វើការពិន័យជាប្រាក់ចំនួន ៥០០រ៉ូពី (៦ដុល្លារអាមេរិក) ចំពោះពលរដ្ឋណាដែលខកខានមិនបានពាក់ម៉ាស់ ឬពាក់ម៉ាស់មិនបានត្រឹមត្រូវម៉ាស់តាមការណែនាំរបស់អាជ្ញាធរ។ សូមបញ្ជាក់ជូនថា វិធានការពាក់ម៉ាស់នេះត្រូវដាក់ចេញក្រោយជំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទីក្រុងញូវដេលីបានផ្ទុះខ្លាំងឡើងវិញគួរឲ្យព្រួយបារម្ភ ហើយនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះក្រុងញូដេលីបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ២,១៤៦នាក់ និងស្លាប់ចំនួន ៨នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 12, 2022 - អន្តរជាតិ
ក្រុមប្រទេសលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហាម្សិលមិញនេះបានសម្រេចរួមគ្នាផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃ ១,៥៥ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការសម្រេចផ្តល់ជំនួយរួមគ្នាក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះត្រូវបានធ្វើឡើងនៅក្នុងសន្និសិទ្ធក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ខណៈក្រុមប្រទេសដែលជាម្ចាស់ជំនួយនោះមានចំនួនសរុប ២៦ប្រទេស។ ប្រភពខាងបានបន្តថា នៅក្នុងជំនួយទាំង ១,៥៥ពាន់លានដុល្លារអាមេរិកនោះនឹងត្រូវបែងចែកជាកញ្ចប់តូចៗសម្រាប់ប្រើប្រាស់ក្នុងគោលដៅមួយចំនួនដែលមានដូចជា ការហ្វឺកហ្វឺនចំពោះក្រុមយោធាអ៊ុយក្រែនឲ្យមានសមត្ថភាពខ្ពស់ជាងមុន ផ្តល់ជូនជាសម្ភាៈសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា ផ្តល់ជូនជាអាវុធ មីស៊ីល គ្រាប់រំសេវ និងការបណ្តុះបណ្តាលផ្នែកសម្អាតមីនជាដើម។ ក្រុមមេដឹកនាំនៃប្រទេសទាំង ២៦ខាងលើនេះក៏បញ្ជាក់ផងដែរថា នឹងបន្តជួយគាំទ្រប្រទេសអ៊ុយក្រែនរហូតដល់សង្គ្រាមត្រូវបានបិទបញ្ចប់ បើទោះជាសង្គ្រាមនោះត្រូវអូសបន្លាយអស់រយៈយូរយ៉ាងណាក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 12, 2022









